......................................................
ដោយ៖ ពេជ្រ សុធារី | ថ្ងៃអាទិត្យ ទី1 ខែកញ្ញា ឆ្នាំ2013, VOD
ក្រុមយុវជនដើម្បីសន្តិភាព នៅព្រឹកថ្ងៃអាទិត្យនេះ បានធ្វើពិធីបួងសួងសុំសុខសន្តិភាព សេរីភាព និងយុត្តិធម៌ នៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ។
លោក ញឹម សុខន អ្នករាយការណ៍ព៏ត៌មានរបស់សំឡេងប្រជាធិបតេយ្យ ដែលបានយកព័ត៌មាននេះ បានឲ្យដឹងថា ពិធីនេះ បានចាប់ផ្តើមនៅម៉ោងជិត៩ព្រឹក នៅរមណីយដ្ឋានវត្តភ្នំ ក្នុងគោលបំណងដើម្បីទទួលបាននូវសុខសន្តិភាព សេរីភាព និងស្ថិរភាពនយោបាយបញ្ច្រៀសអំពើហិង្សាក្នុងសង្គម។
បើតាមក្រុមយុវជនដើម្បីសន្តិភាព បន្ទាប់ពីធ្វើពិធីបួងសួងសុំសន្តិភាពនៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញានេះហើយ ពួកគេនឹងបន្តដាក់ញត្តិទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី០២កញ្ញា ដើម្បីស្នើសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់សមាជិករបស់ក្រុមនេះ ចំនួនបួនរូប ដែលតុលាការចោទកាលពីថ្ងៃទី១៧ ខែសីហា ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាល។ ក្រៅពីនោះ ក្រុមយុវជនដើម្បីសន្តិភាព ក៏គ្រោងនឹងបន្តចែកផ្កាដល់ប៉ូលិស ទាហាន កងរាជអាវុធហត្ថផងដែរ តែពួកគេនៅមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅ សមាជិករបស់ក្រុមយុវជនដើម្បីសន្តិភាព៤រូបឈ្មោះ ទត់ ចាន់បញ្ញា ហ៊ើយ បូរិន ឡុង លីផេង និង កញ្ញា សុខ ដាលីស ត្រូវប៉ូលិសឃាត់ខ្លូន ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ ផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីចែកផ្កាដល់កម្លាំងប្រដាប់អាវុធ ក្នុងបំណងកុំឲ្យប្រើហិង្សាលើប្រជាពលរដ្ឋ ប្រសិនបើមហាតុកម្មអហិង្សា តវ៉ានឹងលទ្ធផលបោះឆ្នោតកើតឡើង៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmoBRXDnNorgGs4s_S-FiBIJ8Vy2_0QO7bRoxpol-criCBEeFqWJJEWV9ha83hMhNpB04vVgZrOAy3Mk8Z-pzsefRiDdssdapsArRLAjt1PfEi93EPiiI1hZsEZlPt61HhvXWpSSLZ1xc/s640/%E1%9E%9F_%E1%9E%93_%E1%9E%91%E1%9E%9A%E1%9E%80%E1%9E%90__Page_1.jpg)
No comments:
Post a Comment