មន្ត្រីក្រុមប្រឹក្សាខេត្តនិងសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង បានជំរុញឲ្យក្រសួងមហាផ្ទៃ ពន្លឿនកិច្ចអន្តរាគមន៍ជុំវិញការដកតំណែងមន្ត្រីក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ មកពីគណបក្ស សម រង្ស៊ី ចំនួន ២រូប ឲ្យបានចូលកាន់មុខតំណែងវិញ ក្នុងគោលបំណងរួមចំណែកបម្រើការងារសង្គមជាតិនិងប្រជាពលរដ្ឋ។
ដោយ ជិន ជេដ្ឋា
2013-09-29 RFA
មន្ត្រីគណបក្សប្រឆាំងបានបញ្ជាក់នៅថ្ងៃទី២៩ ខែកញ្ញា ថា មន្ត្រីក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ លោក សៅ ហន និងលោក ឈន ឈឿន កំពុងតែទន្ទឹងចាំមើលចម្លើយពីក្រសួងមហាផ្ទៃ ចំពោះកិច្ចអន្តរាគមន៍ថា តើខ្លួនត្រូវបានគេអនុញ្ញាតឲ្យចូលបម្រើការងារវិញ ឬយ៉ាងណា?
មន្ត្រីក្រុមប្រឹក្សាខេត្ត និងជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង លោក ដួង ចន្ដ្រា មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានលើកយកករណីនេះទៅពិភាក្សាជាមួយនឹងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងអំឡុងពេលនៃកិច្ចចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះពុំទាន់មានពន្លឺអ្វីនោះទេ។
លោក ដួង ចន្ដ្រា៖ «ឯកឧត្ដម ស ខេង ក៏មានពាក្យតបវិញថា គាត់នឹងត្រួតពិនិត្យឡើងវិញ ហើយនឹងធ្វើលិខិតមួយបញ្ជូនមកប្រធានក្រុមប្រឹក្សាស្រុកឲ្យគាត់បញ្ចូលសមាសភាពនេះចូលធ្វើការវិញ ប៉ុន្តែការរង់ចាំយើងពីពេលនោះមកដល់ពេលនេះ ពុំមានការឆ្លើយតបអ្វីទាំងអស់ ហើយប្រធានក្រុមប្រឹក្សាគឺអះអាងថា បើគ្មានលិខិតណាមួយបញ្ជាក់ពីក្រសួងមហាផ្ទៃ គឺគាត់មិនអនុញ្ញាតឲ្យចូលធ្វើការវិញទេ»។
លោក សៅ ហ៊ន និងលោក ឈន ឈឿន ត្រូវបានប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ មកពីគណបក្សប្រជាជនកម្ពុជា លោក កៅ ហុន ប្រកាសដកតំណែងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ក្រោមហេតុផលថា លោកទាំងពីរបានចូលរួមធ្វើសកម្មភាព និងផ្ដាច់ខ្លួនចូលគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែការដកតំណែងនេះ ត្រូវបានមន្ត្រីគណបក្សប្រឆាំងបដិសេធ ហើយចាត់ទុកថាជាការគំរាមកំហែងផ្នែកនយោបាយ និងធ្វើឡើងផ្ទុយពីច្បាប់។
សមាជិកក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ លោក ឈន ឈឿន មានប្រសាសន៍ថា ចាប់តាំងពីគេដកតំណែងមក លោកបានទៅនៅសាលាស្រុកចំនួន ២លើក ក្នុងគោលបំណងចូលរួមប្រជុំ ក៏ប៉ុន្តែត្រូវបានគេហាមឃាត់មិនឲ្យចូលប្រជុំ ដោយហេតុថាមិនទាន់មានលិខិតបញ្ជាក់ពីគណបក្ស ឬក្រសួងមហាផ្ទៃ ថាលោកទាំងពីរនាក់ពិតជាមិនបានផ្ដាច់ខ្លួនចូលគណបក្សសង្គ្រោះជាតិនោះទេ។
លោក ឈន ឈឿន៖ «សាលាស្រុកហ្នឹងគាត់ធ្វើអ្វីមួយមិនសមរម្យទៅលើប្រជាពលរដ្ឋ។ យើងគ្រាន់តែជួយអន្តរាគមន៍គាត់។ ទីពីរទៀត យើងកាត់បន្ថយការពុករលួយ ដូចជាធ្វើឯកសារអីផ្សេងៗហ្នឹង ពេលប្រជុំក្រុមប្រឹក្សាអ៊ីចឹងយើងលើកឡើងពីបញ្ហាអ៊ីចឹងទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ លោក កៅ ហ៊ុន និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា។
នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិនៅកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រធានក្រុមប្រឹក្សាស្រុកមិនអាចព្យួរប្រាក់ខែ ឬដកមុខតំណែងសមាជិកក្រុមប្រឹក្សាស្រុកណាម្នាក់បានទេ លុះត្រាតែមានការឯកភាពពីសមាជិកក្រុមប្រឹក្សាទាំងមូល៖ «លុះត្រាតែអ្នកនោះវាមានជាសមាជិកភាពអីត្រឹមត្រូវ ហើយសកម្មជនអីច្បាស់ ឬក៏ឈឈ្មោះឲ្យគណបក្សហ្នឹង អាហ្នឹងបានវាមានន័យថា វាលាលែងពីគណបក្សដើម។ គាត់អស់ឈ្មោះក៏ដោយ ក៏គណបក្សដើមគេមានសិទ្ធិតាំងមួយទៀតមកដែរ ហើយធ្វើអ៊ីចឹងបានប្រយោជន៍អី»។
មន្ត្រីគណបក្សសង្គ្រោះជាតិបញ្ជាក់ថា មន្ត្រីនិងសកម្មជនរបស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គឺជាសេនាធិការយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការគាំទ្រពីមហាជនទៅលើគណបក្សសង្គ្រោះជាតិ ដូច្នេះហើយទើបមន្ត្រីគណបក្សប្រជាជនកម្ពុជា ព្យាយាមរកគ្រប់មធ្យោបាយទាំងអស់ដើម្បីបំបែកកម្លាំងនេះ៕
No comments:
Post a Comment