វង្ស សុខេង ភ្នំពេញប៉ុស្តិ៍ 20 JANUARY 2014
ក្រចេះ: លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានកាលពីថ្ងៃសៅរ៍ថា កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីផ្តួលរំលំរដ្ឋាភិបាល ឬសកម្មភាពរំលោភរដ្ឋធម្មនុញ្ញនឹងត្រូវបង្រ្កាបយ៉ាងឆាប់បំផុត ដែលការលើកឡើងនេះ ហាក់ដូចជាការព្រមានជាថ្មីទៀតចំពោះបាតុកម្មតាមផ្លូវ ខណៈដែលលោកលើកឡើងថា ការចរចាគឺជាវិធីតែមួយគត់ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយដែលកំពុងបន្តមាន។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះ ខណៈដែលភាពជាប់គាំងក្រោយការបោះឆ្នោតមានរយៈពេលជិតដល់ ៦ខែ ដោយសិទិ្ធធ្វើបាតុកម្មដោយសន្តិវិធីតាមរដ្ឋធម្មនុញ្ញត្រូវបានព្យួរដោយរដ្ឋាភិបាល បន្ទាប់ពីបាតុកម្មតាមផ្លូវដ៏ធំដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញ ហើយកូដកម្មរបស់កម្មករកាត់ដេរបានសម្លាប់ជីវិតមនុស្ស បន្ទាប់ពីមានការប៉ះទង្គិចជាមួយនឹងអាជ្ញាធរ។
លោក ហ៊ុន សែន បានប្រាប់អ្នកភូមិ ក្នុងពិធីសម្ពោធភូមិកុមារ SOS ក្នុងឃុំ អូរឫស្សី ខេត្ត ក្រចេះ កាលពីថ្ងៃសៅរ៍ថា៖ «ប្រសិនបើមានសកម្មភាពប្រឆាំងនឹងរដ្ឋធម្មនុញ្ញឬរដ្ឋប្រហារផ្តួលរលំ [រដ្ឋាភិបាល] បញ្ហានឹងត្រូវដោះស្រាយក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយនឹងបញ្ចប់»។
លោកបានបន្ថែមថា៖ «បញ្ហាត្រូវតែដោះស្រាយនៅតុចរចា ក្នុងរដ្ឋសភា ប៉ុន្តែមិនមែននៅតាមផ្លូវទេ»។ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សប្រជាជន ឲ្យត្រៀមខ្លួន ដើម្បីទប់នឹងបាតុកម្ម ហើយបង្ហាញការគាំទ្ររបស់ខ្លួនចំពោះគណបក្សកាន់អំណាច ប្រសិនបើចាំបាច់។
លោកនាយករដ្ឋមន្រ្តីក៏បានព្រមានគណបក្សប្រឆាំងថា ការនៅស្ងៀមរបស់រដ្ឋាភិបាលចំពោះបាតុកម្មមិនគួរចាត់ទុកជាសញ្ញាថា សកម្មភាពរបស់ខ្លួនត្រូវបានទទួលយកនោះទេ។
«និយាយឲ្យច្បាស់ថា មិនគួរយល់ថា ពេលយើងស្ងៀមស្ងាត់ មានន័យថា យើងមិនធ្វើសកម្មភាពនោះទេ។ យើងនឹងចាត់វិធានការ តែពេលវាដល់ពេល។ វាមិនមែនជាការព្រមានទេ ប៉ុន្តែវាជាការអនុវត្តច្បាប់និងការពាររដ្ឋធម្មនុញ្ញ»។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា បានវិលត្រឡប់មកសភាពធម្មតាវិញហើយ។ លោកបានថ្លែងថា៖ «អ្វីដែលយើងត្រូវយកចិត្តទុកដាក់ពេលនេះគឺធ្វើឲ្យការរស់នៅរបស់ប្រជាជនដូចធម្មតាឡើងវិញ... ខ្ញុំមិនអនុញ្ញាតឲ្យក្រុម ឬបុគ្គលណាមួយយកប្រទេសជាចំណាប់ខ្មាំងឡើយ»។
គណបក្សសង្គ្រោះជាតិបានជំទាស់លទ្ធផលនៃការបោះឆ្នោតថ្ងៃ ទី២៨ ខែ កក្កដា ដែលផ្តល់អាសនៈ ៥៥ ដល់ខ្លួន និង ៦៨ ដល់គណបក្សកាន់អំណាច។ គណបក្សប្រឆាំងអះអាងថា ភាពមិនប្រក្រតីធំៗប៉ះពាល់ដល់ការបោះឆ្នោត ហើយបានធ្វើពហិការប្រជុំរដ្ឋសភា ចាប់តាំងពីរដ្ឋសភាបានបើកដោយឯកបក្សក្នុងខែ កញ្ញា មក។
