ដោយ យន់ សាមៀន 2012-12-01 RFA
តុលាការយុត្តិធម៌អន្តរជាតិ (ICJ)
គ្រោងនឹងបើកសវនាការបកស្រាយសាលដីកាតុលាការសម្រេចកាលពីខែមិថុនា
ឆ្នាំ១៩៦២ ទាក់ទងនឹងប្រាសាទព្រះវិហារ តាមសំណើរបស់ភាគីកម្ពុជា។
ក្រុមមន្ត្រីនគរបាលជាន់ខ្ពស់ខ្មែរ
ពិនិត្យមើលថ្មប្រាសាទព្រះវិហារ
ដែលបាក់បែកដោយសារតែគ្រាប់កាំភ្លើងថៃបាញ់ចំ កាលពីថ្ងៃទី៥
ខែកុម្ភៈ ឆ្នាំ២០១១។ Cambodia police and military officers inspected damages to the temple caused by Thai shells fired during the 5th April 2011 armed clashes with Cambodian troops.
សវនាការនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ មេសា
ឆ្នាំ២០១៣ នៅឯវិមានសន្តិភាពទីក្រុងឡាអេ ប្រទេសហូល្លង់។
តុលាការនឹងបើកឱកាសឲ្យភាគីដើមបណ្ដឹងកម្ពុជា និងចុងចោទថៃ
បកស្រាយជាពីរវគ្គដោយឡែកពីគ្នាក្នុងរយៈពេល ៥ថ្ងៃនោះ
ប៉ុន្តែតុលាការមិនទាន់ប្រកាសនៃកាលបរិច្ឆេទចេញសាលដីកានៅឡើយទេ។
កម្ពុជា កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០១១
បានដាក់ពាក្យបណ្ដឹងមួយនៅតុលាការយុត្តិធម៌អន្តរជាតិ
ដើម្បីបកស្រាយសាលដីកាតុលាការ កាលពីឆ្នាំ១៩៦២
ស្ដីពីប្រាសាទព្រះវិហារ។ នៅថ្ងៃដដែលនោះ កម្ពុជា
ក៏បានស្នើសុំឲ្យតុលាការចេញសេចក្តីសម្រេចវិធានការបណ្ដោះអាសន្ន
ឲ្យទាហានថៃ ដកចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ
ដែលតុលាការបានកំណត់ជាទឹកដីរបស់ខ្មែរ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា ការបកស្រាយសាលដីកាឆ្នាំ១៩៦២
នឹងគ្មានអ្វីប្រែប្រួលទៅនឹងខ្លឹមសារសាលដីកាតុលាការចេញកាលពី
ឆ្នាំ១៩៦២ ឡើយ។ លោកបន្តថា ការបកស្រាយចុងក្រោយនឹងជំរុញឲ្យភាគីថៃ
គោរពសាលដីកាឆ្នាំ១៩៦២។
ជម្លោះព្រំដែនតំបន់ក្បែរប្រាសាទព្រះវិហារ
បានបណ្ដាលឲ្យទាហានកម្ពុជា និងថៃ
បានប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើក
នាំឲ្យទាហានទាំងសងខាងស្លាប់ និងរងរបួស។ បច្ចុប្បន្ន
ស្ថានភាពតាមព្រំដែនមានភាពធូរស្រាល
ហើយកងទ័ពទាំងពីរបានដកចេញពីតំបន់គ្មានយោធាបណ្ដោះអាសន្ន
កំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ
រង់ចាំការបកស្រាយសាលដីកាស្ដីពីប្រាសាទព្រះវិហារ៕
No comments:
Post a Comment