A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 13 March 2014

CNRP leaders met 3,000 supporters in Kampong Cham មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ជួប​អ្នក​គាំទ្រ​នៅ​កំពង់ចាម





ដោយ​ សូត សុខប្រាថ្នា 2014-03-12 RFA

មេ​បក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ជួប​អ្នក​គាំទ្រ​បក្ស​របស់​ខ្លួន​ប្រមាណ ៣.០០០​នាក់ នៅ​ថ្ងៃ​ទី​១២ មីនា នៅ​ខេត្ត​កំពង់ចាម។ មន្ត្រី​គណបក្ស​បាន​ឱ្យ​ដឹង​ថា ការ​ជួប​ជុំ​នេះ​នៅ​មាន​សកម្មភាព​រំខាន​តិចតួច​ពី​ខាង​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច។ ចំណែក​ខាង​អង្គការ​សិទ្ធិ​មនុស្ស​យល់​ថា ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​រំខាន​ការ​ជួប​ជុំ​របស់​មេ​បក្ស​សង្គ្រោះ​ជាតិ នោះ​ប្រជាប្រិយភាព​នឹង​ទទួល​បាន​ទៅ​បក្ស​ប្រឆាំង​កាន់​តែ​ច្រើន។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុ​ប្រធាន លោក កឹម សុខា បាន​ចុះ​ជួប​អ្នក​គាំទ្រ​ជាច្រើន​ពាន់​នាក់​នៅ​ឃុំ​អំពិលតាពក ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម គឺ​មិន​មាន​បញ្ហា​រំខាន​ដូច​ពេល​មុន​នោះ​ទេ នៅ​ថ្ងៃ​ទី​១២ មីនា កន្លង​មក​នោះ​ទេ។ ប៉ុន្តែ ដោយ​ឡែក​ក៏​មាន​ការ​ជួប​ជុំ​របស់​អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​តែ​មួយ​នោះ​ដែរ ដែល​មាន​ចម្ងាយ​ប្រហែល​ជា ៣០០​ម៉ែត្រ ពី​គ្នា​នោះ​ទេ។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ មីនា ថា លោក និង​លោក សម រង្ស៊ី បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូររាំងឪ ពីព្រោះ​នៅ​តំបន់​នោះ​បក្ស​សង្គ្រោះ​ជាតិ មាន​សំឡេង​ឈ្នះ​ឆ្នោត​យ៉ាង​ច្រើន​លើសលប់។ លោក​បន្ត​ថា ក្នុង​ទិដ្ឋភាព​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នោះ ក៏​មាន​ទិដ្ឋភាព​ជួប​ជុំ​របស់​បក្ស​ប្រជាជន​កម្ពុជា នៅ​ក្បែរ​នោះ​ផង​ដែរ ដែល​វា​ហាក់​ដូច​ជា​ការ​ចង់​បន្លាច​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​វា​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​នោះ​ឡើយ។
លោក កឹម សុខា៖ «យើង​ឃើញ​មាន​រូបភាព​មួយ​ដែល​បាន​ស្នើសុំ​ដាក់​មួយ​កន្លែង​នោះ គណបក្ស​ប្រជាជន នោះ​គេ​មក​ដាក់​កន្លែង​ហ្នឹង​ដែរ។ ហើយ​យើង​ក៏​បាន​រំកិល​មក​ដែរ នៅ​ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ គេ​អត់​មាន​មក​រំខាន​នោះ​ទេ ប៉ុន្តែ​គេ​ដាក់​ហាក់​ដូច​ជា​ត្រៀម ហាក់​ដូច​ជា​គំរាម ប៉ុន្តែ​ដល់​ទី​បំផុត​គេ​អត់​មាន​មក​ធ្វើ​អី​យើង​ទេ»
លោក​បន្ត​ថា ការ​ជួប​ជុំ​អ្នក​គាំទ្រ​បក្ស​ខ្លួន​នេះ គឺ​ក្នុង​គោល​បំណង​សំខាន់​ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា កន្លង​មក ដោយ​លោក​បញ្ជាក់​ថា បក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ព្រម​ចូល​រួម​ប្រជុំ​សភា​ជាមួយ​បក្ស​ប្រជាជន ដដែល ដរាប​ណា​បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​រៀប​ចំ​បោះ​ឆ្នោត និង​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​នោះ​ទេ ។
លោក កឹម សុខា៖ «ជជែក​គ្នា​ជុំវិញ​ការ​កែ​ទម្រង់។ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ គឺ​យ៉ាង​ច្បាស់​ថា កាល​សារ​របស់​គណបក្ស​ប្រជាជន ក្នុង​ក្រុម​ការងារ បាន​បង្ហាញ​ច្បាស់​ណាស់​ថា គាត់​មិន​ចង់​ប្ដូរ គ.ជ.ប ទេ។ ពេល​យើង​លើក​យក គ.ជ.ប មក គាត់​បែរ​ជា​អត់​ហ៊ាន​យក​មក​ជជែក​ទេ។ ហើយ​យើង​បាន​ប្រាប់​សារ​ទៅ​ប្រជាជន​ថា ការ​ចរចា​នេះ​គណបក្ស​ប្រជាជន គ្រាន់​តែ​ការ​អូស​ពេល បន្លាយ​ពេល ដើម្បី​ចង់​បាន​អន្តរជាតិ គាំទ្រ​គាត់ ដើម្បី​បាន​ជំនួយ​តែ​ប៉ុណ្ណឹង​ទេ»
លោក​បន្ថែម​ទៀត​ថា បក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​យុទ្ធនាការ​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នា​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ទៀត​នា​ពេល​ខាង​មុខ​នេះ បើ​ទោះ​បី​ជា​នឹង​មាន​អ្វី​កើត​ឡើង​ក៏ដោយ។
មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ ដែល​បាន​ទៅ​តាម​អង្កេត​នៅ​នឹង​កន្លែង​បញ្ជាក់​ថា មាន​កិច្ច​ជួប​ជុំ​ពីរ​ដែល​ធ្វើ​នៅ​ថ្ងៃ​តែ​មួយ ហើយ​កន្លែង​ក្បែរ​គ្នា រវាង​បក្ស​សង្គ្រោះ​ជាតិ ដែល​មាន​គណៈប្រតិភូ​ចូល​រួម និង​បក្ស​ប្រជាជន​កម្ពុជា ដែល​មិន​ឃើញ​មាន​គណៈប្រតិភូ​ចូល​រួម​នោះ​ទេ ក៏ប៉ុន្តែ​ក៏​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ដែរ។ លោក​យល់​ថា ការ​ធ្វើ​វេទិកា​បញ្ចេញ​មតិ​គាំទ្រ​របស់​បក្ស​នយោបាយ​នីមួយៗ គឺ​ជា​រឿង​អាច​ធ្វើ​ទៅ​បាន​ទាំងអស់​គ្នា ប៉ុន្តែ​គប្បី​មាន​កន្លែង​ជួប​ជុំ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្នា​ជា​ការ​ប្រសើរ៖ «ការ​បញ្ចេញ​មតិ​ការ​ជួប​ជុំ គឺ​ធ្វើ​ទៅ​បាន​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​ធ្វើ​ជិត​គ្នា​អ៊ីចឹង អាច​នឹង​ធ្វើ​ឱ្យ​មាន​ប៉ះ​ពារ​គ្នា។ បើ​យើង​មើល​ទៅ​ប្រដាប់​បំពង​សំឡេង ទាំង​មេក្រូ​ទាំង​៧ ឬ​៨ បុក​ចំ​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​វា​មិន​ឮ»
លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​សកម្មភាព​របស់​បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​ធ្វើ​ការ​ជួប​ជុំ​អ្នក​គាំទ្រ​បក្ស​ខ្លួន នៅ​ក្នុង​ន័យ​ដើម្បី​បង្ក​ការ​រំខាន​ដល់​មេ​បក្ស​សង្គ្រោះ​ជាតិ ទៅ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​បក្ស​សង្គ្រោះ​ជាតិ កាន់​តែ​កើន​ឡើង ចំណែក​បក្ស​ប្រជាជន កាន់​តែ​ធ្លាក់​ចុះ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: