រាជរដ្ឋាភិបាលបានដាក់លិខិតថ្វាយទៅព្រះមហាក្សត្រ សុំរាជានុញ្ញាតឲ្យមន្ត្រីនគរបាលជាតិជាន់ខ្ពស់ថ្នាក់ឧត្ដមសេនីយ៍ចំនួន ៧០រូបនៃក្រសួងមហាផ្ទៃ ចូលនិវត្តន៍។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា នេះជាដំណើរនៃកំណែទម្រង់ដ៏ល្អក្នុងវិស័យរដ្ឋបាលសាធារណៈ និងជាឱកាសមួយសម្រាប់យុវជនជំនាន់ក្រោយ។
ដោយ ទេព សុរ៉ាវី
2013-12-08
មន្ត្រីនគរបាលជាតិ ជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលមានឋានន្តរសក្ដិចាប់ពីផ្កាយ១ ដល់ផ្កាយ៣ ចំនួន ៧០នាក់ ត្រូវចូលនិវត្តន៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតមួយទៅព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដែលវិទ្យុអាស៊ីសេរី ទើបតែទទួលបាន បង្ហាញថា រាជរដ្ឋាភិបាលបានស្នើសុំឲ្យព្រះមហាក្សត្រដាក់ឲ្យមន្ត្រី ៧០រូប ចូលនិវត្តន៍ ដោយយោងតាមព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
លោក ហ៊ុន សែន ក៏បានរាយនាមឈ្មោះនាយនគរបាលជាតិជាន់ខ្ពស់ទាំងនោះឲ្យព្រះមហាក្សត្រទតនិងសម្រេច។ ក្នុងនោះមាននាយឧត្ដមសេនីយ៍ឯក ឬមន្ត្រីនគរបាលដែលមានឋានន្តរសក្ដិផ្កាយ៣ ចំនួន ៩រូប។ នាយឧត្ដមសេនីយ៍ទោ ឬមន្ត្រីនគរបាលដែលមានឋានន្តរសក្ដិផ្កាយ២ ចំនួន ២០រូប និងនាយឧត្ដមសេនីយ៍ត្រី ឬមន្ត្រីនគរបាលដែលមានឋានន្តរសក្ដិផ្កាយ១ ចំនួន ៤១រូប។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការដាក់ឲ្យមន្ត្រីចូលនិវត្តន៍ គឺផ្អែកទៅលើចំណុច ២សំខាន់ គឺទី១ ដោយសារតែមន្ត្រទាំងនោះដល់អាយុចូលនិវត្តន៍ ទី២ គឺដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យរដ្ឋបាលសាធារណៈ៖ «មន្ត្រីដល់អាយុចូលនិវត្តន៍ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងកំណែទម្រង់ស៊ីជម្រៅហ្នឹង គឺត្រូវតម្រូវឲ្យមន្ត្រីទាំងនោះចូលនិវត្តន៍ នេះជាគោលការណ៍ធំ។ ...ឬបង្កើនសមត្ថភាពថ្មី ឬឈាមថ្មីចូលទៅក្នុងការងារជួររាជរដ្ឋាភិបាល»។
លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក យល់ឃើញថា ការដាក់មន្ត្រីឲ្យចូលនិវត្តន៍តាមអាយុ ដោយមិនមានការពន្យារអាយុចូលនិវត្តន៍ ជាដំណើរនៃការកំណែទម្រង់ដ៏ល្អក្នុងវិស័យរដ្ឋបាលសាធារណៈ និងជាឱកាសមួយសម្រាប់យុវជនជំនាន់ក្រោយ៖ «ជាឱកាសមួយដែរ កើតមានសម្រាប់យុវជនក្នុងការទទួលបាននូវតួនាទីនៅក្នុងរាជរដ្ឋាភិបាល ពិសេសយុវជនដែលមានសមត្ថភាពពេញលេញ មានចំណេះដឹងគ្រប់គ្រាន់ មានថាមពលសម្រាប់បម្រើដល់សេចក្ដីត្រូវការដល់ប្រជាពលរដ្ឋ ខណៈដែលពួកគេនឹងត្រៀមជាអ្នកផ្ដល់សេវានោះ»។
សព្វថ្ងៃមានមន្ត្រីរាជការ គ្រូបង្រៀន ទាហាននិងប៉ូលិស រួមទាំងឈ្មោះមន្ត្រីខ្លះដែលបានស្លាប់សរុបប្រមាណ ៤០ម៉ឺននាក់។
រាជរដ្ឋាភិបាលអាណត្តិមុនបានទទួលការរិះគន់ខ្លាំងចំពោះមន្ត្រីក្រោមឱវាទខ្លះដែលពន្យារការចូលនិវត្តន៍ ឬកុហកបន្ថយអាយុពិត ដើម្បីអាចធ្វើការបានយូរ។ ការមិនព្រមចូលនិវត្តន៍របស់មន្ត្រីដល់អាយុចូលនិវត្តន៍ ធ្វើឲ្យក្មេងជំនាន់ក្រោយបាត់ឱកាសមានការងារធ្វើ និងការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីៗ៕
No comments:
Post a Comment