ប្រជាពលរដ្ឋរាប់រយនាក់គ្រោងនឹងជួបជុំគ្នាធ្វើបាតុកម្មអហិង្សាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ដើម្បីទាមទារជាថ្មីទៀតសុំឲ្យក្រសួងព័ត៌មានដំឡើងរលកធាតុអាកាសផ្សាយបន្ត ឬហ្វ្រេកង់សម្រាប់វិទ្យុ និងហ្វ្រេកង់បង្កើតប៉ុស្តិ៍ទូរទស្សន៍សម្បុកឃ្មុំ។
ប្រធានវិទ្យុសម្បុកឃ្មុំ អេហ្វ.អឹម ១០៥ ម៉េហ្គាហឺតស៍ លោក ម៉ម សូណង់ដូ មានប្រសាសន៍នៅថ្ងៃទី៣០ មីនា ថា គម្រោងនៃការជួបជុំគ្នានេះ គឺសុទ្ធសឹងតែប្រជាពលរដ្ឋស្ម័គ្រចិត្តមកជួបជុំដោយខ្លួនឯង។ លោកថា គម្រោងជួបជុំគ្នានេះ គឺពួកគាត់នៅតែធ្វើ បើទោះជាសាលារាជធានីភ្នំពេញ មិនអនុញ្ញាតក៏ដោយ៖ «ខេត្តឆ្ងាយៗដែលគេទាមទារ ដែលគេមិនបានទទួលការផ្សព្វផ្សាយរបស់វិទ្យុសម្បុកឃ្មុំហ្នឹង ប្រជាពលរដ្ឋទាំងអស់ហ្នឹងជំរុញឲ្យពូសុំក្រសួងព័ត៌មាន ធ្វើរលេបន្ថែមកម្លាំងផ្សាយហើយនិង ហ្វ្តេកង់ទូរទស្សន៍ ដែលក្រសួងព័ត៌មានមិនបានឲ្យ ប៉ុន្តែបើសិនជាយោងទៅតាមវ៉ឹបសាយរបស់ក្រសួងព័ត៌មានដែលសុំតាំងពី២០០៥មក គឺគាត់ចែកចាយនៅក្នុងឆ្នាំ២០១១ ឆ្នាំ២០១២ អនុញ្ញាតឲ្យវិទ្យុ ទូរទស្សន៍ បើកច្រើន ហើយថែមទាំងឲ្យមានរលេថែមទៀត។ អ្វីដែលខ្ញុំទាមទារតាំងពី២០០៥មក គេអត់ឲ្យអ្វីទាំងអស់ អានេះវាមានភាពអយុត្តិធម៌»។
លោក ម៉ម សូណង់ដូ បន្តថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ លោកបានដាក់លិខិតសុំក្រសួងព័ត៌មានដំឡើងរលកធាតុអាកាសផ្សាយបន្ត ឬហ្វ្រេកង់សម្រាប់វិទ្យុ និងហ្វ្រេកង់បង្កើតប៉ុស្តិ៍ទូរទស្សន៍សម្បុកឃ្មុំ ជាលើកទី២ ប៉ុន្តែត្រូវបានបដិសេធ។ បន្ទាប់មកលោកបានដាក់លិខិតមួយទៀតទៅសាលារាជធានី សុំធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យវិញ ហើយសាលារាជធានីបានហៅលោកទៅពិភាក្សាប្រាប់ពីហេតុផលមិនអនុញ្ញាត គឺដោយខ្លាចមានភាពចលាចល និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម៕
No comments:
Post a Comment