World Organization Against Torture and International Federation for Human Rights call for the release of Yorm Bopha, Sok Sam Oeun, Born Samnang and Mam Sonando.
ដោយ ទេព សុរ៉ាវី 2013-01-10 RFA
អង្គការអន្តរជាតិចំនួន២
បានផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីកម្ពុជា
ស្នើសុំឲ្យដោះលែងជនជាប់ចោទចំនួន ៤នាក់
ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ សេចក្តីស្នើនោះបានបង្ហាញថា
ការផ្ដន្ទាទោសរបស់តុលាការកន្លងមកនោះ មិនសមហេតុផល
និងមានចរិតនយោបាយ។
អង្គការអន្តរជាតិដែលធ្វើការលើវិស័យសិទ្ធិមនុស្ស
រួមមានអង្គការប្រឆាំងការធ្វើទារុណកម្មពិភពលោក (World Organization
Against Torture) និងអង្គការសហព័ន្ធអន្តរជាតិការពារសិទ្ធិមនុស្ស
(International Federation for Human Rights)
បានរួមគ្នាចេញលិខិតផ្លូវការមួយ
ដោយសម្ដែងការព្រួយបារម្ភខ្ពស់លើការកាត់ទោសខុស
និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងលិខិតចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣
អង្គការអន្តរជាតិទាំង២
ទាមទារសុំឲ្យមានការដោះលែងសកម្មជនដីធ្លីនៅតំបន់បឹងកក់
គឺអ្នកស្រី យ៉ោម បុប្ផា លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជានាយកវិទ្យុសំបុកឃ្មុំ និងអ្នកជាប់រឿងក្តីករណីសម្លាប់លោក
ជា វិជ្ជា កាលពីឆ្នាំ២០០៤ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន៖ «អំពាវនាវ
សុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា លោក ប៊ន សំណាង លោក សុខ សំអឿន
និងលោក ម៉ម សូណង់ដូ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ
និងបញ្ចប់ការប្រឆាំងយាយីការវិនិច្ឆ័យរបស់តុលាការចំពោះរឿងក្តី
របស់ពួកគេ»។
ក្នុងលិខិតដដែលក៏បានអំពាវនាវសុំឲ្យមានការបញ្ឈប់ការយាយីរបស់
តុលាការលើករណីលោក ចាន់ សុវ៉េត
អនុប្រធានផ្នែកដីធ្លីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)
ដែលកំពុងជាប់បណ្ដឹងតុលាការផងដែរ។
ទាក់ទិននឹងសំណើសុំរបស់អង្គការអន្តរជាតិ
ទាមទារឲ្យមានការដោះលែងជនជាប់ចោទទាំង ៤នាក់នោះ
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ឃើញថា
ជាការចាប់អារម្មណ៍មួយដែលត្រូវគោរព។ ក៏ប៉ុន្តែ
អ្វីជាទិសដៅនៃការស្នើសុំមករាជរដ្ឋាភិបាល
ដោយភ្ជាប់មកជាមួយពាក្យរិះគន់ថាការកាត់ក្តីរឿងលើករណីទាំងនោះ
មានលាយឡំនឹងរឿងនយោបាយ លោក ផៃ ស៊ីផាន
ចាត់ទុកថាជាការវាយប្រហារមួយដែលរាជរដ្ឋាភិបាលមិនអាចទទួលយក
បាន។
លោក ផៃ ស៊ីផាន៖ «យើងជារាជរដ្ឋាភិបាល
យើងមិនអាចធ្វើអ្វីដែលលូកដៃ
ដែលជាឧបសគ្គនៃយុត្តិធម៌ដែលកំពុងដំណើរការនៅក្នុងតុលាការបានដែរ
នេះជាជំហររបស់រាជរដ្ឋាភិបាល។ រីឯអ្វីជាសំណើរបស់គេ
គួរគេនិយាយជាមួយអ្វីជានីតិវិធីនៅក្នុងតុលាការ
ឲ្យមានការតតាំងរវាងផលប្រយោជន៍ទណ្ឌិត
ក៏ដូចជាផលប្រយោជន៍ខាងក្រៅ តាមរយៈមេធាវី
និងចៅក្រមដែលពិភពលោកភាគច្រើនគេធ្វើដាច់ដោយឡែក
អំពីអ្វីជាស្ថាប័ននីតិប្រតិបត្តិទៅឡូកឡំជាមួយស្ថាប័នតុលាការ»។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ
កាលពីខែធ្នូ ឆ្នាំ២០១២ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។
ចំណែកលោក ម៉ម សូណង់ដូ តុលាការដំបូងផ្ដន្ទាទោសកាលពីថ្ងៃទី១ ខែតុលា
ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ និងពិន័យប្រាក់ចំនួន
១០លានរៀល។ រីឯលោក ប៊ន សំណាង និងលោក សុខ សំអឿន
ត្រូវសាលាឧទ្ធរណ៍ផ្ដន្ទាទោសជាថ្មីកាលពីខែធ្នូ ឆ្នាំ២០១២
ដោយសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ៕
No comments:
Post a Comment