ដោយ៖ កាន់ វិច្ឆិកា | ថ្ងៃអង្គារ ទី27 ឧសភា 2014 |VOD
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធស្អែកនេះ ដើម្បីប្តឹងអាជ្ញាធរដែលជាប់ពាក់ព័ន្ធនឹងករណីវាយអ្នកយកព័ត៌មានVOD កាលពីដើមខែឧសភា។
មន្ត្រីទំនាក់ទំនង និងតស៊ូមតិប្រចាំមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក កាំង តុងងី មានប្រសាសន៍ថា CCIM នឹងបើកឲ្យមានសន្និសីទសារព័ត៌មាននៅមជ្ឈមណ្ឌលផ្ទាល់ នៅវេលាម៉ោង១០ព្រឹកថ្ងៃពុធ ទី២៨ខែឧសភាស្អែកនេះ ស្តីពីការដាក់ពាក្យបណ្តឹងទៅតុលាការ។ លោកមិនទាន់អាចទម្លាយព័ត៌មានថាតើមជ្ឈមណ្ឌល ប្តឹងអ្នកពាក់ព័ន្ធណា ខ្លះ ហើយត្រូវប្តឹងពីបទអ្វីនៅឡើយទេ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង និងលោក ឡាយ សាមាន នឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃពុធស្អែកនេះ។
លោក ឡាយ សាមាន ដែលជាជនរងគ្រោះមានប្រសាសន៍ថា«ខ្ញុំចង់ឲ្យតុលាការរកយុត្តិធម៌ឲ្យ ព្រោះខ្ញុំជាជនរងគ្រោះពិតប្រាកដ។ កងសន្តិសុខខណ្ឌដូនពេញ ជាអ្នកវាយខ្ញុំពិតប្រាកដ»។
អ្នកយកព័ត៌មានVOD លោក ឡាយ សាមាន ត្រូវបានក្រុមសន្តិសុខសាលាខណ្ឌដូនពេញវាយឲ្យរបួស កាលពីថ្ងៃទី០២ខែឧសភា ខណៈលោកកំពុងយកព័ត៌មានពីហេតុការណ៍បង្ក្រាបរបស់អាជ្ញាធរ ទៅលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលជួបជុំនៅក្បែរស្ពាននាគជិតទីលានប្រជាធិបតេយ្យ។លោក បានទៅវះកាត់នៅប្រទេសថៃ ដោយសារផុងថ្ពាល់ក្រោមភ្នែកខាងស្តាំ។
កន្លងទៅ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល ទទួលស្គាល់ថា កងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានវាយទៅលើអ្នកយកព័ត៌មានVOD ក្រោមហេតុផលថា អ្នកសារព័ត៌មាន បានជេរប្រមាថលើកងសន្តិសុខ។កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថាការវាយប្រហាររបស់កងសន្តិសុខលើអ្នកសារព័ត៌មាន VOD លោក ឡាយ សាមាន គឺដោយសារតែអ្នកសារព័ត៌មានរូបនោះ ហៅសន្តិសុខថាជា«ឆ្កែយួន»ក្នុងចំណោមពាក្យប្រមាថដទៃទៀត។
អ្នកសារព័ត៌មាន VOD លោក ឡាយ សាមាន មានប្រសាសន៍ថា លោកមិនបានប្រមាថ ឬពោលពាក្យមិនគប្បីណាមួយទៅកាន់កងសន្តិសុខទាំងនោះទេ។ លោកថា លោកគ្រាន់តែដេញតាមថតរូបកងសន្តិសុខទាំងនោះវាយព្រះអង្គ លួន សុវ៉ាត ប៉ុណ្ណោះ។ លោក ខៀវ កាញារីទ្ធ បានឆ្លើយតបមកកាន់VODតាមរយៈអ៊ីម៉េលដោយទាមទារឲ្យលោក ឡាយ សាមន ស្បថលើករណីនេះ។ លោកបញ្ជាក់ថា «អោយតែគាត់ទៅអុជធូបស្បថនៅព្រះភក្ត្រព្រះអង្គដងទង់ថា គាត់មិនបានប្រើសំដីនោះមែន ខ្ញុំនឹងសូមទោសជាសាធារណៈភ្លាម ។ ម្យ៉ាងទៀត ខ្ញុំមិនបានឃើញរបាយការណ៍អាជ្ញាធរទេ តែជាការអោយដឹងរបស់អ្នក កាសែតឯទៀតដែលនៅទីនោះ»៕
សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈvicheika@vodhotnews.com
No comments:
Post a Comment