ដោយ ម៉ម មុនីរតន៍
2014-02-04
ក្នុងពាក្យបណ្ដឹងនោះចោទថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់កោះត្រល់ និងប្រជុំកោះដទៃទៀតឲ្យវៀតណាម ដោយងាយៗ។ ហើយជាពិសេស ទាមទារឲ្យតុលាការពន្លឿនសំណុំរឿងនេះ ដើម្បីកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកតទល់នៅក្នុងសវនាការឲ្យបានឆាប់។
បណ្ដឹងប្រឆាំង លោក ហ៊ុន សែន នេះត្រូវបានដាក់ចូលដល់ដៃតុលាការហើយ កាលពីថ្ងៃទី៣ កុម្ភៈ ដោយចោទថា បានកាត់កោះត្រល់ និងកោះក្រចកសេះ ទៅវៀតណាម ទាំងស្រុងដោយខុសច្បាប់ ក្រោមសន្ធិសញ្ញាបំពេញបន្ថែម។
បន្ថែមលើពាក្យបណ្ដឹងនេះ ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន ឲ្យដឹងថា គិតមកដល់ពេលនេះ តុលាការនៅមិនទាន់ចាត់វិធានការតាមបណ្ដឹងរបស់ខ្លួននៅឡើយទេ។ លោកបន្តថា បណ្ដឹងក្រោមបទថា បានធ្វើឲ្យកោះត្រល់ និងតំបន់ដែនសមុទ្រផ្សេងទៀតត្រូវបាត់បង់នេះ គឺប្រឆាំងចំពោះ លោក ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ មិនរាលដាល ឬសំដៅមនុស្សផ្សេងឡើយ។
«សំឡេង»
នេះជាបណ្ដឹងលើកទីពីរហើយរបស់ លោក នាង សុឃុន បន្ទាប់ពីលើកទីមួយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ ត្រូវបានតុលាការច្រានចោល ដោយចាត់ទុកថា មិនគ្រប់គ្រាន់តាមបច្ចេកទេស។ កាលណោះ លោកប្ដឹងពីរករណីប្រឆាំងលោកនាយករដ្ឋមន្ត្រី។ ទីមួយ ពីបទថាបានកាត់ទឹកដី ជាពិសេសកោះត្រល់ និងដែនសមុទ្រឲ្យវៀតណាម និងទីពីរ ពីបទថាបានផ្ដល់អត្តសញ្ញាណប័ណ្ណ និងឯកសារនានាដោយខុសច្បាប់ ដែលធ្វើឲ្យមានលំហូរជនអន្តោប្រវេសន៍វៀតណាម មករស់លើទឹកដីកម្ពុជា ដោយសេរី។
លោក នាង សុឃុន បញ្ជាក់ថា លោកទុកពេលឲ្យតុលាការ និង លោក ហ៊ុន សែន ពិចារណាចាប់ពីថ្ងៃដាក់បណ្ដឹងរហូតដល់ដាច់ខែកុម្ភៈ។ ក៏ប៉ុន្តែ បើសិនតុលាការមិនចាត់វិធានការកាត់សេចក្តីពាក្យបណ្ដឹងរបស់លោកទេ ចាប់ពីក្រោយខែកុម្ភៈ ទៅ និស្សិតប្រមាណ ២ពាន់នាក់ នឹងរៀបចំធ្វើបាតុកម្មតវ៉ា។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេពីប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ជីវ កេង នៅថ្ងៃទី៤ ខែកុម្ភៈ ទាក់ទងពាក្យបណ្ដឹងនេះ។ ចំណែកមន្ត្រីរដ្ឋាភិបាល ក៏មិនអាចស្នើសុំប្រតិកម្មបានដែរ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១២ ហើយថាការពិត កោះត្រល់ និងដែនសមុទ្រដទៃទៀត បានបាត់មុនលោកគ្រប់គ្រងអំណាចទៅទៀត។ ហេតុនេះ លោក ហ៊ុន សែន គិតថា នេះពុំមែនជាកំហុសរបស់លោកឡើយ។
«សំឡេង»
បើទោះជាបែបណា ទាំង លោក រ៉ុង ឈុន សមាជិកគណៈកម្មការឃ្លាំមើលកម្ពុជា និង លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនមានមូលដ្ឋាននៅប្រទេសបារាំង ស្ដីបន្ទោសថា អ្វីដែលធ្វើឲ្យប្រទេសវៀតណាម អាចគ្រប់គ្រងកោះត្រល់ និងប្រជុំកោះដទៃទៀតនៅក្នុងដែនសមុទ្ររបស់កម្ពុជា បាន គឺដោយសារសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក នាង សុឃុន គិតថា បើទោះជាដឹងរួចជាស្រេចហើយថា មិនខុសពីយកពងមាន់ជល់នឹងថ្មក៏ដោយចុះ ប៉ុន្តែលោកបញ្ជាក់ថា យ៉ាងហោចណាស់អាចចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមផ្លូវតុលាការដែរ។
ទោះជាបែបណា តុលាការនេះបានខកខាន និងទម្លាក់ចោលសំណុំរឿងលើចំណាត់ការរបស់ខ្លួនម្ដងជាពីរដងរួចមក ដែលមានបណ្ដឹងជាប់ពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រី ជាអាទិ៍ បណ្ដឹងរបស់ប្រធានយុវជនគណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បដិសេធជាបន្តបន្ទាប់ ដោយចាត់ទុកថា ពុំមានភស្តុតាង និងអង្គហេតុគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ លោក ហ៊ុន សែន៕
No comments:
Post a Comment