ដោយ៖ បូ សាវី និង ដួង សុខា | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013, ម៉ោង 03:35 PM
ស្តាប់សំឡេង៖ |
ចម្លងទុក |
លោក
សម រង្ស៊ី(ខាងស្ដាំ) និងលោក កឹម សុខា ប្រធាន
និងអនុប្រធានគណបក្សសង្គ្រោះជាតិនៅប្រាសាទអង្គរកាលពីថ្ងៃទី២៥
ខែសីហា ឆ្នាំ២០១៣(រូបថតដោយ បូ សាវី)
គណបក្សសង្គ្រោះជាតិ
នឹងធ្វើមហាបាតុកម្មលើកទី៤ នៅលើទឹកដីអង្គរ ខេត្តសៀមរាប
នៅថ្ងៃទី១០ធ្នូ ចំថ្ងៃទិវាសិទ្ធិមនុស្សអន្ដរជាតិលើកទី៦៥
ដើម្បីជំរុញឲ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
ដោយមិនត្រូវប្រើអំពើហិង្សា ដូចជាករណីសមត្ថកិច្ចប្រើហិង្សា
លើប្រជាពលរដ្ឋនៅស្ពានអាកាសក្បាលថ្នល់ កាលពីខែកញ្ញា
និងនៅស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីខែវិច្ឆិកា។
គោលបំណងនៃការប្រមូលផ្តុំមហាជន
ក៏ដើម្បីបន្តទាមទារឲ្យមានការអង្កេតភាពមិនប្រក្រតីនៃ
ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ ផងដែរ។
ក្រោយពីបានទទួលដំណឹងនៃការជួបជុំនេះ
ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្ត មានប្រសាសន៍ថា
ពួកគាត់រីករាយត្រៀមខ្លួនចូលរួមបាតុកម្ម ដែលនឹងដឹកនាំដោយប្រធាន
និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា។
សម្បុរខ្មៅ សក់រួញ អាយុជាង៤០ឆ្នាំ ពលរដ្ឋរស់នៅភូមិអារញ្ញសាគរ
សង្កាត់សៀមរាប លោក ភិន សុផល រៀបរាប់ថា
លោកត្រៀមខ្លួនចូលរួមបាតុកម្មជាមួយគណបក្សប្រឆាំង។ លោកបន្ដថា
លោកលះបង់ទាំងកម្លាំងកាយចិត្ដ និងថវិកា ដោយមិនសោកស្ដាយឡើយ
ដើម្បីទាមទាររកយុត្ដិធម៌ជូនម្ចាស់ឆ្នោត ៖ “សុខចិត្ដបិចពី
មាត់បិចពីកលក់មេមាន់មេទាដើម្បីទៅចូលរួមធ្វើបាតុកម្មហើយ
ដើម្បីទាមទារនៅអ្វីដែលពួកខ្ញុំបាត់បង់
សំឡេងឆ្នោតដែលពួកខ្ញុំាបានបាត់បង់នោះឯង
បាទអ្វីដែលគេលួចគប្លន់ពីគណបក្សសង្គ្រោះជាតិ
វាមានពិតមែនពិតប្រាកដមែន
បានជាយើងទាំងអស់គ្នាមិនសុខចិត្ដជាដាច់ខាត់ត្រូវតែទាមទារនៅអ្វី
ដែលគេលួចយកពីយើងវិញឲ្យបាន” ។
កាលពីថ្ងៃទី២ ខែធ្នូ គណបក្សសង្គ្រោះជាតិខេត្តសៀមរាប
បានជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអភិបាលខេត្តនេះ
ពីគម្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅបរិវេណខាងត្បូង
ឆៀងខាងលិចរង្វង់មូលអង្គរឃ្យុងយូ ស្ថិតក្នុងសង្កាត់ស្លក្រាម
ចម្ងាយប្រហែល៧គីទ្បូម៉ែត្រ ពីប្រាសាទអង្គរវត្ត។
ក្នុងទឹកមុខញញឹមញញែម ស្ដ្រីជាអាជីវករ នៅផ្សារសាមគ្គី
សង្កាត់ស្លក្រាម ឈ្មោះ ឃុត កី មានប្រសាសន៍ថា គាត់ និងអាជីវករផ្សេងទៀត
ពេញចិត្ដដែលគណបក្សប្រឆាំងធ្វើបាតុកម្មនៅលើទឹកដីអង្គរ។
គាត់ថានឹងចូលរួមដោយមិនមានភាពភ័យខ្លាចឡើយ ហើយនឹងយកស្បៀងអាហារ
និងភេសជ្ជៈចែកជូនបាតុករផង ៖
“ខ្ញុំចង់ឲ្យរដ្ឋាភិបាលនោះដោះស្រាយតែដោះស្រាយដោយវិធីល្អ
កុំមានការប្រើអំពើហិង្សា ហើយណាមួយខ្ញុំចង់បានដែរ
ខ្ញុំចង់បានគណបក្សសង្គ្រោះជាតិដើម្បីបានឡើងតំណែងហ្នឹងគេខ្លះ
មិនឲ្យអត់ទេ ខ្ញុំដឹងថាគាត់មនុស្សល្អ ល្អត្រង់គាត់ចេះប្រជាជន
គាត់ចេះស្រឡាញ់ប្រទេសជាតិ គាត់អត់ចេះធ្វើបាបប្រជាជន
ព្រោះគាត់ស្រឡាញ់ធម្មជាតិស្រឡាញ់ខ្មែរទាំងអស់គ្នា” ។
គណបក្សសង្គ្រោះជាតិ
បានដឹកនាំធ្វើមហាបាតុកម្មអហិង្សា៣លើកមកហើយ នៅទីលានប្រជាធិបតេយ្យ
នារាជធានីភ្នំពេញ ដែលមានពលរដ្ឋមកពីបណ្តាខេត្ត-រាជធានី
រាប់ម៉ឺននាក់ចូលរួម ដើម្បីទាមទារឲ្យគណបក្សប្រជាជនកម្ពុជា
របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
។ ប៉ុន្តែ គណបក្សកាន់អំណាចបានច្រានចោល ជាច្រើនលើកការទាមទារនេះ
ដោយបកស្រាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប
និងក្រុមប្រឹក្សាធម្មនុញ្ញ
បានដោះស្រាយបញ្ហាបោះឆ្នោតចប់ជាស្ថាពរហើយ។
អាជីវករម្នាក់ទៀត អ្នកស្រី លឹម ឡៃគីម ឲ្យដឹងថា អ្នកស្រី និងស្វាមី
ក៏ចូលរួមលើកទឹកចិត្ដបាតុករដែរ។ អ្នកស្រី កត់សម្គាល់ថា
រាជរដ្ឋាភិបាលបច្ចុប្បន្ន មិនទាន់គោរពសិទ្ធិមនុស្ស
និងអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញនៅឡើយទេ
ដោយសារសមត្ថកិច្ចនៅតែប្រើអំពើហិង្សាទៅប្រជាពលរដ្ឋ ដោយមិនមានហេតុផល
៖ “ជួយលើកទឹកចិត្ដទាំងអ្នកដឹកនាំ
ជួយលើកទឹកចិត្ដទាំងប្រជាជនចូលរួមទាំងអស់គ្នាហ្នឹងណាស់
ចង់ទាមទារសិទ្ធិសេរីភាពរបស់ខ្មែរហ្នឹងដែរ
យើងមានការឈឺចាប់ជាមួយគ្នាដែរ ចឹងសុំឲ្យរដ្ឋាភិបាលហ្នឹង ដូចថា
គិតមើលប្រជាជនផង កុំឲ្យគិតតែខ្លួនឯង ទឹកដី ព្រៃឈើ ប្រាសាទអង្គរ
ភ្នំបូកគោ គឺគាត់គិតប្រជារាស្ដ្រជាងប្រជារាស្ដ្រខ្លួនឯង
ចាកោះត្រល់កោះអី គិតគេជាងខ្មែរ
គាត់ធ្វើអីដើម្បីផលប្រយោជន៍អ្នកដទៃ
អត់មានអីធ្វើដើម្បីផលប្រយោជន៍ខ្មែរទេ” ។
ក្នុងទឹកមុខមុតមាំ អ្នកស្រី
អះអាងថានឹងបន្តទាមទាររកយុត្តិធម៌ជាមួយគណបក្សសង្គ្រោះជាតិ
ទោះបីការទាមទារកន្លងមក មិនទាន់ទទួលបានជោគជ័យក៏ដោយ ៖
"ដូចលោកសម រង្ស៊ី លោកកឹម សុខា លោកហ៊ុន សែន
ហ្នឹងខ្ញុំអត់មានស្រលាញ់អ្នកណាទាំងអស់
ប៉ុន្តែគ្រាន់តែខ្ញុំចង់បានសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរ
ដូចថា បើថាខ្ញុំត្រូវ បើថាខ្ញុំខុស ចាប់ខ្ញុំយកទៅណាចាប់ទៅ
ប៉ុន្តែបើពេលខ្ញុំត្រូវហើយ គឺច្បាប់ត្រូវការពារខ្ញុំ
អត់មានច្បាប់មករំលោភសិទ្ធិខ្ញុំទេ
រំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរទាំងអស់ទេ"។
ក្នុងពិធីសំណេះសំណាលជាមួយអាជីវករ នៅខេត្ដសៀមរាប កាលពីថ្ងៃទី៣០
ខែវិច្ឆិកា រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា
គណបក្សសង្គ្រោះជាតិមិនគួរធ្វើបាតុកម្ម នៅតំបន់អង្គរនោះឡើយ
ពីព្រោះ ប្រទេសកម្ពុជាវាធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ។
ប៉ុន្ដែគណបក្សសង្គ្រោះជាតិ អះអាងថា ការជួបជុំមហាជននៅតំបន់ទេសចរណ៍
មិនមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ទេ ពីព្រោះភ្ញៀវទេសចរជាតិ
និងអន្តរជាតិ
ក៏ចង់លើកទឹកចិត្តប្រជាពលរដ្ឋដែលស្រទ្បាញ់ការគោរពសិទ្ធិមនុស្ស។
អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ធ្លាប់ប្រាប់VODថា
អាជ្ញាធរខេត្តបានត្រៀមកម្លាំងសមត្ថកិច្ចរួចជាស្រេច
ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ ៖
"កម្លាំងត្រៀមការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ខាងក្រៅ
គឺកម្លាំងរបស់សមត្ថកិច្ច
កម្លាំងខាងក្នុងពិធីគឺកម្លាំងរបស់គណបក្សសង្គ្រោះជាតិ"។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្ដសៀមរាប
លោក នូ ពុទ្ធិ សង្ឃឹមថា សមត្ថកិច្ចមិនប្រើហិង្សាលើពលរដ្ឋ
នៅក្នុងទីក្រុងប្រវតិ្ដសាស្ដ្រអង្គរ ដូចករណីនៅរាជធានីភ្នំពេញទេ។
លោកគិតថា ការជួបជុំនេះមិនប៉ះពាល់ដល់ភ្ញៀវទេសចរទេ
បើសិនអាជ្ញាធរសហការគ្នាបានល្អ។ លោកស្នើអាជ្ញាធរ និងក្រុមបាតុករ
គោរពសិទ្ធិគ្នាទៅវិញទៅមក ៖ "ប៉ុន្តែយើងខ្ញុំសង្ឃឹមថា
បទពិសោធន៍ដែលអាក្រក់ដែលកើតមាននៅក្នុងរាជធានីភ្នំពេញ ពីរករណី
នៅក្នុងក្រោយពេលបោះឆ្នោតនីតិកាលទី៥នេះហ្នឹង
គឺថាមិនត្រូវបានយកមកជាឧទាហរណ៍ ឬក៏អនុវត្តជាក់ស្តែង
នៅក្នុងខេត្តសៀមរាបនេះទៀតទេ សង្ឃឹមថាអាជ្ញាធរខេត្តសៀមរាបនេះ
លោកមានទស្សនៈវែងឆ្ងាយយល់ច្បាស់អំពីសិទ្ធិនៃការបញ្ចេញមតិ
ហើយយល់ច្បាស់អំពីផលប៉ះពាល់ដែលការរិតបន្តឹងវាហួសហេតុ
នាំឲ្យមានអន្តរាយដល់ខេត្តដែលមានភ្ញៀវទេសចរណ៍នេះផងដែរ"។
គណបក្សសង្គ្រោះជាតិ បានព្រមានធ្វើមហាបាតុកម្ម ថ្ងៃទី១៥ ខែធ្នូ
ទាមទារឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឡើងវិញ
ប្រសិនបើមហាបាតុកម្មចុងក្រោយរបស់ខ្លួន នៅតែមិនទទួលបានដំណោះស្រាយ៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com
No comments:
Post a Comment