A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 9 June 2013

1,000 students sent from Prey Veng to protest against opposition leader Kem Sokha ឈ្មោះ​សិស្ស​ជាង​១​ពាន់​នាក់​នៅ​ព្រៃវែង​ត្រូវ​គេ​បញ្ជូន​ឲ្យ​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

Many people claimed they have been forced by the ruling CPP to join the protest against Kem Sokha. In Battambang it's the same story where 1,000 people have been recruited by the ruling CPP to protest against Mr. Kem Sokha.

សិស្ស​អនុវិទ្យាល័យ និង​វិទ្យាល័យ​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង ប្រមាណ​ជាង ១​ពាន់​នាក់ ដែល​ចុះ​បញ្ជី​វត្តមាន​សម្រាប់​ធ្វើ​ពលកម្ម​នៅ​ថ្ងៃ​សៅរ៍ តែ​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​នាយក​សាលា​ទាំង​នោះ​បញ្ជូន​ទៅ​មន្ទីរ​ បក្ស​ប្រជាជន​កម្ពុជា ដោយ​រាប់​បញ្ចូល​ថា ជា​ក្រុម​អ្នក​ដែល​ត្រូវ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ប្រឆាំង​លោក កឹម សុខា ទៅ​វិញ។
ដោយ ម៉ម មុនីរតន៍ RFA
2013-06-08
ជុំ ម៉ី ៦១០
លោក ជុំ ម៉ី (រូប​កាន់​មេក្រូ) និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម អុជ​ធូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គុក​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃ​៤ មិថុនា ឆ្នាំ​២០១៣។
RFA/Leng Maly 
ទន្ទឹម​នឹង​នេះ សិស្ស និស្សិត ដែល​ស្នាក់​នៅ​តាម​វត្ត និង​ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ ក៏​មាន​សេចក្តី​រាយការណ៍​មក​ដែរ​ថា ពួក​គេ​ត្រូវ​បាន​គំរាម​ឲ្យ​ចាក​ចេញ​ពី​វត្ត ប្រសិន​បើ​ប្រឆាំង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា នោះ​ទេ។
ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង អះអាង​ថា សិស្ស​ប្រមាណ​ជាង ១​ពាន់​នាក់ នៅ​តាម​សាលា​រៀន​មួយ​ចំនួន​ក្នុង​ខេត្ត​មួយ​នេះ បាន​បដិសេធ​ប្រឆាំង​នឹង​ការ​បង្ខំ​ពួក​គេ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ខណៈ​បញ្ជី​ឈ្មោះ​វត្តមាន​ធ្វើ​ពលកម្ម​នៅ​ចុង​សប្ដាហ៍​នេះ​របស់​ពួក​គេ ត្រូវ​បាន​នាយក​សាលា​បញ្ជូន​បន្ត​ឲ្យ​ទៅ​មន្ទីរ​បក្ស​ប្រជាជន​កម្ពុជា ថា​ជា​សកម្មជន​ដែល​ត្រូវ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា។
ពលរដ្ឋ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ មិថុនា ថា សិស្ស​នៅ​តាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ដែល​មាន​អាយុ​គ្រប់​បោះឆ្នោត ត្រូវ​គេ​យក​ឈ្មោះ​ដែល​មាន​នៅ​ក្នុង​បញ្ជី​វត្តមាន​ធ្វើ​ពលកម្ម ប្រគល់​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច ថា​ជា​ក្រុម​ស្ម័គ្រចិត្ត​ធ្វើ​បាតុកម្ម។ លោក​គិត​ថា មន្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ គួរ​ប្រកាន់​គោលការណ៍​អព្យាក្រឹត និង​មាន​ភាព​ឯករាជ្យ នៅ​ឆ្ងាយ​ពី​នយោបាយ៖ «លោក ​នាយក​ហ្នឹង ឲ្យ​យើង​ធ្វើ​បញ្ជី​វត្តមាន​សិស្ស​ទាំងអស់​ដែល​ចូលរួម​ធ្វើ​ពលកម្ម។ ចុង​ក្រោយ​មក អា​ស៊ីញេ​វត្តមាន​ដែល​ធ្វើ​បញ្ជី​ពលកម្ម​ហ្នឹង ដូច​ថា​បញ្ជី​វត្តមាន​ហ្នឹង​ណា បង្វែរ​ទៅ​ជា​រឿង​ថា​អ្នក​ស៊ីញេ​ទាំងអស់​ហ្នឹង គឺ​ស៊ីញេ​យក​ទៅ​ចូលរួម​ទៅ​ធ្វើ​បាតុកម្ម​ជាមួយ​លោក ជុំ ម៉ី»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​ពី​នាយក​សាលា​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង បាន​ទេ នៅ​ថ្ងៃ​ទី៨ មិថុនា ជុំវិញ​ការ​រក​ឃើញ​ថា បាន​បន្លំ​ឈ្មោះ​សិស្ស​ដើម្បី​ធ្វើ​បាតុកម្ម​នេះ។
បើ​ទោះ​ជា​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ភ្នំពេញ​មាន​អ្នក​ចូលរួម​ប្រមាណ ២​ម៉ឺន​នាក់​ក្ដី ក៏ប៉ុន្តែ​លោក ខៀវ សុភ័គ អះអាង​ថា បាតុករ​ដែល​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​យក​ញត្តិ​ទៅ​ប្រគល់​ដល់​លោក កឹម សុខា នោះ មាន​ប្រមាណ​តែ ៥០០​នាក់​ទេ។ ចំណែក​អ្នក​សេសសល់ ត្រូវ​ដង្ហែ​ក្បួន​តាម​ដង​វិថី​មួយ​ចំនួន​ក្នុង​ទីក្រុង​ទៅ​តាម​ការ​គ្រោង​ ទុក។ មហា​បាតុកម្ម​នេះ ត្រូវ​គេ​គិត​ថា​នឹង​មិន​មាន​ការ​គំរាម​កំហែង ឬ​ត្រូវ​បង្ក្រាប​ដោយ​មន្ត្រី​នគរបាល​ដូច​សហជីព ឬ​បក្ស​ប្រឆាំង​ធ្លាប់​ធ្វើ​កន្លង​មក​នោះ​ឡើយ។
តែ​ទោះ​ជា​បែប​ណា​ក្តី សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី៧ មិថុនា ឲ្យ​ដឹង​ថា ក្នុង​ករណី​កើត​មាន​អំពើ​ហិង្សា​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ សមត្ថកិច្ច​ទាំងអស់​ត្រូវ​មាន​វិធាន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់។
ចំណែក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា របស់​លោក រ៉ុង ឈុន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៨ មិថុនា ដោយ​អំពាវនាវ​ដល់​សមាជិក​សមាជិកា​កម្មករ​កម្មការិនី គ្រូ​បង្រៀន មន្ត្រី​រាជការ និង​ពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា នោះ។ ការ​ធ្វើ​បាតុកម្ម​នេះ លោក រ៉ុង ឈុន ចាត់​ទុក​ថា​គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​រៀបចំ​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ជន​រងគ្រោះ​ក្នុង​ របប​ខ្មែរ​ក្រហម តែ​ជា​ក្រុម​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ជា​ការ​រៀបចំ​ដោយ​អ្នក​កាន់​អំណាច​ប៉ុណ្ណោះ។
បន្ថែម​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន លោក រ៉ុង ឈុន គិត​ថា គ្រប់​គ្នា​ពុំ​គួរ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​នេះ​ឡើយ ព្រោះ​ជា​ការ​រៀបចំ​ដើម្បី​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន។ លោក​បន្ត​ថា តែ​បើ​បាតុកម្ម​ធ្វើ​ឡើង​ប្រឆាំង​បរទេស​ឈ្លាន​ពាន គេ​គួរ​គប្បី​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ៖ «បើ​សិន​ជា ​បាតុកម្ម​ទាមទារ​ដេញ​យួន​ចេញ​ពី​ស្រុក បាតុកម្ម​នោះ​ទាមទារ​ប្រឆាំង​ទៅ​នឹង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាតុកម្ម​ប្រឆាំង​ទៅ​នឹង​អំពើ​ពុក​រលួយ អយុត្តិធម៌​សង្គម ក្នុង​នាម​ខ្ញុំ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា យើង​ចូលរួម​យ៉ាង​សកម្ម»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជុំ ម៉ី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។ ក៏ប៉ុន្តែ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៦ មិថុនា របស់​លោក ជុំ ម៉ី បាន​អំពាវនាវ​ដល់​អ្នក​ចូលរួម​មហា​បាតុកម្ម​ថា គោល​បំណង​នៃ​មហា​បាតុកម្ម​នេះ គឺ​សំដៅ​ទៅ​លើ​តែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ និង​មិន​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ និង​សាច់​ញាតិ​របស់​លោក កឹម សុខា ឡើយ។
ក៏ប៉ុន្តែ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន និង​មន្ត្រី​របស់​រដ្ឋាភិបាល​លោក អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ធ្វើ​បាតុកម្ម​​នេះ គឺ​កើត​ចេញ​ពី​ឆន្ទៈ​យ៉ាង​ពិត​ប្រាកដ​របស់​ជន​រងគ្រោះ​ក្នុង​បន​ប្រល័យ​ពូជ​ សាសន៍ និង​ក្លាយ​ជា​អ្នក​រងគ្រោះ​បន្ថែម​ទៀត​ដោយ​ការ​ប្រមាថ​ពី​លោក កឹម សុខា។ ពោល គឺ​ពុំ​មែន​ជា​ការ​បញ្ចេះ​កំហឹង​ដោយ​រដ្ឋាភិបាល​នោះ​ទេ។
តែ​ទោះ​យ៉ាង​ណា​ក្តី ការ​ធ្វើ​មហា​បាតុកម្ម​នេះ មាន​ការ​ប្រកាស​ចូលរួម​ពី​លោក ជាម យៀប សមាជិក​សភា​របស់​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ហើយ​លោក​បញ្ជាក់​ថា អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​កាន់​អំណាច​មួយ​នេះ នឹង​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​លោក ជុំ ម៉ី ដែរ។ ចំណែក​ក្រុម​សិស្ស និស្សិត ដែល​ស្នាក់​នៅ​តាម​វត្ត និង​ព្រះសង្ឃ ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ សង្កាត់ គំរាម​ឲ្យ​ចាក​ចេញ​ពី​វត្ត ប្រសិន​ពួក​គេ​ប្រឆាំង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​នេះ។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និយាយ​ថា កម្លាំង​នគរបាល​យុត្តិធម៌​ត្រូវ​គេ​ដាក់​ពង្រាយ​ក្នុង​ការ​បញ្ចៀស​ហិង្សា​ កើត​ឡើង ដើម្បី​ការពារ​សន្តិសុខ​ដល់​សុវត្ថិភាព​របស់​លោក កឹម សុខា។ លោក​បន្ត​ថា បើ​ទោះ​ជា​ការ​ធ្វើ​បាតុកម្ម​នេះ​មាន​ទ្រង់ទ្រាយ​ធំ​លើស​ច្បាប់​កំណត់​ក្ដី ប៉ុន្តែ​ថា នេះ​គឺ​ជា​ការ​ផ្ដល់​ឱកាស​ស្មើ​គ្នា មិន​ថា​បក្ស​ប្រឆាំង អង្គការ សមាគម ឬ​រដ្ឋាភិបាល​នោះ​ទេ។ តែ​ថា​នេះ គឺ​ជា​ការ​អនុវត្ត​តាម​បែប​សង្គម​ប្រជាធិបតេយ្យ៖ «ដូច​ថា​ខាង​គណបក្ស​ ប្រឆាំង ក៏​គាត់​ធ្វើ​រាប់​ពាន់​រាប់​អី​នាក់​ដែរ។ ដល់​មែន​ទែន​ទៅ បើ​យើង​មិន​ឲ្យ​ធ្វើ​ដូច​ថា​វា​ម៉េច​ក៏​ធ្វើ​តែ​ខាង​ប្រឆាំង។ នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​គណបក្ស​ដែល​គេ​មិន​ប្រឆាំង អ្នក​អព្យាក្រឹត្យ​ដែល​សុំ​ធ្វើ។ ទន្ទឹម​នឹង​ខាង​សន្តិសុខ ក៏​មាន​ការ​គិតគូរ​ទៅ​ដល់​សុវត្ថិភាព​ឯកឧត្ដម កឹម សុខា»
លោក ប៊ូ ម៉េង អនុប្រធាន​សមាគម​ក្សេមក្សាន្ត និង​ជា​អតីត​អ្នក​រងគ្រោះ​នៅ​គុក​ទួលស្លែង និង​សមាជិក​នៃ​សមាគម​ក្សេមក្សាន្ត​ចំនួន ១០​នាក់​ផ្សេង​ទៀត ប្រកាស​ជំហរ​មិន​ចូលរួម​ធ្វើ​បាតុកម្ម​នេះ និង​កំពុង​ពិចារណា​ក្នុង​ការ​ជ្រើស​រើស​ប្រធាន​ថ្មី​ជំនួស​លោក ជុំ ម៉ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: