ភ្នំពេញៈ សាស្រ្តាចារ្យ និងនិស្សិតជាច្រើននាក់
ដែលកំពុងសិក្សាលើជំនាញវិស្វកម្ម អេឡិចត្រូនិក និងអគ្គិសនី
បានអំពាវនាវឲ្យមានការបណ្តាក់ទុន
រកស៊ីលើវិស័យប្រព័ន្ធបច្ចេកវិទ្យាឲ្យបានកាន់តែច្រើន នៅកម្ពុជា ខណៈកម្ពុជា
មាននិស្សិត និងអ្នកមានសមត្ថភាពជាច្រើនលើវិស័យមួយនេះ។
ក្រុមនិស្សិតបច្ចេកវិទ្យា ដែលពោរពេញដោយ សមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់
ក៏បានអះអាងថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា អាចជួយជំរុញឲ្យប្រទេសរីក
ចម្រើនកាន់តែលឿន ដូចបណ្តាប្រទេសជាច្រើននៅលើពិភពលោក។
ពីក្នុងបន្ទប់អនុវត្តន៍ នៃសកលវិទ្យាល័យន័រតុន
ត្រើយខាងកើតស្ពានច្រោយចង្វារ និស្សិតវិស្វកម្ម អេឡិចត្រូចនិក
និងអគ្គិសនីជាច្រើននាក់ មកពីជំនាន់ផ្សេងៗគ្នា សុទ្ធតែបានបង្ហាញពីឆន្ទៈ
ការស្រឡាញ់ជាប់ចិត្ត ទៅលើការស្រាវ ជ្រាវ និងគំនិតច្នៃប្រឌិត
ស្វែងរកអ្វីដែលថ្មី តាមបែបបច្ចេកវិទ្យាទំនើប
ដើម្បីជួយសម្រួលដល់ការងាររបស់មនុស្ស ដែលធ្វើដោយដៃ មានភាពលំបាក
និងខាតពេលវេលា។
យុវនិស្សិត ផូ មិថុនា អាយុ ២០ឆ្នាំ មកពីខេត្តឧត្តរមានជ័យ
បានបញ្ជាក់នូវចំណាប់អារម្មណ៍របស់ខ្លួនថា ដោយរូប គេជានិស្សិត
រៀនពូកែផ្នែកគណិត និងរូបវិទ្យា ជាពិសេសចូលចិត្តស្រមើស្រម៉ៃចង់បង្កើតនូវអ្វី
ដែលថ្មី និងមាន បច្ចេកវិទ្យាទំនើប
បានជំរុញឲ្យរូបគេចាប់យកការសិក្សាលើជំនាញវិស្វកម្ម អេឡិចត្រូនិក
និងអគ្គិសនី។
ផូ មិថុនា ត្បិតជាយុវជនពិការភ្នែកក៏ពិតមែន តែចិត្ត
និងឆន្ទៈលើការសិក្សាស្រាវជ្រាវរបស់គេពោរពេញដោយភាព ភ្លឺថ្លា និងមុះមុត។
មិថុនា ក៏បានសម្តែងនូវក្តីសង្ឃឹមរបស់ខ្លួនថា
បើមានកូនខ្មែររៀនលើមុខជំនាញដូចរូបគេ បាន ច្រើន
ប្រាកដជាជួយជំរុញឲ្យប្រទេសកម្ពុជា មានការរីកចម្រើន
ដូចបណ្តាប្រទេសមានបច្ចេកវិទ្យាទំនើបៗ ដូចជា ជប៉ុន និងកូរ៉េខាងត្បូង...។
«ជំនាញបច្ចេកវិទ្យា មានសិស្សនិស្សិតយើងរៀនច្រើនចឹង ជួយធ្វើឲ្យប្រទេសយើង
រីកចម្រើនលឿន ដូចប្រទេសគេដទៃទៀត។ គោលបំណងខ្ញុំរៀន ដើម្បីជួយអភិវឌ្ឍន៍ប្រទេស
ផលិតអ្វីដែលប្លែក ទាក់ទងនឹងបច្ចេកវិទ្យាហ្នឹង...