នៅថ្ងៃសៅរ៍ លោក ហ៊ុន សែន បានច្រានចោលនូវរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា លោកបានស្នើសុំលោក សូរិយ៉ា ស៊ូប៊ែរឌី ប្រេសិតសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិឲ្យសម្រុះសម្រួល រវាងគណបក្សនយោបាយទាំងពីរ ក្នុងអំឡុងពេលលោកបានធ្វើបេសកកម្មមកកាន់កម្ពុជា កាលពីសប្តាហ៍មុន ដោយលោកថ្លែងថា កម្ពុជាមិនត្រូវការបរទេសមកផ្សះផ្សាទេ។ លោកបន្តថា៖ «ប្រសិនបើចាំបាច់ ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងជាអ្នកផ្សះផ្សាមួយអង្គគត់ លើកលែងតែ [គម្លាតរវាងគណបក្សទាំងពីរ] បានរួមតូចក្នុងវិវាទនេះ»។
លោកបន្ថែមទៀតថា ការធ្វើប្រជាមតិដើម្បីសម្រេចថាតើគួររៀបចំបោះឆ្នោតមុនអាណតិ្ត ដែលជាគំនិតលើកឡើង ដោយភាគីនយោបាយដែលពាក់ព័ន្ធត្រូវតែចាប់ផ្តើមពីរដ្ឋសភា។
កាលពីសប្តាហ៍មុន អ្នកវិភាគនយោបាយបានលើកឡើងអំពីការចរចាលក្ខណៈឯកជនរវាងគណបក្ស ទាំងពីរ តាមរយៈអ្នកផ្សះផ្សា ទី៣ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ដំណោះស្រាយចំពោះភាពជាប់គាំងនយោបាយជិតបានព្រមព្រៀងហើយ ដោយលោក ហ៊ុន សែន បានព្រមព្រៀងជាគោលការណ៍ ៨០ ភាគរយនៃការទាមទាររបស់គណបក្សប្រឆាំងដែលរាប់បញ្ចូលទាំងការបោះឆ្នោតក្នុងឆ្នាំ ២០១៥ ឬ ២០១៦ បើទោះបីជាពួកគេមិនបានបញ្ជាក់ថាតើ ការទាមទារអ្វីបានព្រមព្រៀងរួចហើយក៏ដោយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា អ្វីៗដែលគណបក្សរបស់លោកបានធ្វើរហូតមកដល់ពេលនេះរួមទាំងការធ្វើបាតុកម្មតាមផ្លូវគឺគោរព «គោលការណ៍ប្រជាធិបតេយ្យនិងគោលការណ៍រដ្ឋធម្មនុញ្ញ»។
លោកបានបន្តថា៖ «គឺគណបក្សប្រជាជនកម្ពុជាទៅវិញទេ ដែលចាប់ផ្តើមធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ មានតែគណបក្សតែមួយគត់ដែលបង្កើតរដ្ឋសភា... យើងមិនបានធ្វើអ្វីផ្ទុយរដ្ឋធម្មនុញ្ញទេ»។ លោកបន្តថា៖ «យើងនឹងមិនអង្គុយនៅសភាប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនទេ។ នៅពេលមានឆន្ទៈ វាមានផ្លូវ។ អ្វីក៏ដោយដែលមិនហាមប្រាមដោយច្បាប់គឺអាចធ្វើទៅបាន។ ប្រសិនបើមានឆន្ទៈនយោបាយធ្វើវា យើងអាចធ្វើវា»។
លោក សុវណ្ណ បានបន្ថែមថា «ប្រសិនបើពួកគេយល់ព្រមឲ្យមានការបោះឆ្នោតឡើងវិញនិងកំណែទម្រង់នៃការបោះឆ្នោត យើងអាចអង្គុយនៅមុខព្រះមហាក្សត្រ និងចុះកិច្ចព្រមព្រៀង ហើយបន្ទាប់មក យើងនឹងទៅ រដ្ឋសភា»។
អ្នកវិភាគនយោបាយ លោក កែម ឡី បានថ្លែងថា លោកបានស្តាប់សុន្ទរកថារបស់លោក ហ៊ុន សែន ជា «សារនយោបាយ» មួយដែលទទួលស្គាល់ថា ការបោះឆ្នោតលឿនមុនការកំណត់ទំនងនឹងធ្វើឡើង។ លោកបន្តថា៖ «គណបក្សទាំងពីរនឹងចូលរួមសភា ហើយធ្វើវិសោធនកម្មមាត្រា ៧៨ [ដែលចែងថា សភាមិនអាចរំលាយបានពីមុនការចប់អាណត្តិរយៈពេល ៥ឆ្នាំ របស់ខ្លួន] ហើយរៀបចំការបោះឆ្នោតអាណត្តិ ទី៦ មុនឆ្នាំ ២០១៨»។
