ដោយ៖ តាំង វីដា | ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ(CNRP) លោកយឹម សុវណ្ណ ឲ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ក្រុមការងារបច្ចេកទេសគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា(CPP) នៅមិនទាន់កំណត់ថ្ងៃប្រជុំចរចាជាថ្មីទៀតនៅទ្បើយទេ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយបច្ចុប្បន្ន។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរ បានជួបប្រជុំអស់រយៈពេលជាង៣ម៉ោង ប៉ុន្តែមិនមានការប្រកាសលទ្ធផលជាផ្លូវការ ដោយរង់ចាំរាយការណ៍ ជូនថ្នាក់ដឹកនាំរៀងៗខ្លួន មុននឹងប្រកាសជាសាធារណៈ។ ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរ បានប្រកាសព្រមព្រៀងគ្នាថា នឹងជួបគ្នាម្តងទៀត នៅចុងសប្តាហ៍នេះ។
លោក យឹម សុវណ្ណ បញ្ជាក់ថា ការមិនទាន់កំណត់ថ្ងៃជួបប្រជុំជាថ្មីនេះ ពីព្រោះគណបក្សទាំងពីរ ខ្វែងគំនិតគ្នានៅឡើយ ដោយសារតែគណបក្សប្រជាជនកម្ពុជា មិនបានពិចារណាសំណើរបស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការទាមទារឲ្យស៊ើបអង្កេត ដោយតម្លាភាព ចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត និងទាមទារឲ្យថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លាលែងពីតំណែង។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅល្ងាចថ្ងៃទី០៥ខែវិច្ឆិកា បានលើកឡើងថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរទាមទារយុត្តិធម៌ លើការបោះឆ្នោត ហើយការស្រាវជ្រាវរការពិតលើការបោះឆ្នោត ជាករណីចាំបាច់មួយ ដែលគណបក្សប្រជាជនកម្ពុជា គួរតែទទួលស្គាល់ មុននឹងមានកិច្ចព្រមព្រៀងជាដំណោះស្រាយនយោបាយណាមួយ ដែលអាចចេញជារូបរាងបាន។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច យល់ថា កិច្ចពិភាក្សាក្រុមការងារបច្ចេកទេសរវាងគណបក្សនយោបាយទាំងពីរ ទទួលលទ្ធផល លុះណាតែថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ បានព្រមព្រៀងគ្នាលើការទាមទារពិតប្រាកដ ជាក់លាក់ជាមុនសិន៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
No comments:
Post a Comment