ការអភិវឌ្ឍលឿនរបស់ប្រទេសមួយ ខ្ញុំគិតថា ពឹងផ្អែកទៅលើបច្ចេកវិទ្យាធំជាងគេ»។
ដោយឡែកយុវជន អ៊ុក សុខមករា
ដែលកំពុងតែសិក្សាលើមុខវិទ្យាស្រាវជ្រាវលើបច្ចេកវិទ្យាទំនើបៗមួយនេះដែរ នោះ
បានអំពាវនាវឲ្យមានការបណ្តាក់ទុនវិនិយោគពីបរទេសលើវិស័យបច្ចេកវិទ្យាឲ្យបានកាន់តែច្រើន
ដើម្បីឲ្យ យុវជនខ្មែរ ដែលសិក្សាលើមុខវិជ្ជាវិស្វកម្ម អេឡិចត្រូនិច
និងអគ្គិសនី កាន់តែសម្បូរការងារធ្វើ ក៏ដូចជាទប់លំហូរ
និស្សិតខ្មែរយកចំណេះដឹងទៅបម្រើការងារនៅក្រៅប្រទេស។
ជាអ្នកខេត្តកំពង់ចាម ក្នុងវ័យ ២១ឆ្នាំ សុខមករា បានបញ្ជាក់យ៉ាងដូច្នេះ
«ក្រុមហ៊ុនធំៗមួយចំនួន គួរតែបណ្តាក់ទុន នៅស្រុកខ្មែរយើង
ដើម្បីឲ្យកូនសិស្សយុវជនខ្មែរយើងហ្នឹង
ទទួលបានឱកាសការងារទាក់ទងនឹងផ្នែកបច្ចេកវិទ្យា ឲ្យបានច្រើន។
កុំឲ្យការហូរចេញចំណេះដឹងរបស់កូនសិស្សខ្មែរទៅស្រុកក្រៅច្រើនពេក
ធ្វើម៉េចទប់ស្កាត់និស្សិត ខ្មែរនៅធ្វើការ ដើម្បីអភិវឌ្ឍន៍ស្រុកខ្មែរយើង»។
សុខមករា បានឲ្យដឹងថា មាននិស្សិតខ្មែរជាច្រើន ដែលរៀនលើវិស័យបច្ចេកវិទ្យា
បានចេញទៅបម្រើការនៅក្រៅ ប្រទេស ព្រោះតែនៅក្នុងស្រុកខ្មែរមិនមានក្រុមហ៊ុន
ឬរោងចក្រ បើកដំណើរការផលិតប្រព័ន្ធបច្ចេកវិទ្យាទាក់ទង ទៅនឹងជំនាញរបស់គេ។
កម្ពុជា ជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ មានប្រជាជនមិនច្រើននោះទេ
ដែលបានយល់ដឹងលើប្រព័ន្ធបច្ចេក វិទ្យា
កុំថាឡើយដល់ការផលិតឧបករណ៍ប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ
ដូចប្រទេសជឿនលឿននោះ សូម្បីតែប្រើ ឧបករណ៍ដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើប
ក៏ពួកគាត់មិនចង់ប្រើផង ព្រោះយល់ថា វាស្មុគស្មាញ និងលំបាក
ដូច្នេះវាពិតជាពិបាកក្នុងការជំរុញលើវិស័យមួយនេះ។ តែទោះជាយ៉ាងណា
ពលរដ្ឋកម្ពុជា គួរតែចាប់ផ្តើមបន្ស៉ាំ និងឈានទៅចាប់យកការប្រើ
ប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព្រោះបច្ចេកវិទ្យា ជួយបង្កភាពងាយស្រួល
និងសម្រួលការ ងារឲ្យបានកាន់តែលឿន។
ពាក់ព័ន្ធទៅនឹងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ និស្សិត
ឡាយ រម្យនា ដែលទើបបញ្ចប់មហាវិទ្យា ល័យវិស្វកម្ម អេឡិចត្រូនិក
និងអគ្គិសនីដែរនោះ បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា
បែរមករកការប្រើប្រាស់ប្រ ព័ន្ធបច្ចេកវិទ្យាដើម្បីជួយសម្រួលការងាររបស់ខ្លួន
ក៏ដូចជាជួយលើកទឹកចិត្តដល់ពួកគេជានិស្សិតសិក្សាលើមុខវិជ្ជា មួយនេះផងដែរ។
រម្យនា បានថ្លែងអំពាវនាវយ៉ាងដូច្នេះ
«ដូចជាបញ្ហាសុវត្ថិភាពនៅលើផ្ទះរបស់យើង សុវត្ថិភាពរថយន្ត ក៏ដូចជាភ្លើង
