មនុស្ស១១នាក់ស្លាប់និង២៧នាក់របួសក្នុងហេតុការណ៍គប់គ្រាប់បែកនៅកំពង់ធំ
ដោយ ទេព សុរ៉ាវី
2014-01-26
2014-01-26
អាជ្ញាធរខេត្តកំពង់ធំ បានឃាត់ខ្លួនបុរសម្នាក់ដែលមានមុខរបរជាយោធានៅតាមព្រំដែន បន្ទាប់ពីសង្ស័យថា បានគប់គ្រាប់បែកចូលក្នុងហ្វូងមនុស្សដែលកំពុងរាំរែកក្នុងពិធី មង្គលការមួយ កាលពីយប់ថ្ងៃសៅរ៍ នៅភូមិជាំ ក្នុងស្រុកប្រាសាទសំបូរ បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និងរបួស ២៧នាក់។
អធិការស្រុកប្រាសាទសំបូរ លោក យ៉េង សារ៉េន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែមករា ថា ការបោះគ្រាប់បែកចូលក្នុងរោងការនោះ មានមនុស្ស ៩នាក់ស្លាប់ ហើយរបួស ២៩នាក់។ តែគិតត្រឹមរសៀលថ្ងៃទី២៦ ខែមករា អ្នករបួស ២នាក់ដែលមានអាកាៈធ្ងន់ធ្ងរ បានស្លាប់ក្នុងមន្ទីរពេទ្យបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកនោះឡើង ដល់ ១១នាក់ ហើយអ្នករបួសបានធ្លាក់មកនៅចំនួន ២៧នាក់វិញ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាជនដៃដល់បោះគ្រាប់បែកនោះ។
ស្នងការនគរបាលខេត្តកំពង់ធំ លោក ផាន់ សុផេន បន្តថា ទាំងកូនកំលោះនិងកូនក្រមុំបានរងរបួសក្នុងការគប់គ្រាប់បែកនោះ ដែរ ហើយកូនក្រមុំរងរបួសធ្ងន់ធ្ងរជាងកូនកំលោះ។ លោកបន្តថា អាជ្ញាធរនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុពិតនៃការគប់គ្រាប់បែកនោះ នៅឡើយទេ។ តែជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ករណីនេះអាចជារឿងគំនុំច្រើនជាងរឿងស្នេហាត្រីកោណ ព្រោះកន្លងមកជនសង្ស័យធ្លាប់មានជម្លោះជាមួយកូនកំលោះ។
តាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិឲ្យដឹងថា ជនដែលឃាត់ខ្លួនក្នុងការគប់គ្រាប់បែកនោះ មានមុខរបរជាយោធានៅព្រំដែន និងបានសម្រាកមកលេងផ្ទះបងប្អូននៅក្នុងភូមិជាំ មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ។ ជនសង្ស័យនោះធ្លាប់បានផឹកស៊ីនៅផ្ទះកូនកំលោះរហូតមានទំនាស់គ្នា ដោយសារតែជនសង្ស័យបានឡកឡឺយលែបខាយដាក់កូនក្រមុំ ប៉ុន្តែជម្លោះនោះត្រូវបានដោះស្រាយបញ្ចប់រឿងដោយឲ្យខាងកូនកំលោះ សងប្រាក់ទៅជនសង្ស័យ ២០ម៉ឺនរៀល។ សមត្ថកិច្ចសង្ស័យថា ជនសង្ស័យទំនងជាមិនស្ងប់ចិត្ត ទើបបោកបំផ្ទុះគ្រាប់បែកសងសឹក និងមានចេតនារំខានដល់កម្មវិធីមង្គលការរបស់គូជម្លោះតែម្ដង៕
No comments:
Post a Comment