ដោយ ហង្ស សាវយុត
2014-04-12
កិច្ចប្រជុំពេញអង្គរបស់គណបក្សនយោបាយដែលជាសមាជិកនៃក្រុមប្រឹក្សាប្រជាធិបតេយ្យសេរីអាស៊ី មកពី ៩ប្រទេស រយៈពេល ៤ថ្ងៃ នាទីក្រុងសៀមរាប នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤។
RFA/Hang Savyouth
គណបក្សប្រឆាំងនៅប្រទេសកម្ពុជា គ្រោងនឹងលើកយកបញ្ហាបាត់បង់ព្រំដែនទឹក ដោយសារប្រទេសវៀតណាម ទៅដាក់ជជែកនៅក្នុងសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាប្រជាធិបតេយ្យសេរី របស់តំបន់អាស៊ី នាទីក្រុងហុងកុង នៅពេលខាងមុខ។ ការបង្ហើបឱ្យដឹងនេះ នៅស្របពេលគណបក្សនយោបាយដែលជាសមាជិកនៃក្រុមប្រឹក្សាប្រជាធិបតេយ្យសេរីអាស៊ីចំនួន ៩ប្រទេស កំពុងជួបប្រជុំគ្នានៅទីក្រុងសៀមរាប។
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ កំពុងដឹកនាំកិច្ចប្រជុំគណបក្សនយោបាយ ដែលជាសមាជិកនៃក្រុមប្រឹក្សាប្រជាធិបតេយ្យសេរីអាស៊ី មកពីប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងខ្លះទៀតមកពីតំបន់អាស៊ីបូព៌ាផង។
ការជួបប្រជុំរយៈពេល ៤ថ្ងៃ នៅក្នុងខេត្តសៀមរាប គឺគណបក្សនយោបាយមកពីប្រទេសថៃ ប្រទេសភូមា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ ហុងកុង សិរីលង្កា និងម៉ុងហ្គោលី បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុដោយសារការបំផ្លាញបរិស្ថាន ការបំផ្លាញព្រៃឈើ ការប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋតាមទន្លេមេគង្គ ដោយសារសាងសង់ទំនប់វារីអគ្គិសនី រួមនិងកិច្ចការពារទៅលើជនជាតិភាគតិច ដែលកំពុងទទួលរងការរំលោភសិទ្ធិដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ក្នុងតំបន់ពួកគេរស់នៅទៅឱ្យក្រុមហ៊ុនផង។
បណ្ដាគណបក្សនយោបាយដែលជាសមាជិកក្រុមប្រឹក្សាប្រជាធិបតេយ្យសេរីអាស៊ី ក៏បានផ្ដួចផ្ដើមរបៀបវារៈស្ដីពីទំនាស់នៅដែនសមុទ្រចិនភាគខាងត្បូង ដើម្បីត្រៀមដាក់ជជែកនៅក្នុងសម័យប្រជុំពេញអង្គ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងហុងកុង នាពេលខាងមុខដែរ។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះដែនទឹកនោះ មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា បានឱ្យដឹងថា គេក៏នឹងលើកយកបញ្ហាបាត់បង់ដែនកោះមួយចំនួន ដោយសារវៀតណាម ទៅដាក់ជជែកដែរ។ អគ្គនាយកទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ គឺអ្នកស្រី មូរ សុខហួរ។ អ្នកស្រីបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១២ ខែមេសា ថា គណបក្សសង្គ្រោះជាតិ មិនដែលបោះបង់ចោលជំហរការពារបូរណភាពទឹកដីទាំងដែនគោក ដែនទឹក និងអាកាសទេ។ អ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថា ប្រធានគណបក្សសង្គ្រោះជាតិ នឹងលើកយកបញ្ហាបាត់បង់ដែនទឹក ដោយសារវៀតណាម ទៅដាក់ជជែកនៅក្នុងកិច្ចប្រជុំពេញអង្គនៃសមាជិកក្រុមប្រឹក្សាប្រជាធិបតេយ្យសេរីអាស៊ី នៅទីក្រុងហុងកុង នាពេលខាងមុខ។
ទោះយ៉ាងណា គណបក្សសង្គ្រោះជាតិ នៅមិនទាន់បញ្ជាក់ឱ្យច្បាស់ថា តើគេនឹងលើកបញ្ហាតំបន់មួយណាឱ្យប្រាកដទេ?៖ «ពេលជួបគ្នានៅហុងកុង យើងនឹងលើកនៅហុងកុង។ ដោយសារលោកប្រធានអត់បានមានប្រសាសន៍ឱ្យច្បាស់ ប៉ុន្តែរឿងកោះត្រល់ រឿងកោះដទៃទៀត ដែលគណបក្សសង្គ្រោះជាតិ តែងតែនិយាយ យើងអត់មានបោះចោលទេ នៅក្នុងបញ្ជីដដែល ប៉ុន្តែអំបាញ់មិញលោកប្រធានអត់បានលើកមកច្បាស់ ខ្ញុំអត់ទាន់ហ៊ាន ខ្ញុំមិនអាចនិយាយបាន»។
មន្ត្រីរដ្ឋាភិបាលហាក់មិនបង្ហាញប្រតិកម្មខ្លាំងក្លាតបតទៅនឹងគណបក្សប្រឆាំង ដែលគ្រោងនឹងលើកយកបញ្ហាបាត់បង់ដែនទឹកទៅជជែកនោះទេ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការដែលគណបក្សសង្គ្រោះជាតិ គ្រោងលើកយកបញ្ហាបាត់បង់ដែនទឹកទៅដាក់ជជែកនោះ គឺគ្រាន់តែជាឆន្ទៈនៃអ្នកដែលមិនស្ថិតនៅក្នុងអំណាចរដ្ឋប៉ុណ្ណោះ៖ «អាហ្នឹងជាសិទ្ធិសេរីភាពរបស់គាត់។ ចំពោះរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍ជាតិ តំបន់ ហើយនិងអន្តរជាតិ ដែលយើងត្រូវធ្វើ។ ចំពោះយើងជាស្ថាប័នជាតិ ហើយក៏ជាស្ថាប័នមួយភ្ជាប់ជាមួយតំបន់ ជាមួយអន្តរជាតិ យើងមិនអាចធ្វើអ្វីក្រៅពីច្បាប់ដែលបានចែងនោះទេ»។
កាលពីខែសីហា ឆ្នាំ២០១៣ កន្លងទៅ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ ធ្លាប់អះអាងថា កោះមួយចំនួនដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់វៀតណាម គឺដោយសារតែសន្ធិសញ្ញាព្រំដែនបន្ថែមរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅក្នុងអំឡុងឆ្នាំ១៩៨២ ដែលកាលណោះដឹកនាំដោយគណបក្សប្រជាជន និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បដិសេធយ៉ាងដាច់អហង្ការថា ការបាត់បង់ព្រំដែនទឹក ដូចជា កោះត្រល់ និងកោះមួយចំនួនទៀតនៅប៉ែកខាងត្បូងខ្សែបន្ទាត់ប្រេវីយេ ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម គឺចាប់តាំងពីឆ្នាំ១៩៣៩។ កាលណោះ គឺជាការដឹកនាំរបស់របបមុនៗ មិនមែនជារបបដែលលោកគ្រប់គ្រងឡើយ៕
No comments:
Post a Comment