ដោយ៖ ពៅ មេត្តា | ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014, VOD
លោក សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាត ឧត្តម)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងថា គោលជំហរគណបក្សរបស់លោកដែលចូលជជែកជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៨ខែកុម្ភៈនេះគឺមានគោលបំណងចង់ឲ្យមានការបោះឆ្នោតមុនអាណត្តិខាងមុខប្រព្រឹត្តទៅបានត្រឹមត្រូវ។
ក្នុងពិធីជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃអាទិត្យនេះ លោក សម រង្ស៊ី ថ្លែងថា ជំហររបស់គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានការបោះឆ្នោតឡើងវិញមុនអាណត្តិ។ លោកបញ្ជាក់ថា ក្រុមការងារបច្ចេកទេសគណបក្សលោក ជួបជជែកជាមួយក្រុមការងារគណបកក្សប្រជាជននៅថ្ងៃទី១៨ខែកុម្ភៈនោះគឺផ្តោតតែលើការធ្វើកំណែទម្រង់ការបោះឆ្នោតតែប៉ុណ្ណោះ។
ក្នុងឱកាសនោះ លោក សម រង្ស៊ី ក៏បានបញ្ជាក់ថា ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតបានត្រឹមត្រូវលុះត្រាតែមានសមាសភាពចូលរួមពីតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និង តំណាងអង្គការសង្គមស៊ីវិល។
ក្រុមការងារគណបក្សដែលទទួលអាសនៈក្នុងរដ្ឋសភាទាំងពីរ នឹងជួបគ្នាម៉ោង៩ព្រឹកនៅវិមានព្រឹទ្ធសភានៅថ្ងៃទី១៨ខែកុម្ភៈ ដើម្បីជជែកពីការធ្វើកំណែទម្រង់ការបោះឆ្នោត ដែលជាចំណុចមួយនៃការដោះស្រាយវិបត្តិនយោបាយ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
No comments:
Post a Comment