A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 7 January 2014

ក្រសួង​ការ​បរទេស​បារាំង​សោក​ស្តាយ​ចំពោះ​ហិង្សា​លើ​បាតុកម្ម​កម្មករ

លាង ផាន់ណារ៉ា ភ្នំពេញ ប៉ុស្តិ៍  Monday, 06 January 2014

ភ្នំពេញៈក្រសួង​ការ​បរទេស​នៃ​ប្រទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​សម្តែង​ការ សោក​ស្តាយ​ចំពោះ​អំពើ​ហិង្សា ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ ហើយ​សូម​រំលឹក​អំពី​ការ​ប្រកាន់​ខ្ជាប់​របស់​ខ្លួន​ចំពោះ​សេរីភាព​ក្នុង​ការ​ធ្វើ​បាតុ​កម្ម​​អហិង្សា។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​បារំាង បាន​បន្ត​ថា ប្រទេស​បារាំង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថាន​ការណ៍​នៅ​ប្រទេស​កម្ពុជា​ ដោយ​អំពាវនាវ ជា​ការ​សំខាន់ ឲ្យ​មាន​ការ​ចរចារ​នយោបាយ​អាច​ចាប់​ផ្តើម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់​និង​ការអត់ធ្មត់ ដើម្បី​ឲ្យ​ភាគី​ទាំង​ឡាយ​អាច​ធ្វើ​ការ​រួម​គ្នា​ជា​ប្រយោជន៍​ដល់​ដំណើរ​ការ​ល្អ​នៃ​ស្ថាប័ន​នានា។

រហូត​មក​ដល់​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មិន​ទាន់​ចេញ​សេចក្តី​ជូន​ដំណឹង​ណា​មួយ ពាក់​ព័ន្ធ​នឹង​ការ​ចរចា​គ្នា ដើម្បី​ដោះ​ស្រាយ​នូវ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឡើយ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២ មករា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​បាន​សម្រេច​លុប​ចោល​កិច្ច​ចរចា ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថ្កោល​ទោស​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន ដោយ​សារ​បាន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បាតុករ​អហិង្សា ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ ហើយ​ព្រម​ទាំង​ចាប់​ខ្លួន​ព្រះសង្ឃ តំណាង​សហជីព និង​កម្មករ​មួយ​ចំនួន និង​​មួយ​ថ្ងៃ​ក្រោយ​មក កង​កម្លាំង​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បង្រ្កាប​ដោយ​ហិង្សា​ បាញ់​កាំភ្លើង​គ្រាប់​ពិត​ទៅ​លើ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ របស់​កម្មករ​នៅ​កន្លែង​មួយ​ទៀត ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​យ៉ាង​តិច​ចំនួន ៤ នាក់​បាន​ស្លាប់​និង​រង​របួស​ធ្ងន់​ជាង ៣០ នាក់ ហើយ​កង​កម្លាំង​របស់​រដ្ឋាភិបាល​ក៏​បាន​រង​របួស​ជា​ច្រើន​​នាក់​ផង​ដែរ។

មេ​ដឹក​នាំ​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ដំណើរ​រឿង​ដូច​គ្នា​គឺ «ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» ខណៈ​ពេល​ដែល​សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ផ្សេង​ទៀត អំពាវ​នាវ​ឲ្យ​គណបក្ស​ទាំង​ពីរ​ត្រលប់​ចូល​តុ​ចរចា​វិញ។


No comments: