(អត្ថបទចុះផ្សាយនៅថ្ងៃ
16-01-2014,
2:38 pm) | ដោយ រ៉េន រតនៈ
លោកស៊ូរិយ៉ា ស៊ូប៊េឌីបានអំពាវនាវអោយមានការស៊ើបអង្កេតអោយបានពេញលេញលើការការ ប្រើហិង្សាទៅលើបាតុករ រហូតដល់មានការបាញ់សម្លាប់ពួកគេ។ អ្នករាយការណ៍ពិសេសរូបនេះ ក៏បានអោយមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន នៅក្នុងហេតុការណ៍ហិង្សាកាលពីដើមខែមករានេះផងដែរ។
ពីបន្ទប់សន្និសីទកាសែតនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកសាស្ត្រាចារ្យ ស៊ូរិយា ស៊ូបេឌីបានថ្លែងថា ការចោទប្រកាន់គួរតែត្រូវបានធ្វើទៅអ្នកដែលបានបាញ់សម្លាប់បាតុករ ជាជាងបាតុករ ដែលទទួលរងការបង្ក្រាប។ អ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានបង្ហាញ អារម្មណ៍សប្បាយចិត្តច្រើន ដោយបានលើកបញ្ហាជាច្រើន ដែលលោកថា ត្រង់ទៅត្រង់មក ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ ក៏បានអំពាវនាវអោយរដ្ឋាភិបាលបើកការស៊ើបអង្កេតពេញលេញមួយលើករណី ប្រើហិង្សាទៅលើបាតុករ ហើយអោយដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ន អ្នកដែលត្រូវបានចាប់ខ្លួន ពិសេសអ្នកដែលមានជំងឺត្រូវទទួលបានការព្យាបាល និងអនុញ្ញាតអោយពួកគេបានជួបក្រុមគ្រួសារ។ លោកស៊ូបេឌីកំពុងនិយាយអំពីប្រធានសហជីព អ្នកការពារសិទ្ធិមនុស្ស និងតំណាងកម្មករចំនួន២៣នាក់ដែលកំពុងត្រូវឃុំខ្លួនក្នុង មន្ទីរឃុំឃាំងត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម។
លោកស៊ូបេឌីក៏បានស្នើអោយរដ្ឋាភិបាលពិចារណាឡើងវិញអំពីមូលហេតុនៃការ ដាក់បំរាមមិនអោយមានការរៀបចំបាតុកម្ម។ មន្ត្រីតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសោកស្តាយចំពោះ ការដាក់កំហិតរបស់រដ្ឋាភិបាលកដែលហាមប្រាមមិនអោយគណបក្សសង្គ្រោះជាតិបាន រៀបចំបាតុកម្មដែលលោកស៊ូបេឌីបានហៅថាជា មធ្យោបាយនៃសំដែងមតិរបស់ពលរដ្ឋ។
ការស្នើអោយភាគីពាក់ព័ន្ធពិចារណាឡើងវិញអំពីការផ្តល់ប្រាក់បៀវត្សរ សមរម្យដល់កម្មករកាត់ដេរត្រូវបានលោកស៊ូរិយ៉ា ស៊ូបេឌីលើកឡើងនៅក្នុងសន្និសីទកាសែតដែរ។
បើទោះជាបានសំដែងការសោកស្តាយទៅលើសំណុំរឿងមួយចំនួន អ្នករាយការណ៍ពិសេសក៏បានប្រាប់អ្នកកាសែតអោយដឹងថា លោកបានសប្បាយចិត្តនៅពេលដែលលោកបានជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយបាននិយាយត្រង់ៗអំពីបញ្ហាជាច្រើន និងបានជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនានាផ្សេងៗទៀត ដូចជាលោកឧបនាយករដ្ឋមន្ត្រីសុខ អាន លោករដ្ឋមន្ត្រីក្រសួងការងារអ៊ិត សំហេង លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រុំ សុខា និងលោកអភិបាលរាជធានីភ្នំពេញប៉ា សុជាតិវង្ស។
អ្នករាយការណ៍ពិសេសបានថ្លែងថា លោកបានទទួលការសន្យាជាច្រើនពីមន្ត្រីរដ្ឋាភិបាល៕
No comments:
Post a Comment