A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 23 April 2013

Villagers in Kratie province accused two Vietnamese companies of clearing and grabbing their lands ក្រុមហ៊ុន​វៀតណាម​ពីរ​រង​ការ​ចោទ​ថា​ឈូស​ដី​ចម្ការ​ពលរដ្ឋ​នៅ​ក្រចេះ

ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ចំនួន​ពីរ បាន​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ។ សកម្មភាព​នេះ បាន​ធ្វើ​ផ្ទុយ​ទៅ​នឹង​បទ​បញ្ជា​ប្រមុខ​រាជ​រដ្ឋាភិបាល ដែល​បាន​តម្រូវ​ឲ្យ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាត់​ចេញ​ពី​ដី​ក្រុមហ៊ុន ជូន​ប្រជាពលរដ្ឋ​អ្នក​បាន​កាន់​កាប់​ដាំដុះ​ជាក់ស្តែង។
ដោយ រដ្ឋា វីសាល RFA
2013-04-23
ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សៀមប៉ោអូរបី ក្នុង​ឃុំ​ខ្សឹម ស្រុក​ស្នូល ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មេសា អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​វាស់វែង​កាត់​ដី​ប្រជាពលរដ្ឋ ​គ្រប់គ្រង​ជាក់ស្តែង ចេញ​ពី​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។
សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​សម្បទាន​វៀតណាម ចំនួន​ពីរ គឺ​ក្រុមហ៊ុន បិញភឿក (Bin Phoeuk) និង​ក្រុមហ៊ុន ដាយណាម (Day Nam) បាន​ឈូស​ឆាយ​ទៅ​លើ​ដី​ចម្ការ​អ្នក​ភូមិ​ដាំដុះ​ជាក់ស្តែង ហើយ​អាជ្ញាធរ​ជំនាញ​មិន​បាន​វាស់វែង​កាត់​ចេញ​ពី​ដី​សម្បទាន​ជូន​ ប្រជាពលរដ្ឋ​ដូច​បទ​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ឡើយ។
អ្នក​ភូមិ​ឈ្មោះ លី ស្រីម៉ាស់ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ការងារ​វាស់វែង​ដី​នៃ​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​វាស់វែង​តែ​ដី​ភូមិ​ជូន​ប្រជាពលរដ្ឋ ចំណែក​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​បាន​ដាំដុះ និង​គ្រប់គ្រង​ជាក់ស្តែង គឺ​ក្រុម​ជំនាញ​មិន​បាន​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ឡើយ។ អ្នកស្រី​បន្ត​ថា ប្រសិន​រាជ​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​ក្នុង​បញ្ហា​នេះ​ទេ អ្នក​ភូមិ​រាប់​រយ​គ្រួសារ​នឹង​គ្មាន​ដី​ស្រែ​ចម្ការ​ប្រកប​របរ​ចិញ្ចឹម​ ជីវិត៖ «គេ​សម្រុក​ឈូស​មួយ​ខែ​អស់​រលីង។ ឥឡូវ​គេ​នៅ​ឈូស​ដល់​អូរ។ កាល​ពួក​សុរិយោដី​មក​ថា​អត់​ដល់​ទេ តែ​ឥឡូវ​គេ​ឈូស​ដល់​អូរ។ ផ្លូវ​ដែល​ពួក​ខ្ញុំ​ទៅ​ដង​ទឹក ក៏​គេ​បិទ​ដែរ។ គេ​នឹង​កាយ​ប្រឡាយ​ទៀត ពួក​ខ្ញុំ​ធ្វើ​ម៉េច​ទៅ​បើ​អ៊ីចឹង​ដូច​ស្លាប់​ទាំង​រស់»
