ដោយ៖ ញឹម សុខន | ថ្ងៃអាទិត្យ ទី10 ខែវិច្ឆិកា ឆ្នាំ2013 | 1 ម៉ោង មុន
មានសេចក្ដីរាយការណ៍ថា នៅថ្ងៃអាទិត្យនេះ នាយទាហាន និងពលទាហាន
ឈរជើងនៅជិតប្រាសាទព្រះវិហារ
ពួកគេត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់
ក្នុងតំបន់ឈរជើងរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ថ្លែងប្រាប់VOD តាមរយៈទូរស័ព្ទដោយសុំមិនឲ្យបញ្ចេញអត្តសញ្ញាណ
នាយទាហាន និងពលទាហាន ឈរជើងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ
ជិតប្រាសាទព្រះវិហារ ឲ្យដឹងថា ពួកគេត្រូវបានមេបញ្ជាការ
ឲ្យបង្កើនការប្រុងប្រយ័ត្ន នៅទីតាំងដែលខ្លួនឈរជើង
ដោយផ្អាកការសុំអនុញ្ញាតច្បាប់មួយរយៈ
មិនឲ្យដើរឆ្ងាយពីទីតាំងដែលខ្លួនឈរជើង ត្រៀមស្បៀងអាហារបម្រុងទុក
ជាដើម។
ការបង្កើនការប្រុងប្រយ័ត្ន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ជិតប្រាសាទព្រះវិហារនេះ ធ្វើឡើងខណៈ
តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ICJ
នឹងប្រកាសសាលដីកានៅថ្ងៃចន្ទស្អែកនេះ ទាក់ទិននឹង
ដីទំហំ៤,៦គីឡូម៉ែត្រក្រឡា នៅជិតប្រាសាទព្រះវិហារខ្មែរ
ដែលថៃទាមទារឲ្យដាក់ជាតំបន់ត្រួតស៊ីគ្នា។
ការទាមទារនេះ ធ្វើឡើងក្រោយពីកម្ពុជាបានដាក់ប្រាសាទព្រះវិហារ
ជាបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨
រហូតមានផ្ទុះអាវុធបង្ហូរឈាមគ្នា
ដោយសាភាគីកម្ពុជាមិនព្រមប្រគល់កម្មសិទ្ធិរបស់ខ្លួនទៅឲ្យភាគីថៃ។
នៅឆ្នាំ១៩៦២ តុលា ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ
បានចេញសាលដីកាម្តងហើយថា ប្រាសាទព្រះវិហារ
និងដីនៅតំបន់នោះជាកម្មសិទ្ធិរបស់ខ្មែរ។
ប៉ុន្តែដោយសារភាគីថៃនៅតែមានមហិច្ឆតាចង់បាន
ទើបកម្ពុជាប្តឹងឲ្យតុលាអន្តរជាតិមួយនេះបកស្រាយសាលដីកានេះឡើងវិញ។
យ៉ាងណាក៏ដោយ ទាំងភាគីកម្ពុជា និងភាគីថៃ បានសន្យាថា
នឹងមិនបង្កភាពតានតឹងណាមួយនៅតាមព្រំដែនកម្ពុជា-ថៃទេ
ក្រោយការប្រកាសសាលដីកា
របស់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេនេះ៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment