A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 6 September 2012

Opposition parties and civil society do not want the government to amend the constitution over border issues បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​កែ​ច្បាប់​ពាក់ព័ន្ធ​នឹង​ផែនទី

Opposition parties and civil society do not want the government to amend the constitution over border issues.
ដោយ សេក បណ្ឌិត 2012-09-06  RFA

ទោះ​បី​មាន​ការ​បក​ស្រាយ​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជុំ​បញ្ហា​ការ ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម អស់​ជា​ច្រើន​ម៉ោង​នៅ​រដ្ឋ​សភា​យ៉ាង​ណា​ក្ដី គណបក្ស​ប្រឆាំង​នៅ​តែ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ​ចំពោះ​ការ​បាត់បង់​ផ្ទៃដី​ ប្រទេស​កម្ពុជា ទៅ​ខាង​ប្រទេស​វៀតណាម។

RFA/Sok Serey
ផែនទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​នៅ​សភា​ជាតិ ស្ដីពី​ទីតាំង​ដោះដូរ​ភូមិ និង​ដី​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នៅ​ខេត្ត​កំពង់ចាម ជាដើម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ឃ្លាំ​មើល​បញ្ហា​ព្រំដែន មិន​ចង់​ឲ្យ​រដ្ឋាភិបាល ឬ​រដ្ឋ​សភា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ​មាត្រា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ មាត្រដ្ឋាន​ផែនទី​នៃ​ប្រទេស​កម្ពុជា ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​នោះ​ទេ។
ការ​បញ្ចេញ​ប្រតិកម្ម​នេះ បន្ទាប់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ ទី​៤ កញ្ញា បាន​ប្រកាស​ឲ្យ​មាន​ការ​សិក្សា​មួយ ដើម្បី​អាច​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ពីរ​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ ​កម្ពុជា។
លោក​មាន​ប្រសាសន៍​ថា មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៣ នោះ នៅ​មាន​ចំណុច​ខ្សោយ និង​ខ្វះខាត​មួយ​ចំនួន ហើយ​ការ​គូស​ផែនទី​កំណត់​ផ្ទៃក្រឡា​ដី​របស់​កម្ពុជា នៅ​សម័យ​បារាំង កាន់កាប់​កម្ពុជា​នោះ ក៏​មាន​ការ​លំបាក ខ្វះខាត​នូវ​លក្ខណៈ​បច្ចេកទេស​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ទំហំ​ផ្ទៃដី​ ប្រទេស​កម្ពុជា មាន​ការ​ប្រែប្រួល​ក្រោយ​ពី​មាន​ការ​វាស់វែង​ឡើង​វិញ​ដោយ​ឧបករណ៍ ឬ​បច្ចេកវិទ្យា​ទំនើប​នៅ​សម័យ​នេះ។
មត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៦៩ ហើយ​ដែល​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៦៩។
លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​កំណត់​ព្រំដែន​មិន​ពាក់ព័ន្ធ​នឹង​មាត្រា​ទី​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ​ទេ។
លោក​បន្ត​ថា បើ​ទោះ​បី​មាន​ការ​ចាំបាច់​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ណា​មួយ​នៃ​រដ្ឋ​ ធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​ការ​កំណត់​ព្រំដែន​នោះ ទាល់​តែ​មាន​ការ​ធានា​ថា មិន​ឲ្យ​បាត់បង់​បូរណភាព​ទឹកដី​ខ្មែរ​ពិត​ប្រាកដ​​ស្រប​តាម​គោលការណ៍​ច្បាប់ ​ជាតិ អន្តរជាតិ មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេតការណ៍​ច្បាស់លាស់​ដែល​មិន​គួរ​ធ្វើ​ឡើង​ដោយ​ អត្តនោម័តិ​នោះ​ទេ។
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១២ ថា ភាគី​កម្ពុជា និង​វៀតណាម នឹង​ផលិត​ផែនទី​ព្រំដែន​រដ្ឋ​មួយ។ ផែនទី​ព្រំដែន​នោះ​នឹង​ត្រូវ​ប្ដូរ​ជំនួស​ផែនទី​ខ្នាត​ ១/១០០.០០០ ដែល​មាន​ចំនួន ២៦​ផ្ទាំង និង​ផែនទី​ខ្នាត ១/៥០.០០០ (មួយ​លើ​ហាសិប​ពាន) ដែល​មាន​ចំនួន ៤០​ផ្ទាំង អម​ដោយ​សន្ធិសញ្ញា ១៩៨៥ និង​ប្លង់​ទាំង​បួន​អម​ដោយ​សន្ធិសញ្ញា​បំពេញ​បន្ថែម។
ទាក់ទង​បញ្ហា​នេះ​ដែរ លោក រ៉ុង ឈុន ប្រធាន​ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន។ លោក​មាន​ប្រសាសន៍​ថា ការ​កែប្រែ​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ គេ​គួរ​តែ​ធ្វើ​ឡើង​ដោយ​តម្លាភាព ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ ជៀសវាង​ធ្វើ​ឡើង​ដោយ​ក្រុម​មនុស្ស​តែ​មួយ​ក្រុម​ណា​មួយ​នោះ។
មន្ត្រី​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា ការ​កំណត់​ព្រំដែន​ដោយ​រក្សា​បាន​នូវ​បូរណភាព​ដែនដី​ជាតិ​របស់​ខ្លួន​មិន​ ឲ្យ​បាត់បង់​នោះ គឺ​ត្រូវ​ពឹង​លើ​អ្នក​ច្បាប់​អ្នក​ជំនាញ​ដែល​មាន​បច្ចេកទេស​ច្បាស់​លាស់ និង​ជា​អ្នក​ឯករាជ្យ ហើយ​មិន​ត្រូវ​យក​បញ្ហា​នេះ​ជា​រឿង​កេង​ចំណេញ​ខាង​នយោបាយ ហើយ​ធ្វើ​ឲ្យ​បាត់​បង់​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ។
មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​កំពុង​សិក្សា​លម្អិត​លើ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​យក​មក​ប្រើ​ សព្វថ្ងៃ​នេះ និង​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា ការ​វាស់វែង​ព្រំដែន​ជា​ថ្មី​នៅ​សម័យ​នេះ អាច​ចំណេញ ឬ​ពង្រីក​ផ្ទៃដី​បន្ថែម​ដល់​កម្ពុជា​នោះ ជា​រឿង​ពិត​ប្រាកដ​មែន ឬ​ក៏​យ៉ាង​ណា?
គណបក្ស​ប្រឆាំង​នឹង​បន្ត​លើក​យក​បញ្ហា​ស្ដីពី​ភាព​មិន​ប្រក្រតី​មួយ​ ចំនួន​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ទៅ​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​បំភ្លឺ​បន្ត​ ទៀត ដោយ​មាន​ការ​សួរ​ដេញ​ដោល​គ្នា​ដោយ​ផ្ទាល់​មាត់​នៅ​ក្នុង​រដ្ឋ​សភា​នៅ​ពេល​ ខាង​មុខ៕

No comments: