ដោយ រដ្ឋា វីសាល RFA
2013-05-09
2013-05-09
ប្រជាពលរដ្ឋ ២៤១គ្រួសារ រស់នៅភូមិពាមប៉ោ
ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ
ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក ២ (Bin
Phoeuk2) ថាបានប្រើកម្មករជនជាតិវៀតណាម
និងកងប្រដាប់អាវុធការពារក្រុមហ៊ុនឲ្យទៅដកបំផ្លាញផលដំណាំអ្នក
ភូមិដើម្បីយកដី។
អ្នកភូមិអះអាងថា សកម្មភាពរំលោភសិទ្ធិប្រជាពលរដ្ឋនេះ
ធ្វើឡើងតាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ រហូតបច្ចុប្បន្ន
បើទោះបីដីប្រជាពលរដ្ឋនៅតំបន់នោះ កំពុងឋិតក្រោមការចុះវាស់ចេញ
សលាកបត្រដោយក្រុមការងារវាស់វែង
និងនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលក៏ដោយ៖ «ព្រឹមមិញមានយួន
ចំនួនបីនាក់ យួនតំណាងក្រុមហ៊ុន ហើយនិងប៉េអឹម ២នាក់ ប៉ូលិសម្នាក់
សរុបកាំភ្លើង ៣ដើម ដើរដកដំឡូងប្រជាជននៅភូមិពាមប៉ោ។ … អាជ្ញាធរថា
ដោះស្រាយថា រង់ចាំៗ ដោះស្រាយឲ្យប្រជាពលរដ្ឋ។ គាត់ចុះទៅប្រជុំថា
រង់ចាំការដោះស្រាយៗ ឥឡូវដោះស្រាយដល់ដំណាក់កាលឈូសឆាយ
ហើយដុតខោអាវដុតស្អីប្រជាពលរដ្ឋចោលអស់...។
សូម្បីតែចុះមកទិញម្ហូប ក៏យួនវាមិនឲ្យចេញមកទិញដែរ
គេសាកសួរចិត្ត គេឲ្យចូលៗ គេមិនឲ្យចូលយើងត្រូវការបកមកវិញ
ហើយអ្នកនៅចម្ការត្រូវការអត់អង្ករអត់ម្ហូបហើយ»។
អ្នកភូមិបញ្ជាក់ថា
សេរីភាពធ្វើដំណើរចេញចូលភូមិរបស់ប្រជាពលរដ្ឋប្រមាណ ៥គីឡូម៉ែត្រ
ត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យតឹងរ៉ឹងរបស់ក្រុមហ៊ុនចំនួនបី
កន្លែង។
អ្នកភូមិអំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះ
ជូនប្រជាពលរដ្ឋ
ពីព្រោះអ្នកភូមិបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានច្រើនលើកហើយ
ប៉ុន្តែមិនទាន់ឃើញមានមន្ត្រីអាជ្ញាធរណាជួយដោះស្រាយបញ្ហាជូន
ប្រជាពលរដ្ឋនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment