ដោយ វណ្ណ វិចារ
2014-03-26
គណបក្សប្រឆាំងប្រកាសប្រមូលផ្តុំមនុស្សធ្វើសមាជជាថ្មីនៅថ្ងៃទី៣០ មីនា ចំថ្ងៃខួបលើកទី១៧ នៃការគប់គ្រាប់បែកបំបែកហ្វូងបាតុករទាមទារកែទម្រង់តុលាការ កាលពី១៧ ឆ្នាំមុន។
មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៦ ខែមីនា ប្រកាសថា គណបក្សនឹងដាក់លិខិតជូនដំណឹងស្ដីពីការជួបជុំទៅកាន់សាលារាជធានីភ្នំពេញ ជម្រាបជូននូវកម្មវិធីសមាជប្រជាជន ដែលគ្រោងនឹងធ្វើដើម្បីប្រមូលមតិយោបល់ពីសំណាក់ប្រជាពលរដ្ឋ។
គណបក្សសង្គ្រោះជាតិ មានគម្រោងប្រារព្ធការជួបជុំមនុស្សធ្វើសមាជប្រជាជន នៅថ្ងៃទី៣០ ខែមីនា ដោយមានមនុស្សប្រមាណពី ៣ពាន់ ទៅ ៥ពាន់នាក់ចូលរួម។
លោក សម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងអំពីគោលបំណងការធ្វើសមាជប្រជាជននេះ ដើម្បីជួបជុំសម្ដែងមតិ និងប្រកាសប្រាប់ពីសមិទ្ធផលដែលថ្នាក់ដឹកនាំបក្សសម្រេចបាននៅរយៈពេល ៦ខែចុងក្រោយនេះ។ សមាជនេះនឹងធ្វើឡើងនៅពេលរសៀល បន្ទាប់ពីមេដឹកនាំបក្សចូលរួមបង្សុកូលរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារគ្រាប់បែកនៅខាងមុខអតីតអគាររដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ក្នុងសន្និសីទកាសែតនៅទីស្នាក់ការគណបក្ស លោក សម រង្ស៉ី មានប្រសាសន៍ថា ការជួបជុំធ្វើសមាជនេះ មិនមែនជាបាតុកម្មប្រឆាំងរដ្ឋាភិបាល ឬក៏សកម្មភាពដែលធ្វើឲ្យប៉ះពាល់សន្តិសុខជាតិអ្វីនោះឡើយ។ លោកក៏មានជំនឿថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យសមាជប្រជាជននេះ ប្រព្រឹត្តទៅបានដោយរលូន មិនមានការរំខាន ដើម្បីបង្ហាញថា កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។ តែបើសិនជាមានការហាមឃាត់ណាមួយកើតឡើង នោះបានន័យថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែដើរថយក្រោយ។
លោក សម រង្ស៊ី៖ «នៅភ្នំពេញ គណបក្សសង្គ្រោះជាតិ មានមតិភាគច្រើន ឯគណបក្សប្រជាជនមតិភាគតិច បើមតិភាគតិច ហាមមិនឲ្យធ្វើទៀតនោះ វាបង្ហាញកាឡាច្បាស់ហើយ។ ខ្ញុំជឿថា គណបក្សប្រជាជន មិនល្ងង់ មិនឆោតធ្វើបែបហ្នឹងទេ បើបង្ហាញរូបភាពបែបហ្នឹងវាអាក្រក់ហួសហេតុ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា សាលារាជធានីភ្នំពេញ បានទទួលលិខិតជូនដំណឹងរបស់បក្សប្រឆាំង តាំងពីម៉ោង ១០ព្រឹក ថ្ងៃទី២៦ ខែមីនា ហើយសាលារាជធានីបានអញ្ជើញមន្ត្រីបក្សប្រឆាំងដើម្បីបើកកិច្ចពិភាក្សាជុំវិញការធ្វើសមាជនេះ នៅព្រឹកថ្ងៃទី២៧ ខែមីនា។
លោកបន្តថា មកដល់ថ្ងៃនេះ សាលារាជធានីភ្នំពេញ មិនទាន់ទទួលបានបញ្ជាដើម្បីបើកឲ្យមានការជួបជុំនៅទីលានប្រជាធិបតេយ្យនៅឡើយ៖«សាលារាជធានីភ្នំពេញ នៅទីលានប្រជាធិបតេយ្យមិនទាន់ឲ្យមានការជួបជុំទេ ពីព្រោះដ៏រាបណាមិនទាន់មានលទ្ធផលនៃការស៊ើបអង្កេតពីអំពើហិង្សា កន្លងទៅសិន។ ដូច្នេះខ្ញុំគិតថា ត្រូវទុកទីតាំងនេះដើម្បីស៊ើបអង្កេតសិន»។
រដ្ឋាភិបាលបានដាក់បម្រាមហាមជួបជុំនៅទីលានប្រជាធិបតេយ្យ តាំងពីខែមករា មក។ បម្រាមនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានវាយបំបែកក្រុមបាតុកររបស់បក្សប្រឆាំង ដែលបានធ្វើបាតុកម្មនៅទីនោះអស់រយៈពេល ៣សប្ដាហ៍។ រយៈពេល ៣ខែចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងលើការហាមឃាត់មិនឲ្យជួបជុំនេះ ហើយសង្គមស៊ីវិលចាត់ទុកថា បម្រាមនេះជាបម្រាមខុសច្បាប់។
មន្ត្រីការទូតប្រទេសមហាអំណាច មានអូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានជំរុញឲ្យរដ្ឋាភិបាលលុបចោលបម្រាមស្ដីពីបាតុករម្មនេះ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលតបវិញថា បម្រាមនេះធ្វើឡើងក្រោមហេតុផលរក្សាសន្តិសុខជាតិ។
ក្រៅពីគម្រោងជួបជុំធ្វើសមាជប្រជាជន ថ្នាក់ដឹកនាំគណបក្សប្រឆាំង ក៏បានប្រកាសស្នើឲ្យមានជំនួបកំពូលរវាងមេដឹកនាំបក្សជាប់ឆ្នោតទាំងពីរ និងទាមទារឲ្យគណបក្សកាន់អំណាចដាក់ពីផែនការកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច លោក ប៊ិន ឈិន កាលពីថ្ងៃទី២៤ ខែមីនា អះអាងថា គណបក្សកាន់អំណាចប្ដេជ្ញាធ្វើការកែទម្រង់ស្ថាប័ន គ.ជ.ប. តែមិនដាក់ស្ថាប័ននេះឲ្យជាស្ថាប័នធម្មនុញ្ញតាមរូបមន្តរបស់បក្សប្រឆាំងឡើយ៕
No comments:
Post a Comment