ភ្នំពេញប៉ុស្តិ៍
ដោយ មាស សុខជា
ភ្នំពេញៈ
គណបក្សប្រឆាំងដែលកំពុងតែក្លាយទៅជាគូប្រកួតខ្លាំងក្លា
ជាមួយគណបក្សប្រជាជន នៅក្នុងការបោះឆ្នោតនាថ្ងៃទី២៨
ខែកក្កដាដែលជិតចូលមកដល់បានប្រកាសកាលពីម្សិលមិញថា
ខ្លួននឹងចូលរួមនៅក្នុងការបោះឆ្នោតប៉ុន្តែនឹងមិនទទួលស្គាល់
លទ្ធផលនៃការបោះឆ្នោតឡើយ ហើយនឹងធ្វើការតវ៉ា
ប្រសិនបើការបោះឆ្នោតនោះ មិនមានវត្តមាន លោកសម រង្ស៊ី
និងមានការលួចបន្លំ។
ថ្លែងទៅកាន់យុវជនប្រហែល ៥០០ នាក់នៅក្នុងសន្និសីទកាសែត
តាមរយៈវីដេអូខុនហ្វឺរេន
នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញលោក សម
រង្ស៊ីបានប្រាប់អ្នកគាំទ្រលោកថា
លោកនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីជំរុញឲ្យការបោះឆ្នោតថ្ងៃទី២៨
ខែកក្កដា ខាងមុខនេះប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌
ដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។ លោកបានបន្ថែមថា
ប្រសិនបើរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន
នៅតែមានះមិនផ្លាស់ប្តូរមេដឹកនាំ គ.ជ.ប
ទៅតាមអនុសាសន៍របស់អង្គការសហប្រជាជាតិនោះ សហគមន៍អន្តរជាតិ
នឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ
ហើយការបោះឆ្នោតនេះគឺគ្មានន័យឡើយ។
លោក សម រង្ស៊ី បានបន្តថា៖ «ដូច្នេះ គណបក្សប្រជាជន
ត្រូវតែគិតឲ្យបានពេញលេញ
ប្រសិនបើមានគោលបំណងរៀបចំការបោះឆ្នោតបែបលេងសើច
មិនបាច់ផ្លាស់ប្តូរ គ.ជ.ប ទេ មិនបាច់អនុញ្ញាតឲ្យរូបខ្ញុំ សម រង្ស៊ី
ចូលរួមក្នុងការបោះឆ្នោតនោះទេ...ការបោះឆ្នោតបែបនេះ
គ្មានអ្នកណាម្នាក់ទទួលស្គាល់ឡើយ»។ ទន្ទឹមនឹងនេះ លោក សម រង្ស៊ី
ក៏បានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ដែលគាំទ្រគណបក្សសង្គ្រោះ
ជាតិចូលរួមបញ្ចុះបញ្ចូលក្រុមឪពុក ម្តាយ យាយ តា
និងសាច់ញាតិរបស់ខ្លួន ឲ្យបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ
ដោយសង្កត់ធ្ងន់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត
ហើយរូបលោក ក្លាយជានាយករដ្ឋមន្រ្តី
លោកនឹងធានាធ្វើការរៀបចំប្រទេស ឲ្យបានល្អប្រសើរជាងរដ្ឋាភិបាល
ដែលដឹកនាំដោយលោកហ៊ុន សែន។
លើសពីនេះ លោក សម រង្ស៊ី ក៏បានប្រៀបធៀប facebook របស់លោក និង
facebook របស់លោក ហ៊ុន សែន ដោយចង្អុលបង្ហាញថា facebook របស់លោក
ទើបតែបង្កើតបានបីខែ ប៉ុន្តែលោកមានការគាំទ្រច្រើនជាង facebook
របស់លោក ហ៊ុន សែន ដែលបានបង្កើត ៣ ឆ្នាំ មកហើយ។ លោកបង្ហាញថា
លោកមានយុវជនគាំទ្រ ៧៥០៥៦ នាក់លើ Facebook ចំណែកឯលោកហ៊ុន សែនមាន
៦៨០១៤ នាក់។
ប៉ុន្តែ លោក ទិត សុធា
អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋ
មន្ត្រី បានថ្លែងថា រដ្ឋាភិបាលមិនខ្វល់ទេថាតើ លោក សម រង្ស៊ី
ឬសហគមន៍អន្តរជាតិទទួលស្គាល់ឬមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត
នោះ។
លោកបញ្ជាក់ថា៖«វាសំខាន់បើប្រជាជនទៅបោះឆ្នោតគណបក្សនយោបាយចូលរួម
បោះឆ្នោត។ ឈ្មោះនិងសិទិ្ធរបស់លោកសម
រង្ស៊ីត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតហើយដោយសារអំពើល្មើសច្បាប់
របស់គាត់ ដូច្នេះ លោក សម រង្ស៊ី មិនសំខាន់ទេ»។ លោក ទិត សុធា បន្តថា
ដំណើរការបោះឆ្នោតនៅតែបន្តជាធម្មតា គ្មានអ្វីជាឧបសគ្គទេ។
ទាក់ទងនឹងការគាំទ្រលោកសម រង្ស៊ី និងលោក ហ៊ុន សែន តាម Facebook
លោក ទិត សុធា អះអាងថា លោកមិនចាប់អារម្មណ៍ ពីតម្លៃតាមប្រព័ន្ធសង្គម
Facebook ទេ
ព្រោះកិច្ចដំណើរការបោះឆ្នោតមិនពឹងផ្អែកលើការគាំទ្រតាម Facebook
ទេ។ លោកបន្តថា ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ
គឺដើម្បីផលចំណេញនយោបាយ។
លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានថ្លែងថា
ការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី
ឬអត់មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ។ ប៉ុន្តែលោក ទេព នីថា
បានព្រមានថា៖
«ប្រសិនបើការបោះឆ្នោតបានបញ្ចប់ហើយគណបក្សប្រឆាំងមិនទទួលស្គាល់
យើងនឹងយកអាសនៈ
ដែលគាត់ទទួលបានទៅចែកឲ្យគណបក្សដទៃទៀតដែលបានជាប់ឆ្នោត»៕ TK
No comments:
Post a Comment