លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ (Vann Molyvann) គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ ប្រទេស កម្ពុជា។ លោកបានរួចចំនែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមានការរីកចំរើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។
ប្រវត្តិ
លោក វណ្ណ មួលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ ដើមឡើយ លោកសិក្សាផ្នែកនីតិសាស្ត្រទេ។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។
បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ
លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។
លោកបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំនេះដឹងនិងទេពកោសល្យ។
លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៥ ។ មួយឆ្នាំក្រោយមក ក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧)។
នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ។
នៅទីនោះ ស្នាដៃរបស់លោក
ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំនង់អាគារបុរាណៗ វត្តអារាម
និងសំនល់ពីសម័យអាណានិគម។ ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសិទចតុមុខ អាគារគណរដ្ឋមន្ត្រី។ លោកក៏បានគូរប្លង់វត្តអារាម និង ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ ១៩៦៣ លោកបានគូរប្លង់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអាចទទួលទស្សនិកជនបានប្រហែល
៤ម៉ឺននាក់។ នៅឆ្នាំដដែល លោកបានស្ថាបនា សាលមហោស្រពជាតិព្រះសុរាម្រិត
(មហោស្រពជាតិកម្ពុជា)។ លោកក៏បានគូរប្លង់វិមានឯករាជ្យផងដែរ។
នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណនិងគ្រួសារបានភៀសខ្លួនទៅរស់នៅប្រទេសស្វីស។
លោកធ្វើការអោយ UN Human Settlements Program រយៈពេល១០ឆ្នាំ
មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ ១៩៩៣។
លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម
និង សំនង់។
ស្នាដៃចំបងៗ
- សាលសន្និសីទចតុមុខ
- វិមានឯករាជ្យ
- ពហុកីឡដ្ឋានជាតិអូឡាំពិក
- សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧)
- វិមានរដ្ឋចំការមន
- សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ។)
- អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន
- វិទ្យាស្ថានភាសាបរទេស
រង្វាន់និងកិត្តិយស
នៅឆ្នាំ២០១៣ លោកវណ្ណ មូលីវណ្ណបានឈ្នះវង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣
ខាងផ្នែកវប្បធម៌។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc.
នៅឆ្នាំ១៩៩៦
ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់
ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ក្នុង៣វិស័យ៖
ការអភិវឌ្ឍន៍តំបន់, វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្ដន៍សង្គម,
និងផ្នែកវប្បធម៌៕
No comments:
Post a Comment