A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 6 May 2014

Cambodian Centre for Independent Media (CCIM) to complain to the ICC about the beating of VOD Radio reporter by the security forces នឹង​ប្ដឹង​ទៅ​តុលាការ​ករណី​កង​សន្តិសុខ​វាយ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​VOD

ដោយ ទីន ហ្សាការីយ៉ា 2014-05-06
កង​សន្តិសុខ សង្គ្រោះ​ជាតិ ៦១០
កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ យាម​ការពារ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ហែ​ក្បួន ជិត​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Morm Moniroth
សាលា​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កង​កម្លាំង​សន្តិសុខ​ដែល​មិន​មែន​ជា​កង​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច ទៅ​បង្ក្រាប​ការ​ហែ​ក្បួន​នានា និង​បង្ក្រាប​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម ហើយ​បាន​ប្រើ​អំពើ​ហិង្សា​មិន​រើស​មុខ​នោះ​ឡើយ។ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ឲ្យ​ដឹង​ថា គេ​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ ពី​ករណី​កង​សន្តិសុខ​វាយ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ម្នាក់​រង​របួស​ធ្ងន់​នោះ។
ការ​ប្រកាស​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​នេះ នៅ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ចាត់​ទុក​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន គឺ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។
មេធាវី​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ កំពុង​រៀប​ចំ​ពាក្យ​ប្ដឹង​ដាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​ពី​ករណី​សន្តិសុខ​ខណ្ឌ​ដូនពេញ ប្រើ​អំពើ​ហិង្សា​លើ​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​ឲ្យ​របួស​ធ្ងន់ ក្នុង​ពេល​បំពេញ​បេសកកម្ម។
ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ឧសភា ថា មេធាវី​តំណាង​ឲ្យ​អង្គការ​លោក​កំពុង​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​រក​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​លើ​បុគ្គលិក​របស់​លោក ថា​តើ​ត្រូវ​ប្ដឹង​ទៅ​តុលាការ ប្ដឹង​អភិបាល​រាជធានី​ភ្នំពេញ ឬ​ប្ដឹង​អភិបាល​ខណ្ឌ​ដូនពេញ ក្នុង​ការ​ប្រើប្រាស់​សន្តិសុខ​ប្រើ​អំពើ​ហិង្សា​ធ្វើ​ឲ្យ លោក ឡាយ សាមៀន អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​ទី​២ ឧសភា នោះ។
«សំឡេង»
លោក ណុប វី បន្ថែម​ថា លោក ឡាយ សាមៀន មាន​ស្ថានភាព​ធូរ​ស្រាល​បន្តិច​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​បាន​និយាយ​ស្ដី និង​បរិភោគ​អាហារ​បាន​ស្រួល​នៅ​ឡើយ ពីព្រោះ​លោក​បាន​បាក់​ឆ្អឹង​ថ្ពាល់​ផ្នែក​ខាង​ក្រោម និង​របួស​រួប​រាង​កាយ​ខ្លាំង​ទៀត។ លោក ណុប វី បាន​រំឭក​ថា លោក ឡាយ សាមៀន រង​របួស​នៅ​ខណៈ​លោក​បាន​ថត​រូប​ក្រុម​សន្តិសុខ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ព្រះតេជព្រះគុណ លួន សាវ៉ាត ស្រាប់​តែ​ភ្លាមៗ​នោះ ក្រុម​សន្តិសុខ​ទាំង​នោះ​បាន​បង្វែរ​មក​ដក​ហូត​ម៉ាស៊ីន​ថត ប្រើ​អំពើ​ហិង្សា​លើ លោក ឡាយ សាមៀន វិញ។
«សំឡេង»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​ចង់​ប្ដឹង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន​នេះ ជា​សិទ្ធិ​របស់​ស្ថាប័ន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ប៉ុន្តែ លោក​អះអាង​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ករណី​ប្រើប្រាស់​អំពើ​ហិង្សា​នេះ គឺ​អ្នក​ដែល​ហែ​ក្បួន​កាល​ពី​ថ្ងៃ​ទី​២ ឧសភា គឺ​សំដៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។
«សំឡេង»
ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ដោយ​ចាត់​ទុក​ការ​គំរាម​កំហែង អំពើ​ហិង្សា ការ​រឹប​អូស​សម្ភារៈ និង​ការ​ប្រមាថ​ចំពោះ​អ្នក​សារព័ត៌មាន ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ ក្រសួង​ព័ត៌មាន អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា បាតុករ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច កង​កម្លាំង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ត្រូវ​ប្រកាន់​យក​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព និង​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។
ក្រៅ​ពី​ប្រើ​អំពើ​ហិង្សា​លើ​ព្រះតេជព្រះគុណ លួន សាវ៉ាត និង​លោក ឡាយ សាមៀន ឲ្យ​រង​របួស​ធ្ងន់​នោះ ក្រុម​សន្តិសុខ​ក៏​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​អ្នក​យក​ព័ត៌មាន​ជា​ជន​បរទេស​ម្នាក់​ទៀត​ដែរ។
នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន​នេះ។ លោក​បន្ថែម​ថា សារព័ត៌មាន​ជា​និយាម​មួយ​សម្រាប់​វាស់វែង​នូវ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល តែ​ការ​ប្រើប្រាស់​ការ​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​នេះ ជា​ការ​រុញ​ច្រាន​ឲ្យ​សង្គម​កម្ពុជា ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ។
«សំឡេង»
គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​មាន​អ្នក​សារព័ត៌មាន​ចំនួន ១២​នាក់​ហើយ​ត្រូវ​បាន​គេ​សម្លាប់។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​រក​ឃាតក​ឃើញ​យក​មក​កាត់​ទោស​នៅ​ឡើយ។
អង្គការ​ឃ្លាំ​មើល​សេរីភាព​អន្តរជាតិ ហ្វ្រីឌឹម ហៅស៍ (Freedom House) កាល​ពី​ដើម​ខែ​ឧសភា បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​សិទ្ធិ​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៤ រក​ឃើញ​ថា អង្គការ​ប្រទេស​កម្ពុជា ជាប់​លេខ​រៀង​ទី​១៤៧ ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​១៩៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: