ដោយ ដែន អយុធ្យា 2012-11-19 RFA
ប្រជាពលរដ្ឋមានលំនៅឋានតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
បានចោទភាគីវៀតណាម ថាបានបោះបង្គោល និងតម្រុយព្រំដែនតាមអំពើចិត្ត
ដោយភាគីកម្ពុជា មិនបានចូលរួម និងគ្មានសិទ្ធិតវ៉ាទេ។
ប៉ុន្តែការចោទនេះ
ត្រូវមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការបោះបង្គោល
ព្រំដែន តែងបានច្រានចោល និងអះអាងថា
រដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតចំពោះបញ្ហាបោះបង្គោលព្រំដែន
នេះ។
ប្រជាពលរដ្ឋភាគច្រើនមានលំនៅឋានជាប់តាមបន្ទាត់ព្រំដែន
កម្ពុជា-វៀតណាម បានអះអាងថា សកម្មភាពបោះបង្គោល
និងតម្រុយកំណត់ព្រំដែនគោកប្រទេសទាំងពីរ គឺភាគីកម្ពុជា
គ្មានសិទ្ធិសម្រេច
និងអនុវត្តទៅតាមការចង្អុលបង្ហាញរបស់ភាគីវៀតណាម។
បុរសវ័យជាង ៥០ប្លាយឆ្នាំ ឈ្មោះ នាង ទៀន រស់នៅឃុំត្រពាំងផ្លុង
ស្រុកពញាក្រែក ខេត្តកំពង់ចាម លោកបានឲ្យដឹងថា ដីចម្ការគាត់ចំនួន
៧ហិកតារត្រូវបាត់បង់ដោយសារសកម្មភាពបោះកំណត់ព្រំដែនគោក
កម្ពុជា-វៀតណាម។ លោកអះអាងថា
សកម្មភាពបោះកំណត់ព្រំដែនគោកនៅក្នុងមូលដ្ឋានលោកកន្លងមក
មិនឃើញមានភាគីកម្ពុជា ចូលរួមទេ គឺឃើញមានតែភាគីវៀតណាម ទេ។
លោក នាង ទៀន បន្តថា
សកម្មភាពបោះកំណត់បង្គោលព្រំដែននៅឃុំត្រពាំងផ្លុង
ឃើញមានតែភាគីវៀតណាម ទេ ដែលបានយកតម្រុយ
ឬក៏បង្គោលកំណត់ព្រំដែនទៅបោះលើទីតាំងដែលពួកគេចង់បាន
ដោយភាគីខ្មែរ មិនបានចូលរួម ឬមិនហ៊ានចេញមុខជំទាស់ទេ។
ពលរដ្ឋឲ្យដឹងថា ការបោះកំណត់ព្រំដែន
ឬតម្រុយព្រំដែននៅឃុំត្រពាំងផ្លុង ភាគីវៀតណាម បានយកបង្គោល
ឬតម្រុយទៅបោះចូលមកក្នុងដីចម្ការដំឡូងដែលពលរដ្ឋកំពុងបង្កបង្កើន
ផលជារៀងរាល់ឆ្នាំ ប៉ុន្តែមន្ត្រីខ្មែរមិនបានជួយអើពើទេ
ទោះបីពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍បែបណាក្ដី។
បុរសវ័យចំណាស់ម្នាក់ទៀតឈ្មោះ ក្រួច ប៉េង រស់នៅឃុំត្រពាំងផ្លុង
ស្រុកពញាក្រែក ខេត្តកំពង់ចាម នេះដែរ ក៏បានឲ្យដឹងថា
គ្រួសារគាត់បានបាត់បង់ដីចម្ការចំនួន ២ហិកតារទៅឲ្យប្រទេសវៀតណាម
ដោយសារសកម្មភាពបោះកំណត់បង្គោលព្រំដែនគោករបស់រដ្ឋាភិបាល។
លោកអះអាងថា បង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
ដែលបានបោះក្នុងមូលដ្ឋានលោក គឺភាគីវៀតណាម ជាអ្នកយកតម្រុយ
ឬបង្គោលនៅលើទីតាំងដែលពួកគេចង់បាន ហើយមិនឃើញភាគីកម្ពុជា
ចូលរួមទេ។
កសិកររូបនេះព្រួយបារម្ភចំពោះសកម្មភាពបោះកំណត់ព្រំដែនគោករបស់
រដ្ឋាភិបាលនាំឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដីថែមទៀតនាថ្ងៃអនាគត
បើសិនជាមន្ត្រីកិច្ចការព្រំដែនកម្ពុជា
មិនហ៊ានចេញមុខតវ៉ាជាមួយភាគីវៀតណាម នោះ។
ក្រុមប្រជាពលរដ្ឋច្រើនទៀត រស់នៅតាមព្រំដែនស្រុកពញាក្រែក
និងស្រុកមេមត់ ក៏សោកស្ដាយដីធ្លីកសិកម្មរបស់ដូនតាបន្សល់ទុក
ដែលត្រូវប្រទេសវៀតណាម រំលោភយក
ដោយសារផែនការបោះកំណត់ព្រំដែនគោកប្រទេសទាំងពីរ។
ពលរដ្ឋខេត្តកំពង់ចាម ព្រួយបារម្ភថា ថ្ងៃអនាគត
ដីកសិកម្មរបស់ពួកគាត់នឹងអាចបាត់បង់បន្តទៀត
ដោយសារការលួចរំកិលបង្គោលព្រំដែនណាមួយកើតឡើង
ហើយមន្ត្រីព្រំដែនរដ្ឋាភិបាលមិនហ៊ានតវ៉ានោះ។
លោក គង់ ចន្ថា ជាជំទប់ទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
ខេត្តកំពង់ចាម មកពីគណបក្ស សម រង្សី លោកទទួលស្គាល់ថា
សកម្មភាពបោះកំណត់ព្រំដែនគោកកម្ពុជា-វៀតណាម
ពិតជានាំឲ្យបាត់បង់ដីកសិកម្មពលរដ្ឋក្នុងមូលដ្ឋាននេះពិតមែន។
លោកថា
ទំហំនៃការបាត់បង់ដីកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកមាន
រូបភាពធ្ងន់ធ្ងរ ហើយថា ពលរដ្ឋឃុំត្រពាំងផ្លុង
បារម្ភខ្លាចបាត់បង់ដីបង្កបង្កើនផលបន្តទៀតនាថ្ងៃអនាគត
ព្រោះមន្ត្រីរដ្ឋាភិបាលហាក់មិនហ៊ានតវ៉ាជាមួយភាគីវៀតណាម ទេ
ចំពោះសកម្មភាពបោះកំណត់បង្គោលព្រំដែនគោកនេះ។
ទោះយ៉ាងណា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ធ្លាប់បានបដិសេធន៍ចំពោះការចោទប្រកាន់ដែលថាសកម្មភាពបោះកំណត់
បង្គោលព្រំដែន ឬតម្រុយព្រំដែនកម្ពុជា-វៀតណាម រដ្ឋាភិបាលកម្ពុជា
អនុវត្តទៅតាមការចង្អុលបង្ហាញរបស់ភាគីវៀតណាម នោះ។ លោកថា
ភាគីកម្ពុជា មិនមែនចេះតែឯកភាពទៅតាមការចង់បានរបស់ភាគីវៀតណាម
ដូចការចោទប្រកាន់ទេ គឺអ្នកឯកទេសជំនាញភាគីកម្ពុជា
បានពិនិត្យចំពោះបញ្ហាបោះកំណត់បង្គោលព្រំដែនប្រទេសទាំងពីរ
ដោយយកចិត្តទុកដាក់ និងមិនធ្វេសប្រហែសនោះទេ។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន
តំណាងក្រុមប្រឹក្សាឃ្លាំមើលព្រំដែនកម្ពុជា
បានស្នើឲ្យរដ្ឋាភិបាលពិនិត្យចំពោះសកម្មភាពបោះកំណត់ព្រំដែនគោក
ជាមួយវៀតណាម ជាថ្មីឲ្យបានត្រឹមត្រូវ ហើយថា
ការបោះកំណត់ព្រំដែននេះត្រូវឲ្យមានសង្គមស៊ីវិល
និងសហគមន៍អន្តរជាតិចូលរួមអង្កេត។
សកម្មភាពបោះកំណត់តម្រុយ ឬបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
ពលរដ្ឋអះអាងថា មិនមែនរំលោភចូលតែក្នុងទឹកដីខេត្តកំពង់ចាម ទេ
គឺមានខេត្តមួយចំនួនទៀតក៏បានរំលោភចូលដីស្រែចម្ការរបស់ពលរដ្ឋ
ធ្លាប់បង្កបង្កើនផលនេះដែរ។ ខេត្តទាំងនោះមានដូចជា ខេត្តតាកែវ
ព្រៃវែង និងខេត្តស្វាយរៀង ជាដើម។
បង្គោលកំណត់ព្រំដែនគោកកម្ពុជា-វៀតណាម សរុបមានចំនួន ៣៧៥បង្គោល។
ដើមឡើយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានបញ្ជាក់ថា
រដ្ឋាភិបាលគ្រោងនឹងបោះឲ្យរួចជាស្ថាពរនៅត្រឹមឆ្នាំ២០១២
ប៉ុន្តែពេលនេះ លោកថា ទំនងជាត្រូវពន្យារដល់ឆ្នាំ២០១៣
ដោយសារមន្ត្រីជំនាញត្រូវការពេលវេលាពិនិត្យបញ្ហានេះឲ្យបាន
ត្រឹមត្រូវ៕
2 comments:
Vietnam/Yuon is a thief nation!!!
Why only the villagers complaining about the border encroachment, why, why? The Cambodian government has no sense of what they should do to keep VN from invading and stealing our lands, why?
Post a Comment