សញ្ញាចរាចរណ៍ ជាបញ្ហាដែលពួកខ្ញុំមើលឃើញកំពុងជួបបញ្ហាផ្ទាល់
ដូច្នេះហើយទើបពួកខ្ញុំផលិតនូវឧបករណ៍
បច្ចេកវិទ្យាទាំងអស់ហ្នឹងដើម្បីដោះស្រាយវា។
ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យពួកគាត់បែរមករកភាពងាយស្រូល ប្រើ ប្រាស់
ក៏ដូចជាលើកទឹកចិត្តដល់ពួកខ្ញុំក្នុងការស្រាវជ្រាវបន្តទៀត»។
របត់ផ្នត់គំនិត ការមិនទុកចិត្ត ការមិនគាំទ្រនូវផលិតផល
ដែលផលិតដោយជាតិសាស្រ្តខ្លួនឯង របស់ពលរដ្ឋខ្មែរ មួយចំនួនធំ
ក៏ជាការរាំងស្ទះដ៏ធំផងដែរ សម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។
លោកសាស្រ្តាចារ្យ គី ឡេង ដែលបញ្ចប់ថ្នាក់អនុបណ្ឌិតពីប្រទេសជប៉ុន
លើវិស័យបច្ចេកវិទ្យា និងកំពុងតែបន្តបេសកកម្មបង្ហាត់បង្រៀន
ដល់និស្សិតខ្មែរនៅក្នុងសាកលវិទ្យាល័យន័រតុន បានថ្លែងថា
ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមិនមានគំនិតជាតិ និយម មិនគាំទ្រផលិតផលខ្លួនឯង
ហើយបើរបស់គេវិញឆាប់ជឿទុកចិត្តលឿនបំផុត។ ចំណុចនេះ ត្រូវបានលោក
សាស្រ្តាចារ្យចាត់ទុកជាចំណុចដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។
លោក គី ឡេង បានថ្លែងដូច្នេះ «ប្រជាជនខ្មែរយើងគាត់ អត់មានទំនោរ
គំនិតគាំទ្រផលិតផលក្នុងស្រុកទេ ឲ្យតែឮ ថា របស់ខ្មែរគាត់អត់ប្រើតែម្តង។
តែបើរបស់ក្រៅស្រុក យើងនិយាយឲ្យអស់ចុះ ត្រឹមរបស់វៀតណាម គាត់នៅ ទទួលស្គាល់
ប៉ុន្តែរបស់ខ្មែរហ្មងគាត់អត់ចាប់អារម្មណ៍។ របស់ខ្លះយើងសួរថា តើសមត្ថភាពយើង
បើយើងមិន មាន តើយើងអាចធ្វើបានអត់
ហើយរបស់ហ្នឹងមិនមែនយកកាំបិតមកចាំងចេញនោះទេ»។
សាស្រ្តាចារ្យ គី ឡេង បន្តថា «យើងត្រូវការគាំទ្រចាំបាច់ហ្មង!
យើងដឹងហើយថា តិចទៀតយើងចូលទីផ្សារអា ស៊ាន មានន័យថា ទីផ្សារបើកទូលាយមែនទែន
ចឹងឥវ៉ាន់នាំចូលក៏ច្រើនទី១ ទី២ យើងគ្មានផលិតផលខ្លួនឯងទេ ទាក់ទងបច្ចេកវិទ្យា
នាំចេញមានតែផលិតផលកសិកម្ម ចំណែកផលិតផលបច្ចេកវិទ្យាទំនើប គឺយើងអត់មានទេ។
ចឹងពេលទីផ្សារបើកទូលាយទៅ យើងបារម្ភមែនទែនរឿងហ្នឹង
បើសិនខ្មែរយើងមិនមានគំនិតជាតិនិយមតិចតួចខ្លះ ទៀត
ចឹងអ្នកនៅក្នុងស្រុកគឺយាប់»។ «យើងអត់មានរបស់ខ្លួនឯង
ប្រជាជនខ្មែរអត់គាំទ្រផលិតផលខ្មែ នៅពេល យើងអត់មានសកម្មភាពអ្វីសោះ
យូរៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ យើងពឹងដង្ហើមលើគេទាំងស្រុង។
កាលណាយើងពឹងលើគេទាំងស្រុង ទំនិញចង់ឡើងថ្លៃពេលណាក៏បាន ព្រោះយើងអត់មានអីទប់»។
តែទោះជាយ៉ាងណាសាស្រ្តាចារ្យផ្នែកបច្ចេកវិទ្យារូបនេះ
ក៏គាំទ្រឲ្យមានការវិនិយោគលើវិស័យនេះ ឲ្យបានច្រើន នៅកម្ពុជា
ព្រោះជាជំហានជួយឲ្យការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា
បានរីកចម្រើនជឿនលឿន។
លោកថ្លែងយ៉ាងដូច្នេះ «ការវិនិយោគ បើសិនជាមានយើងនឹងរីករាយ កាលណាគេមក
គេនាំទាំងបច្ចេកវិទ្យា គេនាំ ទាំងធនធានរបស់គេមក ទោះបីថា ចាប់ផ្តើមដំបូង
យើងធ្វើឲ្យគេ តែយើងរៀនពីគេបានច្រើន។ ប្រទេសអភិវឌ្ឍ ភាគច្រើន
ក៏គេចាប់ផ្តើមចេញពីរបៀបហ្នឹងដែរ ដំបូងឡើយចេញពីប្រទេសកំពុងអភិវឌ្ឍ
ដូចយើងសព្វថ្ងៃហ្នឹង។ ស៊ីឈ្នួលពឹងផ្អែកលើបច្ចេកវិទ្យាគេ បន្ទាប់មកទៀត
យើងអភិវឌ្ឍខ្លួនយើងឲ្យទៅជាប្រទេសអភិវឌ្ឍន៍។ យើងមិន
អាចឈានមួយជំហានឡើងដល់១០កាំភ្លាមនោះទេ»។
តាមបទពិសោធន៍ជាសាស្រ្តាចារ្យធ្លាប់បង្រៀននៅប្រទេសថៃ
ក៏ដូចជានៅប្រទេសជប៉ុន លោកសាស្រ្តាចារ្យ គី ឡេង
បានសរសើរផងដែរពីសមត្ថភាពរបស់និស្សិតខ្មែរ ទាំងការច្នៃប្រឌិត
និងស្រាវជ្រាវលើប្រព័ន្ធបច្ចេកវិទ្យានេះ មិនចាញ់និស្សិតក្នុងបណ្តាប្រទេស
ដែលមានបច្ចេកវិទ្យាជឿនលឿននោះទេ។
ត្រង់ចំណុចនេះនិស្សិត ឡាយ រម្យនា
ដែលកំពុងបន្តថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យា បានបញ្ជាក់ថា «បើនិយាយ
ពីរឿងធ្វើដោយដៃផ្ទាល់ និស្សិតរបស់យើងមានបច្ចេកវិទ្យា
មានស្នាដៃខ្លាំងជាងនិស្សិតចូលរួម។ តាមខ្ញុំឃើញ និស្សិតមកពីកូរ៉េក៏ដោយ
បើផលិតដោយដៃផ្ទាល់ គេមានកម្រិតទៀបជាងយើង ដោយសារគេអាងទៅលើប្រទេស
គេមានបច្ចេកវិទ្យាទំនើបៗស្រាប់ហើយ ចឹងគំនិតច្នៃប្រឌិត
នៃការបង្កើតថ្មីគឺនិស្សិតយើងមានច្រើនជាង»។
រម្យនា
ក៏បានលើកទឹកចិត្តឲ្យអាជីវករក្នុងស្រុកចាប់ផ្តើមបង្កើតជាក្រុមហ៊ុនតូចៗ
ឬជាសិប្បកម្មដឺគ័រផ្សេងៗ ដើម្បី
ជាជំហានចាប់ផ្តើមលើវិស័យបច្ចេកវិទ្យានៅកម្ពុជា។ «ប្រសិនបើមានក្រុមហ៊ុនបរទេស
ឬក្នុងស្រុកយើងក៏អាច បង្កើត ដំបូងយើងអត់អាចបង្កើតជាលក្ខណៈធំ
យើងអាចបង្កើតជាសិប្បកម្មធ្វើជារបស់ដឺគ័រ ឬរបស់តូចតាចយើង
អាចផលិតក្នុងស្រុកបាន។ ពួកខ្ញុំជឿងថា និស្សិតសម្រាប់ផ្នែកអេឡិចត្រូនិក
និងអគ្គិសនីឥឡូវគាត់មានសមត្ថភាព គ្រប់គ្រាន់ក្នុងការដែលធ្វើហ្នឹង។
ខ្ញុំចង់លើកទឹកចិត្តកុំខ្លាចក្នុងការមកវិនិយោគ
ព្រោះខ្ញុំជឿងថានៅក្នុងស្រុកខ្មែរ
មានធនធានគ្រប់គ្រាន់សម្រាប់បម្រើការងារដល់ក្រុមហ៊ុនរបស់គាត់»។
ទោះបីជាវិស័យបច្ចេកវិទ្យា នៅតូចចង្អៀតក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី
តែមាននិស្សិតកម្ពុជាជាច្រើន បាននឹង កំពុងក្រេបជញ្ជក់យកនូវចំណេះដឹងមួយនេះ
ដោយអ្នកខ្លះព្រោះតែស្រឡាញ់ អ្នកខ្លះព្រោះតែដើម្បីទីផ្សារការងារ
និងខ្លះទៀតគិតថាជួយជំរុញវិស័យបច្ចេកវិទ្យានៅកម្ពុជា
ឲ្យកាន់តែរីកចម្រើនដូចបណ្តាប្រទេសជឿនលឿន ជប៉ុន កូរ៉េ និងចិនជាដើម...។
កញ្ញា ម៉ូរ៉ា ម៉ាឡា ក្នុងឯកសណ្ឋានជានិស្សិតន័រតុន អាវដៃខ្លីពណ៌ផ្ទៃមេឃ
ជាមួយនឹងសំពតពណ៌ខ្មៅលើជង្គង់បាន ថ្លែងថា ដោយសារតែគំនិតស្រឡាញ់
និងគោលដៅរបស់ខ្លួនចង់ក្លាយជាវិស្វករ ខ្លួនបានជម្នះគំនិតឪពុកម្តាយ
ដែលចង់ឲ្យកញ្ញារៀនមុខវិជ្ជាគណនេយ្យ។
មានមិនច្រើននោះទេ សម្រាប់និស្សិតស្រី ដែលស្រឡាញ់ចូលចិត្ត
និងរៀនលើមុខវិជ្ជាវិស្វកម្ម អេឡិចត្រូនិច និង អគ្គិសនី សម្រាប់ម៉ាឡា
ក្នុងវ័យ២១ឆ្នាំ មានទស្សនៈផ្ទុយពីនារីដទៃ ផ្ទុយពីគេត្រង់ថា
កញ្ញាចង់ធ្វើអ្វីដែលថ្មី និង គំនិតច្នៃប្រឌិតខ្ពស់ មួយវិញទៀត ក៏ដោយសារកញ្ញា
គិតថា មុខវិជ្ជានេះ អាចនឹងងាយរកការងារធ្វើផងដែរ។
ដោយឡែក ម៉ែន ណាល់ និស្សិតទើបបញ្ចប់ការសិក្សាដែរនោះ បានបញ្ជាក់ថា
ដោយសារតែការចូលចិត្តបង្កើតនូវ របស់ដែលថ្មី
គួបផ្សំជាមួយភាពវ័យឆ្លាតលើមុខវិជ្ជាគណិត និងរូបវិទ្យាពីវិទ្យាល័យផងនោះ
ទើបជំរុញឲ្យរូបគេ សម្រេចសិក្សាលើជំនាញបច្ចេកវិទ្យាមួយនេះ។
ក្រុមនិស្សិតជំនាញវិស្វកម្ម អេឡិចត្រូចនិច និងអគ្គិសនី
ដែលកំពុងសិក្សានៅក្នុងសកលវិទ្យាល័យន័រតុន ពួកគេ បានផលិតនូវឧបករណ៍
ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាជាច្រើន
ដែលសុទ្ធសឹងជាប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ។
កាលពីកន្លងទៅថ្មីៗនេះ ពួកគេបានបង្កើតនូវប្រព័ន្ធផ្ញើម៉ូតូ
ផ្ញើរថយន្តដោយឆ្លាតវៃ ប្រព័ន្ធគ្រប់គ្រងភ្លើងសញ្ញា ចរា ចរណ៍
និងប្រព័ន្ធគ្រប់គ្រប់បន្ទប់សណ្ឋាគារយកទៅប្រគួតប្រជែងនៅប្រទេសម៉ាឡេស៊ី
ជាមួយបណ្តាសកលវិទ្យា ល័យមកពី ១៤ប្រទេសនៅក្នុងតំបន់អឺរ៉ុប អាហ្រ្វិក
និងអាស៊ី ដោយទទួលបានមេដាយមាស និងសំរឺទ្ធជាច្រើនថែម ទៀតផង។
មិនតែប៉ុណ្ណោះពួកគេ ក៏បានបង្កើតនូវប្រព័ន្ធការពារសុវត្ថិភាពតាមផ្ទះ
តាមរថយន្ត ប្រព័ន្ធគ្រប់គ្រង់បណ្តាញភ្លើង
នៅតាមផ្ទះតាមបែបប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ជាច្រើនផ្សេងទៀត៕
4 comments:
The girl in the photo acted inappropriately. During the interview of other students, she played around with her cell phone. It showed that she did not care or pay attention to person who talk with her.
Watch the video in Dap-News. You will see how she acted.
The girl looks very cute and she is smart too.
She is not very polite at all. Agreed.
Yes, the young lady was a bit naughty, but she's still young and hopefully will do many good things for her country. Not many girls in Cambodia are seen studying this kind of subjects.
Post a Comment