ដោយ អ៊ុក សាវបូរី 2012-09-06 RFA
ប៉ូលិសបានចាប់ផ្ដើមស៊ើបអង្កេតករណីបាញ់ម្ចាស់ហាងខារ៉ាអូខេ ឈ្មោះ រស្មីអង្គរ ស្ថិតនៅក្នុងភូមិស្នោ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃចន្ទ ទី៣ កញ្ញា ឆ្នាំ២០១២។
ការប្រើអាវុធបាញ់ទៅលើម្ចាស់ហាងខារ៉ាអូខេនោះ
ត្រូវបានប៉ូលិសសង្ស័យថា ពាក់ព័ន្ធអភិបាលរងខេត្តតាកែវ មួយរូប
ដែលគេអះអាងថា បានចូលទៅកំសាន្តនៅក្នុងហាងខារ៉ាអូខេនោះ
ជាមួយមនុស្សមួយចំនួន។
ស្នងការនគរបាលខេត្តតាកែវ លោក អ៊ុក សំណាង
មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ថា
សមត្ថកិច្ចកំពុងសាកសួរទៅសាក្សីជាច្រើនរូប
ដែលបានដឹងហេតុការណ៍បាញ់ម្ចាស់ហាងខារ៉ាអូខេ
ដែលមានស្លាករស្មីអង្គរ បណ្ដាលឲ្យម្ចាស់ហាងរបួស។
លោកស្នងការបន្តថា ជនរងគ្រោះជាម្ចាស់ហាងខារ៉ាអូខេ ត្រូវរបួសជើង
ត្រូវបានគេបញ្ជូនទៅព្យាបាលនៅភ្នំពេញ
ហើយបានត្រឡប់មកដល់ផ្ទះនៅខេត្តតាកែវ វិញហើយ៖ «ក្រោយពីបាន
ព័ត៌មានមក ខ្ញុំបានធ្វើការបំភ្លឺពីសាក្សី
ហើយនិងជនរងគ្រោះដែលវាមានពាក់ព័ន្ធសាក្សីខ្លះទៀតដែលយើងកំពុងតែ
ធ្វើការបំភ្លឺជាមួយបញ្ហាក្នុងរឿងនេះ»។
ប្រភពពីប្រជាពលរដ្ឋខេត្តតាកែវ បានឲ្យដឹងថា
កាលពីម៉ោងប្រមាណ១១យប់ ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១២
ក្រុមអាជ្ញាធរខេត្តតាកែវ មួយក្រុម ក្នុងនោះមានលោក ឡាយ វណ្ណៈ
អភិបាលរងខេត្ត រួមទាំងមន្ត្រីតុលាការខេត្តខ្លះ
បានចូលទៅច្រៀងលេងនៅហាងខារ៉ាអូខេឈ្មោះរស្មីអង្គរ។ ក្រោយមក
មានផ្ទុះអាវុធ ធ្វើឲ្យម្ចាស់ហាងខារ៉ាអូខេនោះរបួសជើង។
ប្រភពដដែលអះអាងថា បន្ទាប់មកអភិបាលរងខេត្តតាកែវ លោក ឡាយ វណ្ណៈ
បានដឹកជនរងគ្រោះឈ្មោះ មាស សុថន ជាម្ចាស់ហាងខារ៉ាអូខេរស្មីអង្គរ
ទៅមន្ទីរពេទ្យ
ហើយបានគម្រាមគ្រូពេទ្យមិនឲ្យបញ្ចេញព័ត៌មានបាញ់បោះនេះទៅស្ថាប័ន
ណាបានដឹងឮឡើយ។
ប្រធានស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)
ខេត្តតាកែវ លោក អ៊ុក ផាន្នន ដែលបានចុះទៅស៊ើបអង្កេតករណីនេះ ថ្លែងថា
ជនរងគ្រោះមិនបានសហការផ្ដល់ព័ត៌មានក្នុងករណីនេះឡើយ។ លោក អ៊ុក
ផាន្នន បន្តថា ក្រុមអ្នកស៊ើបអង្កេត
ព្យាយាមជួបសម្ភាសជនរងគ្រោះឈ្មោះ មាស សុថន ម្ចាស់ហាងខារ៉ាអូខេ
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា តែបរាជ័យ
ដោយជនរងគ្រោះមិនចេញមកផ្តល់ព័ត៌មាន
ជុំវិញការបាញ់ឲ្យគាត់របួសនោះឡើយ។ ប៉ុន្តែ
កូនស្រីជនរងគ្រោះបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា
មានការដោះស្រាយក្រៅប្រព័ន្ធតុលាការ សម្របសម្រួលសំណងរួចហើយ។
លោក អ៊ុក ផាន្នន៖ «នៅផ្ទះទេ នៅដេកក្នុងបន្ទប់ទេព្រឹកមិញ
ខ្ញុំចុះទៅ។ គាត់អត់ឲ្យជួបទេ យើងទៅជួបប៉ុន្មានដង
គាត់អត់ឲ្យជួបទេ ហើយចេះតែសួររហូតទៅ
កូនស្រីគាត់ម្នាក់ចេញមកប្រាប់ថា មិនបាច់ជួបពុកគាត់ទេ
ព្រោះរឿងហ្នឹង ពីតុលាការគេដឹងអស់ហើយ អ៊ីចឹងចម្លើយអីទៅ
សួរនៅនោះទៅហើយគាត់ក៏សម្រុះសម្រួលគេរួចអស់ហើយ»។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត
ថ្លែងថា តាមការសាកសួរប្រភពបណ្ដោះអាសន្ន គឺអភិបាលរងខេត្តតាកែវ
ឈ្មោះ ឡាយ វណ្ណៈ នោះ មិនបានបាញ់ម្ចាស់ហាងខារ៉ាអូខេរស្មីអង្គរ
ឲ្យរបួសទេ ប៉ុន្តែមិត្តភក្ដិអភិបាលរងខេត្តនោះ ដែលទៅពីភ្នំពេញទេ
ជាអ្នកធ្វើឲ្យផ្ទុះអាវុធ។ លោក អំ សំអាត បន្តថា
រឿងហេតុដែលបណ្ដាលឲ្យផ្ទុះគ្រាប់នោះ
គឺដោយសារក្រុមមន្ត្រីទាំងនោះ
បានអួតកាំភ្លើងខ្លីដាក់គ្នានៅពេលបញ្ចូលគ្រាប់រួច
ក៏ផ្ទុះត្រូវម្ចាស់ហាងខារ៉ាអូខេនោះទៅ។ លោកថា
នៅក្នុងប្រទេសកម្ពុជា ករណីអ្នកធំ អ្នកមានអំណាច អ្នកមានលុយ
ឲ្យតែបានប្រព្រឹត្តអំពើខុសច្បាប់ធ្ងន់ធ្ងរ
គេតែងតែសង្កេតឃើញមានក្រុមជំនាញ
ប្រើវិធីកាយកប់ត្រឡប់សាច់រឿងពីខុសទៅត្រូវ
ដោយគេយកមនុស្សផ្សេងមកទទួលកំហុសជំនួសអ្នកប្រព្រឹត្តជាដើម។
ដោយសារតែមានការប្រសព្វក្លែងបន្លំសាច់រឿងដូច្នេះហើយ ទើបនិទ្ទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា កើតឡើងមិនឈប់ឈរ៖ «ទី១
វាអាចមិនទទួលទោសដោយគ្រាន់តែដោះស្រាយសំណងរដ្ឋប្បវេណី។ ទី២
អាបង្វិលបទល្មើសពីធ្ងន់មកស្រាល ហើយឲ្យនៅក្រៅឃុំ ហើយទី៣
គឺអាចនឹងមានអ្នកទី៣ ជាអ្នកទទួលទោសជំនួសខ្លួន។
អានេះជាវប្បធម៌ហើយដែលយើងគិតថាបើវប្បធម៌នេះនៅតែបន្តនោះ
និទ្ទណ្ឌភាពនៅកម្ពុជានៅតែមាន ហើយយើងគិតថាការគោរពសិទ្ធិមនុស្ស
និងគោរពច្បាប់ ឬលទ្ធិប្រជាធិបតេយ្យហ្នឹង
ក៏វានៅមានកម្រិតនៅឡើយដែរ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងថា
សមត្ថកិច្ចក្រសួងមហាផ្ទៃ កំពុងតែចាត់ចែងតាមនីតិវិធីច្បាប់
ប្រសិនបើរកឃើញថា អភិបាលរងខេត្តតាកែវ រូបនោះ
ពិតជាជនដែលបានបង្ករបួសស្នាមទៅលើម្ចាស់ហាងខារ៉ាអូខេនោះប្រាកដ
មែន៕
2 comments:
Put this thug in jail drow away the key! This is Cpp thug using gun to solve the differences between individual in Cpp regime today....
A thuggish regime ruled by thugs. Put him in jail or he will shoot other people again.
Post a Comment