A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 20 January 2014

The opposition CNRP will hold new mass protests if the ruling CPP rejects recommendations from the international community គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដឹកនាំ​បាតុកម្ម​ថ្មី​ទៀត ​បើ​បក្ស​កាន់អំណាច​ច្រាន​ចោល​អនុសាសន៍​សហគម​ន៍​អន្តរជាតិ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃចន្ទ ទី20 ខែមករា ឆ្នាំ2014 | VOD

ស្តាប់សំឡេង៖​

ចម្លងទុក
ទិដ្ឋភាព​កម្មករ​ចូលរួម​បាតុកម្មរបស់​គណបក្សសង្គ្រោះជាតិ​ នៅទីលាន​ប្រជាធិបតេយ្យ​ កាលពីថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០១៣(រូបភាពដោយ ឡាយ សាមាន)​
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា បាតុកម្ម​ទ្រង់ទ្រាយ​ធំ ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត នឹង​ផ្ទុះ​ឡើង​ម្តងទៀត បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទ​ទូល​យក​អនុសាសន៍ របស់​​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​VOD​ដឹង នៅ​ថ្ងៃ​ចន្ទ​ទី​២០ ​ខែ​មករា​នេះ​ថា គម្រោង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ម្តងទៀត មិន​ទាន់​កំណនត់​ថ្ងៃ​ជាក់លាក់​ទេ ដោយ​រងចាំ​ដំណើរកា​វិវត្តន៍​នយោបាយ ក្រោម​សម្ពាធ​អន្តរជាតិ ដែល​ចង់ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​នេះ​ដោយ​តម្លាភាព​ «​យើង​នឹង​ធ្វើ​តទៅ​ទៀត​ក៏​ប៉ុន្ដែ​ពេលវេលា​នេះ យើង​កំពុងតែ​ត្រៀម​ខ្លួន​ដើម្បី Live នយោបាយ​ការទូត​សិន បើ​ដោះស្រាយ​ន​យ​បាយ​ការទូត​មិន​ចេញ​អាហ្នឹង​បាន​ឈានទៅរក​ធ្វើបាតុកម្ម​ម្ដងទៀត »​។
​នៅ​សប្តាហ៍​នេះ សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្អាក​ជំនួយ​បណ្តោះអាសន្ន​ចំនួន​៨០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ មក​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​រងចាំ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ក្រោយ​កាបោះឆ្នោត ដែល​មាន​ឯកភាព​ជាតិ​។
​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​២៨​ប្រទេស កំពុង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស៊ើបអង្កេត​ករណី​បាញ់រះ​កម្មករ និង​រក​ភាពត្រឹមត្រូវ​នៃ​ដំណើរ​បោះឆ្នោត​នីតិកាល​ទី​៥​នេះ​ដែរ​។​
VOD​មិនអាច​ទាក់ទង មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន ដូចជា លោក ស ខេង លោក ព្រំ សុខា និង​លោក ជាម យៀប ចំពោះ​ការប្រែប្រួល​នយោបាយ​ថ្មី ក្រោម​​ការដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នេះ​បានទេ នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​។​
​ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍ ​ទី​១៨ ​ខែ​មករា ឆ្នាំ​២០១៤​ពី​ខេត្ត​ក្រចេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ព្រមាន​ថា បក្សប្រឆាំង​នឹង​មិន​អាច​ទ​ទូល​បាន​ជោគជ័យ ពី​ការដឹកនាំ​ធ្វើ​បាតុកម្ម​នេះ​បាន​​ទេ​។ ​លោក​ថា ច្រក​តែមួយគត់ ដែល​អាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា ពេលនេះ​បាន គឺ​គណបក្ស​ប្រឆាំង​ត្រូវ​ចូល​ជជែក​គ្នា​ក្នុង​សភា​។​
​អ្នកវិភាគ និង​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី យល់ថា តាម​ការ​ផ្ញើ​សារ​នយោបាយ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ខេត្ត​ក្រចេះ គណបក្ស​ទាំង​ពីរ​អាច​នឹង​ឈាន​ទៅ ដល់​កិច្ចព្រមព្រៀង​គ្នា ឲ្យមាន​ការបោះឆ្នោត​ឡើង​វិញមុ​ន​អាណត្តិ​។ លោក​ថា ចំណែក​ការដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ទំនង​ជា​រដ្ឋាភិបាល​មិន​បណ្តោយឲ្យ​បាត់បង់​ផល​ប្រ​យោ​ជន៍​ជាតិ​ទេ «​ជំហាន​ទី​បី​ហ្នឹង​បើ​គេ​ធ្វើ​មិនបាន​សម្រេច​គេ​អាច​ឡើង​មក​ជំហាន​ទី​បួន មានន័យ​ថា កាត់​ផ្ដាច់​ជំនួយ​ផ្សេងៗ​ទៀត​ហើយ​ជំហាន​ទី​ប្រាំ​អាច​កាត់ផ្ដាច់​នៃ​ការនាំ​ចូល​ទៀត ខ្ញុំ​គិតថា រដ្ឋាភិបាល​ដើរ​មិន​រួច​ទេ កុំ​ថា មិន​ខ្វល់ ចឹង​ខ្ញុំ​គិតថា រដ្ឋាភិបាល​មាន​ភាព​វៃឆ្លាត​បើ​ចរចា​ដើម្បី​រៀបចំ​យន្ដការ​បោះឆ្នោត​នៅ​អាណត្ដិទី​៦​មុន​អាណត្ដិ​នៃ​ឆ្នាំ​២០១៥​នេះ​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ផ្អាក​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​លទ្ធផល​បោះឆ្នោត​នេះ ភ្លាមៗ កាលពី​ថ្ងៃ​ទី​៤ ​ខែ​មករា ​ឆ្នាំ​២០១៤ បន្ទាប់ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ប្រើ​វិធាន​ការ​បង្ក្រាប​កម្មករ​អ្នក​តវ៉ា ទាមទារ​ប្រាក់​ឈ្នួល បណ្តាលឲ្យ​ស្លាប់​៥​នាក់ រងរបួស​ប្រមាណ​៤០​នាក់ និង​២៣​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​។​ក្រុម​អាជ្ញាធរ​ក៏​បាន​បណ្តេញ ក្រុម​អ្នកគាំទ្រ បក្ស​ជំទាស់​មួយ​នេះ ចេញពី​ទីលាន​ប្រជាធិបតេយ្យ និង​ហាម​ធ្វើ​បាតុកម្ម​ដោយ​មិន​កំណត់ពេល​។​ ប៉ុន្តែ​ចំណាត់ការ​នេះ​ធ្វើឲ្យ​មាន​ការរិះគន់​ពី​សហគម​ន៍​ជាតិ​ និង​អន្តរជាតិ ថា​កំពុង​ជំរុញ​នាវា​កម្ពុជា​ឲ្យទៅ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​៕
សូមសរសេរមកកាន់​ លោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

No comments: