លោកសម រង្ស៊ី
(ថ្ងៃទី 23 កញ្ញា 2012) | ដោយ: រតនា CEN
ភ្នំពេញ:
លោកសម រង្ស៊ី
មេធាវីមិនប្រកបវិជ្ជាជីវៈអត្តលេខ១០៨ និងជាប្រធានគណបក្ស
សង្គ្រោះជាតិ ដែលឈ្មោះជាទណ្ឌិតនោះ
ប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីសមាជិកគណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២
លោកជីវ សុងហាក់ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
បានចេញលិខិតកោះលោកសម រង្ស៊ី
ឲ្យចូលខ្លួនមកបំភ្លឺដោយផ្ទាល់ដល់ក្រុមប្រឹក្សា នៃគណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២។
លោក
យឹម សារី អ្នកនាំពាក្យ នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២
បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់ឲ្យដឹងថា ខាងគណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យលោកសម រង្ស៊ី
ខ្លួនឯងចូលចូលមកបំភ្លឺផ្ទាល់ចំពោះក្រុមប្រឹក្សា នៃគណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២
ទាក់ទងទៅនឹងដីកាស្ថាពររបស់សាលាឧទ្ធរណ៍។
លោកយឹម សារី
បានមានប្រសាសន៍បញ្ជាក់ថា
“ជាធម្មតាដីកាចូលជាស្ថាពរបញ្ជាក់ពីនីតិសម្បទាររបស់បុគ្គល (សម
រង្ស៊ី) មានទោសជាទណ្ឌិត។
ពេលណាក្លាយខ្លួនជាទណ្ឌិតវាមានទណ្ឌកម្មពីខាងគណៈមេធាវី
ហើយទណ្ឌកម្មដែលត្រូវដាក់នោះខ្ញុំមិនទាន់ដឹងថា
ក្រុមប្រឹក្សានៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
ត្រូវដាក់កំរិតណាទេ
ពីព្រោះអាស្រ័យទៅលើការសម្រេចរបស់ក្រុមប្រឹក្សានៃគណៈមេធាវី”។
លោកជូង ជូងី មេធាវីរបស់លោកសម រង្ស៊ី កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា
បានបដិសធមិនធ្វើសេចក្តីអត្ថាធិប្បាយទេ
ពីព្រោះលោកនៅមិនទាន់បានទទួលលិខិតកោះលោកសម រង្ស៊ី ពីគណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជានៅឡើយទេ
គឺរង់ចាំលោកមេធាវីទទួលបានលិខិតនោះពិនិត្យមើលសិនទើបអាចនិយាយបាន។
លោកយឹម សារី បានមានប្រសាសន៍ថា
ការពិភាក្សារបស់់ក្រុមប្រឹក្សានៃគណ់មេធាវី សម្រេចលុបឈ្មោះលោកសម
រង្ស៊ី ចេញពីសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ដោយយោងតាមមាត្រា៥៩ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
និងយោងតាមមាត្រា៦ នៃក្រមសីលធម៌មេធាវី លោកសម រង្ស៊ី
បច្ចុប្បន្នជាប្រធានគណបក្ស សង្គ្រោះជាតិ ដែលឈ្មោះជាទណ្ឌិត
តាមរយៈដីកាស្ថាពរសាលាឧទ្ធរណ៍
ដែលតម្កល់សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០០៩
ជាមួយគ្នានោះសម្តេចហេង សំរិន ប្រធានរដ្ឋសភាជាតិ
បានសម្រេចលុបឈ្មោះលោកសម រង្ស៊ី ចេញបញ្ជីឈ្មោះសមាជិកសភានីតិកាលទី៤
និងពីបញ្ជីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមជាស្ថាពរផងដែរ។
លោកសម រង្ស៊ី នៅមានរឿងព្រហ្មទណ្ឌនៅសាលាដំបូងរាជធានីភ្នំពេញ
ជាច្រើនករណីទៀត ដែលបានសម្រេចសាលក្រមកំបាំងមុខ
គាត់ដាក់ទោសសរុបជិត១០ឆ្នាំដែរ មិនទានចូលជាស្ថាពរនៅឡើយ៕
No comments:
Post a Comment