ដោយ ទីន ហ្សាការីយ៉ា
2012-09-10 RFA
នៅថ្ងៃទី១១ ខែកញ្ញា
ជាថ្ងៃដែលតុលាការនឹងកំណត់ជោគវាសនារបស់លោក ម៉ម សូណង់ដូ
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ។
ទោះបីជាពេលនេះតុលាការមិនទាន់វិនិច្ឆ័យក្ដីលោក ម៉ម សូណង់ដូ
ក៏ដោយ ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគបានលើកឡើងថា
រដ្ឋាភិបាលចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ
វាមិនឆ្លុះបញ្ចាំងអំពីសង្គមប្រកាន់នូវរបបប្រជាធិបតេយ្យនោះទេ
ពិសេសវាមិនចំណេញអ្វីទេនៅលើឆាកអន្តរជាតិ។
សំណុំរឿងលោក ម៉ម សូណង់ដូ
កំពុងស្ថិតនៅក្នុងបរិបទមួយដែលសាធារណជនជាតិ និងអន្តរជាតិ
ទន្ទឹងរង់ចាំមើលការជំនុំជម្រះក្ដី ឬការវិនិច្ឆ័យរបស់តុលាការ
ថាតើតុលាការនឹងបើកការជំនុំជម្រះប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យ
ឬតុលាការស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ?
ទោះបីជាយ៉ាងណាក៏ដោយ ករណីលោក ម៉ម សូណង់ដូ
គឺជារូបភាពមួយដែលក្រុមមន្ត្រីសិទ្ធិមនុស្សរកឃើញថា ជារឿងនយោបាយ
មិនមែនពាក់ព័ន្ធដូចទៅនឹងតុលាការបានចោទប្រកាន់ប្រឆាំងនឹងរួបលោក
នោះទេ។ ម្យ៉ាងទៀត ការចាប់ខ្លួនលោក ម៉ម សូណង់ដូ
វាមិនមានចំណេញអ្វីសម្រាប់សង្គមកម្ពុជា ពិសេសទៅទៀតនោះ
វាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលកម្ពុជា វិញទេ
នៅលើឆាកអន្តរជាតិ នៅពេលកម្ពុជា កំពុងធ្វើជាប្រធានអាស៊ាននេះ។
អ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា
នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ប្រទេសកម្ពុជា មានស្ថិរភាពនយោបាយ
សេដ្ឋកិច្ចគ្រប់គ្រាន់
ក្នុងការអនុញ្ញាតឲ្យមានការបញ្ចេញមតិនៅក្នុងរបបប្រជាធិបតេយ្យ
មិនមានបញ្ហាអ្វីដែលមិនធ្វើឲ្យមានអស្ថិរភាពនោះទេ។
អ្នកស្រី ជា វណ្ណាត
សម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាលដែលចាត់ការទៅលើរូបលោក ម៉ម
សូណង់ដូ ខណៈខ្លួនកំពុងមានតួនាទីសំខាន់ក្នុងតំបន់អាស៊ាននោះ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ម សូណង់ដូ
កាលពីថ្ងៃទី១៦ កក្កដា ចំនួន ៤បទចោទ រួមមាន៖
ចូលរួមក្នុងចលនាបះបោរ
ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងអាជ្ញាធរខុសច្បាប់
បទប្រឆាំងនឹងអ្នករាជការសាធារណៈ
និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងលោក
ម៉ម សូណង់ដូ នៅថ្ងៃទី១១ កញ្ញា។ ប្រសិនបើតុលាការរកឃើញថា លោក ម៉ម
សូណង់ដូ មានទោសដូចការចោទប្រកាន់នេះ លោកនឹងជាប់ទោសប្រមាណ
៣០ឆ្នាំ។
ទាក់ទងទៅនឹងការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយកាលពីខែសីហា ថា
ការចាប់ខ្លួន និងការឃុំខ្លួនលោក ម៉ម សូណង់ដូ
ជាការរំលោភច្បាប់ជាតិ និងអន្តរជាតិ។
ករណីនេះបង្ហាញយ៉ាងច្បាស់អំពីកង្វះការគោរពសិទ្ធិមនុស្ស
និងសេរីភាពជាមូលដ្ឋានពីសំណាក់រដ្ឋាភិបាលកម្ពុជា
លំហសម្រាប់ការបញ្ចេញមតិដោយសេរីកាន់តែរួញខើចទៅៗ
និងការប្រើប្រាស់ប្រព័ន្ធតុលាការដោយខុសឆ្គងក្នុងការបំបិទសំឡេង
អ្នកប្រជាធិបតេយ្យ។
សេរីភាពក្នុងការបញ្ចេញមតិ ត្រូវបានធានាចំពោះពលរដ្ឋកម្ពុជា
គ្រប់រូប ក្រោមមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៩
នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
ដែលកម្ពុជា បានផ្ដល់សច្ចាប័ននៅក្នុងឆ្នាំ១៩៩២។
ដោយឡែកក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា
ទង្វើរបស់រដ្ឋាភិបាលចាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជាប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ
គឺជាប់ពាក់ព័ន្ធទៅនឹងរឿងនយោបាយ ពីព្រោះថា ទោះបីជាសព្វថ្ងៃលោក
ម៉ម សូណង់ដូ ជាអ្នកសារព័ត៌មានមួយរូបក្ដី
ប៉ុន្តែកន្លងមកលោកធ្លាប់បង្កើតគណបក្សមួយ
ក្រោយមកក៏បង្កើតសមាគមអ្នកប្រជាធិបតេយ្យ។មន្ត្រីស៊ើបអង្កេតជាន់
ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានរៀបរាប់ថា
រដ្ឋាភិបាលបានចាប់ខ្លួនលោក ម៉ម សូណង់ដូ
ពីព្រោះលោកជាមនុស្សហ៊ានរិះគន់រដ្ឋាភិបាលចំៗឥតសំចៃមាត់
អំពីទង្វើខុសឆ្គងរបស់រដ្ឋាភិបាល។ ពិសេសទៅទៀតនោះ
រដ្ឋាភិបាលចាប់ខ្លួនលោក ម៉ម សូណង់ដូ
ពីព្រោះខ្លាចលោកទៅចូលរួមនយោបាយជាមួយគណបក្សប្រឆាំងទាំងពីរ
ដែលទើបរួបរួមគ្នានោះ។
លោក អំ សំអាត បញ្ជាក់ថា ការចោទប្រកាន់លោក ម៉ម សំណង់ដូ ទាក់ទងនឹងរឿងធ្វើអបគមន៍នេះ ជារឿងមិនសមហេតុផលនោះឡើយ។
ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះទៀត
គឺជាប់ទាក់ទងទៅនឹងរឿងជម្លោះដីធ្លីរ៉ាំរ៉ៃមួយ នៅភូមិប្រម៉ា
ឃុំកំពង់ដំរី ខែត្រក្រចេះ។ នៅថ្ងៃទី១៦ ខែឧសភា
រដ្ឋាភិបាលបានបញ្ជូនកងកម្លាំងរាប់រយនាក់ ទៅបង្ក្រាបប្រជាពលរដ្ឋ
បណ្ដេញចេញពីលំនៅឋាន តែរដ្ឋាភិបាលអះអាងថា
កម្លាំងរដ្ឋាភិបាលចុះទៅបង្ក្រាបក្រុមរបស់លោក ប៊ុន រដ្ឋា
ដែលមានបំណងចង់បង្កើតរដ្ឋក្នុងរដ្ឋ
រហូតដល់កងកម្លាំងបាញ់សម្លាប់ក្មេងស្រីម្នាក់ឈ្មោះ ហេង ចន្ថា។
ទាក់ទងទៅនឹងករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦
ខែមិថុនា អំពាវនាវឲ្យក្រុមរបស់លោក ប៊ុន រដ្ឋា
ឲ្យចូលខ្លួនមកសារភាពជាថ្នូរនឹងការលើកលែងទោស។
ឆ្លើយតបទៅនឹងករណីនេះ លោក អំ សំអាត
បានសំដែងការព្រួយបារម្ភចំពោះភាពឯករាជ្យរបស់
សាក្សីនៅក្នុងសវនាការលើសំណុំរឿងលោក ម៉ម សូណង់ដូ នៅថ្ងៃទី១១
ខែកញ្ញា នេះ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានអំពាវនាវឲ្យជនជាប់ចោទចូលខ្លួនមកសារភាព
ហើយឲ្យធ្វើជាសាក្សីវិញនោះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា
ការបង្ក្រាបអ្នកភូមិប្រម៉ានេះ លោកអះអាងថា
ជាសារព្រមានប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត
ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ
ដែលជារឿងក្ដៅគគុកមួយនៅក្នុងសង្គមកម្ពុជា
ដែលខ្លួនមិនបានដោះស្រាយបានសមរម្យនោះ។
បន្ថែមពីលើនេះទៀត ការចាប់ខ្លួនលោក ម៉ម សូណង់ដូ
នៅក្រោយពេលវិទ្យុសំបុកឃ្មុំ បានផ្សព្វផ្សាយរបាយការណ៍មួយរបស់លោក
សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ
ដែលចោទប្រកាន់រដ្ឋាភិបាលថា
ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយលោក សួន
សេរីរដ្ឋា
បានដាក់ពាក្យប្ដឹងទៅការិយាល័យព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌ
អន្តរជាតិ។
នៅមានហេតុផលជាច្រើនទៀត ដែលមន្ត្រីអង្គការសង្គមស៊ីវិល
និងអ្នកវិភាគបានសម្ដែងការព្រួយបារម្ភអំពីវាសនារបស់លោក ម៉ម
សូណង់ដូ និងទាមទារជាចាំបាច់អំពីឯករាជ្យភាពរបស់តុលាការកម្ពុជា។
មាត្រា ១០៩ និង ១១១ នៃរដ្ឋធម្មនុញ្ញបានចែងថា
ប្រព័ន្ធតុលាការនៅកម្ពុជា ត្រូវឯករាជ្យ
និងនៅដាច់ដោយឡែកពីប្រព័ន្ធនីតិប្រតិបត្តិ។
ផ្ទុយទៅវិញនៅក្នុងសុន្ទរកថាជាសាធារណៈ កាលពីថ្ងៃទី២៦
ខែមិថុនា ឆ្នាំ២០១២ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានអំពាវនាវឲ្យចាប់ខ្លួន លោក ម៉ម សូណង់ដូ
បន្ទាប់មកក៏មានដីកាចាប់ខ្លួនលោក ម៉ម សូណង់ដូ
ក្រោយពេលលោកវិលត្រឡប់ពីបរទេសកាលពីថ្ងៃទី១៥ ខែកក្កដា។
ការចាប់ខ្លួននេះក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា
នេះជាការសបញ្ជាក់ឲ្យឃើញថា កាតព្វកិច្ចនៃការបែងចែកអំណាច
រវាងអង្គនីតិប្រតិបត្តិ និងតុលាការ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
ក៏ដូចជាមានចែងនៅក្នុងច្បាប់អន្តរជាតិ
មិនត្រូវបានប្រទេសកម្ពុជាគោរពនោះទេ។
លោក ម៉ម សូណង់ដូ ធ្លាប់បានជាប់ពន្ធនាគារចំនួនពីរដងរួចមកហើយ
គឺលើកទី១ កាលពីឆ្នាំ២០០៣ លោកជាប់ពន្ធនាគារចំនួនពីរសប្ដាហ៍។
នៅក្នុងឆ្នាំ២០០៥ លោកត្រូវបានរដ្ឋាភិបាលចាប់ដាក់គុក ចំនួន ៣ខែ
ពីបទបរិហារកេរ្តិ៍ និងញុះញង់
បន្ទាប់ពីលោកបានចាក់បទសម្ភាសន៍របស់លោកជាមួយ លោក ស៊ាង ប៉ែងសែ
អំពីសន្ធិសញ្ញាបោះបង្គោលព្រំដែនទ្វេភាគីមួយ
ដែលរដ្ឋាភិបាលគ្រោងធ្វើជាមួយប្រទេសវៀតណាម។
ក្រុមអ្នកវិភាគ និងសាធារណជននឹងរង់ចាំមើលទៀតថា
តើតុលាការនឹងរកយុត្តិធម៌ជូនលោកដែរទេ
នៅថ្ងៃបើកសវនាការជំនុំជម្រះក្ដីថ្ងៃទី១១ ខែកញ្ញានេះ?
ក្រុមអ្នកវិភាគព្រួយបារម្ភថា
បើសិនជាតុលាការមិនឯករាជ្យកាត់ទោសឲ្យលោក ម៉ម សូណង់ដូ ជាប់ទោសនោះ
ស្ថានីយវិទ្យុសំបុកឃ្មុំរបស់លោកក៏ប្រឈមនឹងបញ្ហាខ្វះថវិកាដើម្បី
ឲ្យដំណើរការដែរ ទោះបីជារដ្ឋាភិបាលបានប្រកាសថា
លោកមិនបិទវិទ្យុសំបុកឃ្មុំក៏ដោយ ពីព្រោះថា លោក ម៉ម សូណង់ដូ
ជាស្ថាបនិក និងជាអ្នករកថវិកាផ្គត់ផ្គង់វិទ្យុរបស់លោកដ៏សំខាន់
ដែលគេចាត់ទុកថា ជាវិទ្យុឯករាជ្យនោះ៕
1 comment:
Until now there is enough time to buy the witnesses for the testimony against Mam Sonando.
Post a Comment