ស្តាប់សំឡេង៖ |
ចម្លងទុក |
ថា្នក់ដឹកនាំគណបក្សសង្រ្គោះជាតិ ធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែសីហា (រូបថត ឧត្ដម)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បដិសេធដាច់អហង្កាការ
ដែលថាគណបក្សសង្គ្រោះជាតិ មានបំណងធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល
ឬរហូតដល់មានរដ្ឋប្រហារនោះ។
ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ
សុភ័គ
បានប្រកាសថានឹងចាត់វិធានការច្បាប់ដាក់ទោសអ្នកប៉ុនប៉ងផ្តួលរំលំ
រដ្ឋាភិបាលស្របច្បាប់ តាមរយៈបាតុកម្ម។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក សម
រង្ស៊ី ថ្លែងថា បាតុកម្មនោះ គឺដើម្បីទាមទាររកដំណោះស្រាយសមស្របមួយ
សម្រាប់ម្ចាស់ឆ្នោត គឺមិនមែនដើម្បីទម្លាក់រដ្ឋាភិបាល
ដូចការចោទប្រកាន់ឡើយ ៖ “អ្នកណាដែលបកស្រាយថាយើងធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរដ្ឋអំនាច រដ្ឋាភិបាល គឺខុសស្រលះ ខ្ញុំសូមបដិសេធដាច់អហង្កា”។
គណបក្សសង្គ្រោះជាតិ
គ្រោងនឹងធ្វើមហាបាតុកម្មប្រឆាំងនឹងការបោះឆ្នោត នៅថ្ងៃទី០៧
ខែកញ្ញា ប្រសិនបើមិនមានការបង្កើតគណៈកម្មការចម្រុះ
ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនេះការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរម្តងទៀតទៅកាន់រដ្ឋាភិបាល
និងប្រជាពលរដ្ឋថា មហាបាតុកម្ម ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៧ ខែកញ្ញា
គឺធ្វើឡើងដោយអហិង្សា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ មានប្រសាសន៍ថា
ក្រសួងមហាផ្ទៃ បានប្រើប្រាស់ឯកសារក្លែងក្លាយ ផ្ញើទៅមន្ត្រីទូតផ្សេងៗ
ដែលនេះជាការចោទប្រកាន់សុទ្ធសាធ ៖ “មានលិខិតក្លែងក្លាយដែល
មិនដឹងចេញដោយបុគ្គលណាទេ ហើយគាត់ផ្ញើលិខិតក្លែងក្លាយនេះ
ទៅអ្នកស្ថានទូត ហើយនិងស្ថាប័នព័ត៌មាន
ផ្អែកលើលិខិតនេះគាត់ចោទគណបក្សសង្គ្រោះជាតិអញ្ចឹង
នេះប្រសិនជាយើងចោទគាត់វិញថា ប្រើប្រាស់ឯកសារក្លែងបន្លំ
នោះគាត់ត្រូវទទួលទោស ក្រសួងមហាផ្ទៃត្រូវទទួលទោស”។
VOD មិនទាន់អាចទាក់ទង លោក ខៀវ សុភ័គ ដើម្បីអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ បាននៅឡើយទេ។
មុនការបោះឆ្នោត លោក ហ៊ុន សែន
មានប្រសាសន៍សំដៅទៅលើបាតុកម្មទូទាំងប្រទេស
ប្រឆាំងនឹងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ករណីការថ្លែងលើគុកទួលស្លែងជាគុកសិប្បនិម្មិតថា
បាតុកម្មជាសិទ្ធិប្រជាជន ដោយរដ្ឋាភិបាល មិនអាចហាមឃាត់បានទេ
តែលោកអំពាវនាវឲ្យមានបាតុកម្មអហិង្សា ៖ “ប៉ុន្តែខ្ញុំព្រះករុណា
ខ្ញុំសូមអំពាវនាវទុកជាមុនឲ្យហើយ ប្រសិនជាមានបាតុកម្មកើតឡើង
ទោះបីកម្រិតណាក៏ដោយ សូមបាតុកម្មនោះប្រព្រឹត្តទៅដោយអហិង្សា
រក្សានូវសណ្តាប់ធ្នាប់ សាធារណៈ កុំឲ្យមានអំពើហិង្សាកើតឡើង
នេះជាសិទ្ធិរបស់ប្រជាជន ខ្ញុំព្រះករុណាខ្ញុំមិនអាចហាមឃាតប្រជាជន
មិនឲ្យធ្វើបាតុកម្មបានទេ”។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្រោយការបោះឆ្នោតថា
គណបក្សប្រជាជនកម្ពុជា
មិនចង់ឲ្យមានបាតុកម្មប្រឆាំងនឹងការបោះឆ្នោតទេ
ព្រោះព្រឹត្តិការណ៍បែបនេះ អាចបណ្តាលឲ្យខាតប្រយោជន៍ និងបង្កហិង្សា៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
No comments:
Post a Comment