A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 January 2014

Kem Sokha: "International lawyers are speeding up the murder case to the ICC", after a brutal and deadly crackdown on garment workers on 3/1/14 លោក កឹម សុខា៖ មេធាវី​អន្តរជាតិ​កំពុង​ពន្លឿន​សំណុំ​រឿង​ឃាតកម្ម​ទៅ ICC

មេធាវី​អន្តរជាតិ​ក្រោម​កិច្ច​សហការ​ពី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពន្លឿន​កិច្ចការ​របស់​ខ្លួន​ដើម្បី​បញ្ជូន​សំណុំ​រឿង​ប្រឆាំង​អំពើ​មនុស្ស​ឃាត​ទាំង​អម្បាលមាណ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។
ដោយ ម៉ម មុនីរតន៍ 2014-01-20

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
Photo: RFA
8.jpg

ការ​ជំរុញ​ខាង​លើ​នេះ កើត​មាន​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ក្រោម​គោលនយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រង​ការ​ចោទ​ថា មាន​អំពើ​និទ្ទណ្ឌភាព និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​ដ៏​ធ្ងន់ធ្ងរ ជា​ពិសេស​ការ​បាញ់​បោះ​ដោយ​សេរី​ប្រឆាំង​ពលរដ្ឋ​ខ្លួន។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យដឹង​ថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រុម​មេធាវី​ដែល​មាន​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អន្តរជាតិ នឹង​ប្រមូល​ភស្តុតាង​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រព្រឹត្ត​ក្នុង​ពេល​កន្លង​ទៅ និង​ថ្មីៗ​នេះ ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី ក្នុង​ពេល​ខាង​មុខ​នេះ។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មករា ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​កិច្ច​ព្រមព្រៀង​រួច​ហើយ​ជាមួយ​មេធាវី​អន្តរជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ។លោក​បន្ត​ថា ការ​ឈាន​​ដល់​ចុះ​សន្យា​នេះ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​ដ៏​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ឆ្នាំ​២០១៤ ប្រឆាំង​ក្រុម​អ្នក​តវ៉ា​រឿង​ប្រាក់​ខែ​គោល។ លោក កឹម សុខា ឲ្យ​ដឹង​ទៀត​ថា កិច្ចការ​នេះ​នឹង​ដំណើរការ​ក្នុង​ពេល ២​ខែ​ទៀត​យ៉ាង​យូរ។
អ្នក​វិភាគ​បញ្ហា​សង្គម​កត់​សម្គាល់​ថា កម្ដៅ​នយោបាយ​នៅ​ពេល​នេះ នឹង​មិន​ថមថយ​ឡើយ។មិន​ថយ​ត្រង់​ថា គ្រប់​ដៃគូ​វិវាទ​ទាំង​ពីរ ក្រៅ​ពី​មិន​អាច​សម្រុះសម្រួល​ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នេះ​ហើយ លើស​ពី​នេះ​ទៀត ថែម​ទាំង​បាន​ប្រើប្រាស់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​តាម​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ឲ្យ​ដៃគូ​ម្ខាង​ទៀត​ត្រូវ​ចុះ​ខ្សោយ​ហើយ​មិន​អាច​ងើប​តដៃ​បាន។
ចំណែក​ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​រួច​ហើយ​នៅ​ទី​ក្រុង​រ៉ូម (Rome) កាល​ពី​ខែ​មករា ឆ្នាំ​២០០២ ថា​ជា​រដ្ឋ​ដែល​ប្រឆាំង​អំពើ​ឧក្រិដ្ឋ​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី។ ចាប់​ពី​ពេល​នោះ​មក ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​តែ​មួយ​គត់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នៅ​ក្នុង​តំបន់​អាស៊ី​នេះ។
ផែនការ​ចម្បង​របស់​តុលាការ​ឧក្រិដ្ឋកម្ម​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ គឺ​ផ្ដោត​លើ​កិច្ចការ​ ឬ​មាន​យុត្តាធិការ​គ្រប​ដណ្ដប់​មួយ​ចំនួន ដូច​ជា​ប្រឆាំង​ការ​រំលោភ​បំពាន​ដ៏​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ និង​ប្រឆាំង​ចំពោះ​ការ​រំលោភ​បំពាន​ពី​ភាគី​ម្ខាង​លើ​បញ្ហា​បូរណភាព​ដែនដី​មក​លើ​រដ្ឋ​ដែល​ជា​សមាជិក​របស់​ខ្លួន។ ក្រៅ​ពី​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នេះ ក៏​ទទួល​ការ​ផ្ទេរ​សិទ្ធិ​ធ្វើ​សេចក្ដី​វិនិច្ឆ័យ​លើ​សំណុំ​រឿង​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែរ ថ្វី​បើ​តុលាការ​នេះ ពុំ​មែន​ជា​ផ្នែក​មួយ​នៃ​សមាជិក​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​ដោយ​ចុះ។
បើ​ទោះ​ជា​បែប​ណា កាល​ពី​ថ្ងៃ​ទី​១៨ មករា នៅ​ខេត្ត​ក្រចេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅ​ដៃគូ​នយោបាយ​របស់​លោក គឺ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​ថា គប្បី​ប្រើប្រាស់​នយោបាយ​ឲ្យ​ល្មមៗ​បាន​ហើយ។ ការ​ថ្លែង​សារ​នយោបាយ​នេះ អាច​រាប់​បាន​ថា ជា​ការ​ថ្លែង​សារ​នយោបាយ​ដ៏​កម្រ​របស់​លោក ហ៊ុន សែន នៅ​តាម​បណ្ដា​ខេត្ត​ ក្រោយ​ការ​បោះ​ឆ្នោត​រួច។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា អត់ធ្មត់​ណាស់​ពេក​ទៅ​ហើយ រហូត​ដល់​ធ្វើ​មិន​ដឹង​មិន​ឭ ដើម្បី​ទុក​ផ្លូវ​ក្នុង​ការ​​ផ្សះផ្សា​នយោបាយ។
សម្រាប់​អ្នក​ឃ្លាំមើល​ការវិវត្តន៍​ស្ថានការណ៍​សង្គម លោក សុខ ទូច បណ្ឌិត​​វិទ្យាសាស្ត្រ​នយោបាយ ធ្លាប់​ចាត់​ទុក​ថា អ្នក​នយោបាយ​កម្ពុជា ពុំ​ដែល​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​រួម​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ច្រើន​យក​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ​និយាយ​រឿង​នយោបាយ​ដើម្បី​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: