ដោយ សុខ សេរី 2012-10-15 RFA
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ
ព្រះមហាវីរក្សត្រខ្មែរ ទ្រង់បានសោយព្រះទិវង្គតហើយ នៅវេលាម៉ោង
១:២០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
(ម៉ោងនៅភ្នំពេញ) នាប្រទេសចិន ដោយព្រះជរាពាធ។
ព្រះមហាក្សត្រយាងទៅដង្ហែព្រះសព
ព្រះករុណាព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម
សីហមុនី និងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានយាង
និងចាកចេញពីប្រទេសកម្ពុជាហើយ តាមជើងយន្តហោះពិសេស ឈ្មោះ ខេមបូឌា
អង្គរ អ៊ែរ៍ (Cambodia Angkor Air) ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង
ប្រទេសចិន
ដើម្បីដង្ហែព្រះសពរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះ
នរោត្តម សីហនុ មកទីក្រុងភ្នំពេញវិញ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា
អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
បានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១
និង២០នាទី រំលងអធ្រាត្រ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា
នៅមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ។
សម្ដេចសង្ឃចំនួន ៣អង្គ ដឹកនាំដោយសម្ដេចព្រះវនរ័ត ណយ ច្រឹក
បាននិមន្តតាមជើងយន្តហោះពិសេសជាមួយព្រះបរមកោដ្ឋសម្រាប់ដាក់ព្រះ
សព។
មន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងថា
ព្រះសពរបស់អតីតព្រះមហាក្សត្រ
នឹងត្រូវដឹកតាមជើងយន្តហោះពិសេសនោះមកប្រទេសកម្ពុជា នៅថ្ងៃទី១៧
ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ៣រសៀល។
អតីតសហរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
សិរីរ័ត្ន
បានមានបន្ទូលប្រាប់អ្នកកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា
ការចូលទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរនោះ
គឺជាការបាត់បង់ដ៏ធំមួយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន៖ «បាទ!
ចំពោះព្រះញាតិវង្សានុវង្សទាំងអស់ និងប្រជាពលរដ្ឋខ្មែរ
ជាការក្រៀមក្រំបំផុត។ យើងសំដែងនូវការគោរពជាទីសក្ការៈ
ជាទីស្នេហា ថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រជីវិតតម្កល់លើត្បូង
សម្ដេចព្រះបាទ នរោត្តម សីហនុ។ សុខ សេរី៖ តើព្រះអង្គយល់ថា
នេះជាការបាត់បង់ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រទេ?
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន៖ ចំពោះប្រជារាស្ត្រខ្មែរ
ចំពោះប្រទេសជាតិខ្មែរទាំងមូលបាទ!»។
រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន
និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា
លោកសុំមិនធ្វើអត្ថាធិប្បាយអ្វីទេ
គឺទុកគណៈកម្មការមួយចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីបញ្ហានេះ។
ទាក់ទងនឹងការចូលទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរ
ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នេះដែរ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត
សុខ ទូច និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ
និងប្រវត្តិសាស្ត្រកម្ពុជា បានមានប្រសាសន៍ថា
អតីតព្រះមហាក្សត្រខ្មែរ គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាព
ទីក្រុងប៉ារីស រយៈពេល ២១ឆ្នាំហើយមកដល់ពេលនេះ។
លោក សុខ ទូច៖ «យើងបាត់បង់វីរជនរបស់កម្ពុជាមួយ
ដែលលោកបានរំដោះចេញពីនឹមអាណានិគមនិយមបារាំង ទី២
លោកបានបង្កើតសង្គមរាស្ត្រនិយម ដែលនៅក្នុងទសវត្សរ៍ទី៦០
ដែលនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍។ ចំណុចទី៣
បាត់បង់សំណុំឯកសារដ៏ធំមួយសំរាប់ប្រទេសកម្ពុជា
សូម្បីតែរូបខ្ញុំបាទហ្នឹងចង់ជួបគាល់ព្រះអង្គជាច្រើនដងហើយ
ដើម្បីទទួលយកឯកសារ ដើម្បីសរសេរជាប្រវត្តិសាស្ត្រ
ដែលព្រះអង្គជាអ្នកដឹងរឿង
ព្រះអង្គជាអ្នកចូលក្នុងរឿងទាំងបញ្ហាព្រំដែន ទាំងបញ្ហាកោះត្រល់
ទាំងអស់នេះ ដែលខ្ញុំសុំចូលគាល់បីដងហើយ ប៉ុន្តែមិនបានដូចបំណង
ដោយសារព្រះអង្គព្រះឈួន ឥឡូវនេះបំណងមិនបានសំរេច
នេះជាការបាត់បង់បញ្ជីឯកសារដ៏ធំមួយ»។
អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ត្រូវបានមេដឹកនាំគណបក្សនយោបាយនានា រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន លោក សម រង្ស៊ី និងលោក កឹម សុខា តែងតែចាត់ទុកថា
ជាព្រះបិតាឯករាជ្យ បិតាសន្តិភាព និងជាបិតាបង្រួបបង្រួមជាតិ។
ការចូលទិវង្គតនេះ គឺនៅមុនពេលដែលប្រទេសកម្ពុជា
គ្រោងរៀបចំបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២
ខាងមុខនេះ និងនៅមុនពេលព្រះរាជពិធីបុណ្យអុំទូក អកអំបុក
និងសំពះព្រះខែ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២៕
No comments:
Post a Comment