លោក កែម ឡី បានបន្ថែមថា៖ «នោះហើយជាមូលហេតុដែលលោក ហ៊ុន សែន កំពុងចាប់ផ្តើមរៀបចំយុទ្ធនាការបោះឆ្នោតរបស់គាត់ចាប់ពីពេលនេះទៅ។ សារនយោបាយពីខេត្ត ក្រចេះ គឺជាយុទ្ធនាការបោះឆ្នោតរួចទៅហើយ»។
លោក សុខ ទូច អ្នកវិទ្យាសាស្រ្តផ្នែកនយោបាយបានថ្លែងថា ភាពជាប់គាំងនយោបាយបន្ទាប់ពីការបោះឆ្នោតទាំងអស់កាលពីអតីតកាល ត្រូវបានដោះស្រាយតាមរយៈឆន្ទៈនយោបាយ និងមិនមែនទៅតាមវិធានការរដ្ឋធម្មនុញ្ញតឹងរ៉ឹងនោះទេ។ «ខ្ញុំគិតថា ឆន្ទៈនយោបាយគឺជាឆន្ទៈតែមួយគត់ដើម្បីដោះស្រាយបញ្ហា... ពីព្រោះគណបក្សនីមួយៗមានឆន្ទៈខុសគ្នាអំពីរបៀបបកស្រាយរដ្ឋធម្មនុញ្ញ»។
លោក សុខ ទូច បានបន្ថែមថា អ្នកគាំទ្រគណបក្សកាន់អំណាចនឹងមិនចេញមកធ្វើបាតុកម្មការពារគណបក្សកាន់អំណាចនោះទេ ហើយលោកបានហៅទិចនិកនេះថា «ហួសសម័យ»។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងចំណាត់ការមួយដែលត្រូវបានសរសើរដោយគណបក្សសង្គ្រោះជាតិ សភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយអំពាវនាវរដ្ឋាភិបាលលុបចោលការហាមប្រាមការជួបជុំប្រមូលផ្តុំសាធារណៈ និង «ទទួលស្គាល់តួនាទីស្របច្បាប់» របស់គណបក្សប្រឆាំង និងសុំឲ្យមានការលើកចោលដីកាកោះរបស់តុលាការទៅលើមេដឹកនាំរបស់គណបក្សនេះ និងសុំឲ្យមានការទទួលយកការស៊ើបអង្កេតដែលមានការជួយជាអន្តរជាតិទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
ម្ចាស់ជំនួយដ៏ធំបំផុតរបស់កម្ពុជានេះ ក៏បានអំពាវនាវទៅរដ្ឋាភិបាលផងដែរឲ្យដោះលែងមនុស្ស ២៣ នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើកម្មករកាត់ដេរដែលធ្វើបាតុកម្មកាលពីដើមខែនេះ និងស៊ើបអង្កេតការស្លាប់មនុស្ស ៤នាក់ ដោយកម្លាំងប្រដាប់អាវុធក្នុងអំឡុងប្រតិបត្តិការបង្ក្រាបនោះ៕ TK/PS
2 comments:
At this point I have no more faith in CNRP to retain a legitimate winner in this election and retain a legitimate power from CPP.
None-violent demonstrations sometimes work sometimes doesn't. At this point it doesn't work in Cambodia. CNRP have to sacrifice and use the ultimate decision which road they have to take.
Cambodia once dominated the region in S/E/A. Now Cambodia is the smallest country in S/E/A. Cambodia is the most problematic in S/E/A, Cambodia is the most uneducated peoples in S/E/A. To stabilized the country the next generation and more educated young generation and corruptless generation need to run the country.
Post a Comment