សេចក្តី​រាយការណ៍​របស់​អ្នក​ភូមិ ឲ្យ​ដឹង​ថា ពួក​គាត់​គឺ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ប្រមាណ ៤០០​គ្រួសារ បាន​ប្ដូរ​ទីលំនៅ​មក​រស់នៅ​តំបន់​នោះ​តាម​រយៈ​កាប់​រាន​ដី​ព្រៃ​បាន​ដី​មួយ​ គ្រួសារ ៣ ទៅ ៥ ឬ ១០​ហិកតារ និង​បាន​ធ្វើ​ចម្ការ​ដំឡូង​មុន​ពេល​រាជ​រដ្ឋាភិបាល​ប្រគល់​ដី​សម្រាប់​ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទៅ​ទៀត។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ស្នួល លោក គង់ គឹមលី មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ​តវ៉ា​នោះ គឺ​ជា​តំបន់​អនាធិបតេយ្យ​ដែល​ពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន​ចូល​មក​កាប់​រាន ​ព្រៃ​ថ្មី​បន្ថែម​ទៀត ក្រោយ​បទ​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី ទើប​ធ្វើ​ឲ្យ​មាន​បាតុភាព​កើត​ឡើង​មិន​ចេះ​ចប់។ លោក​បន្ត​ថា អាជ្ញាធរ​កំពុង​ចាត់​តាំង​គណៈកម្មការ​ចម្រុះ ដើម្បី​ពិនិត្យ​ករណី​នេះ​ហើយ៖ «ការងារ​ហ្នឹង វា​ពាក់ព័ន្ធ​ខាង​គណៈកម្មការ​ចម្រុះ គេ​នឹង​ចុះ​ទៅ។ ស្អែក​ខ្ញុំ​ទៅ​មើល​កន្លែង​ហ្នឹង»
របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សៀមប៉ោអូរបី គឺ​ជា​តំបន់​បង្កើត​ថ្មី​ក្នុង​ភូមិ​ស្រែថ្មី មាន​ប្រជាពលរដ្ឋ​អ្នក​ចំណាក​ស្រុក​ប្រមាណ ៧៩​គ្រួសារ បាន​មក​កាប់​រាន​ព្រៃ​បម្រុង​ទុក​របស់​ប្រជាពលរដ្ឋ​សហគមន៍​នៅ​តំបន់​នោះ។ ហេតុ​នេះ​ក្រុម​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​សមាគម​អាដហុក ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឲ្យ​ទប់ស្កាត់​ករណី​នេះ​ទៀត​ផង។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ក្រចេះ លោកស្រី ធីម ណារីម បាន​កត់​សម្គាល់​ថា មាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ខ្លះ​បាន​មក​តាំង​ទីលំនៅ​តំបន់​នោះ​តាម​រយៈ​ ទិញ​ដី​ខុស​ច្បាប់​ពី​ក្រុម​កាប់​រាន​ព្រៃ​យក​ដី​លក់។ អ្នកស្រី​បន្ត​ថា សមាគម​អាដហុក កំពុង​អង្កេត​ពី​ជម្លោះ​ដីធ្លី​ដែល​កំពុង​កើត​មាន​នៅ​តំបន់​នោះ ដើម្បី​ជួយ​ស្វែង​រក​ដំណោះស្រាយ៖ «ខាង​ខ្ញុំ​ហ្នឹង កំពុង​ចុះ​ទៅ​សិក្សា​រក​មើល​ថា តើ​ការ​ចូល​មក​របស់​ពួក​គាត់ ព្រោះ​គេ​រក​ឃើញ​ថា​មាន​គេ​ដឹក​នាំ​ចំនួន ៧​នាក់ ដែល​ដឹកនាំ​កាប់​រាន​ហើយ​លក់»
យ៉ាង​នេះ​ក្តី អ្នកស្រី លី ស្រីម៉ាស់ ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៣ ថា គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ផ្ទះ ចម្ការ​ប្រជាពលរដ្ឋ និង​ដី​ដាំដុះ​ត​ទៅ​ទៀត និង​មាន​ក្រុម​ប្រដាប់​អាវុធ​ជា​កង​រាជ​អាវុធហត្ថ បាញ់​ការពារ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​តវ៉ា​ឡើយ។ ចំណែក​ដី​របស់​ប្រជាពលរដ្ឋ​ខ្លះ ទទួល​បាន​ការ​វាស់វែង ខ្លះ​មាន​សលាកបត្រ​ចេញ​ដោយ​ក្រុម​ការងារ​វាស់វែង​ដី និង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល ក៏​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: