A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 September 2013

Sons of Prime Minister Hun Sen and Deputy PM Sar Kheng given positions as members of parliament, even they were not elected កូន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន​ត្រូវ​បាន​ប្រគល់​តំណែង​ជា​តំណាងរាស្ត្រ

Read in English here.
 
លទ្ធផល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ ក្នុង​នោះ កូន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ខ្លះ ត្រូវ​បាន​ប្រគល់​កៅអី​តំណាងរាស្ត្រ​អោយ​ចូល​ប្រឡូក​ក្នុង​នយោបាយ​បន្ត​វេន​ ពី​អ្នក​ជំនាន់​មុន។
ដោយ យាង សុជាមេត្តា និង វោហារ ជាតិ RFA
2013-09-08
ឃោសនា បក្ស​ប្រជាជន ៦១០
ក្បួន​ឃោសនា​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២១ កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon
លោក ហ៊ុន ម៉ានី កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស សុខា កូន​ប្រុស​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ប្រគល់​តំណែង​សមាជិក​រដ្ឋ​សភា​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ តំណាងរាស្ត្រ​នីតិកាល​ទី​៥។
លោក ហ៊ុន ម៉ានី អាយុ ៣១​ឆ្នាំ បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​៤ មណ្ឌល​កំពង់ស្ពឺ និង​លោក ស សុខា អាយុ ៣២​ឆ្នាំ បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​៦ មណ្ឌល​ព្រៃវែង ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រគល់​អាសនៈ​សមាជិក​សភា​នីតិកាល​ទី​៥ បើ​ទោះ​ជា​ ពួកគេ​មិន​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ក្តី។
ផ្អែក​តាម​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣ សម្រាប់​មណ្ឌល​កំពង់ស្ពឺ ដែល​លោក ហ៊ុន ម៉ានី បាន​ឈរ​ឈ្មោះ លោក សាយ ឈុំ និង​លោក ឆាយ ថន បាន​បោះ​បង់​អាសនៈ​របស់​ពួកគេ​ប្រគល់​អោយ​បេក្ខជន​តំណាងរាស្ត្រ​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​លោក ហ៊ុន ម៉ានី ផង​ដែរ។
ចំណែក​នៅ​មណ្ឌល​ព្រៃវែង ដែល​លោក ស សុខា ឈរ​ឈ្មោះ​វិញ លោក ព្រំ សុខា និង​លោក ញឹម វណ្ណដា មិន​ទទួល​យក​អាសនៈ​របស់​ពួក​គេ​ដើម្បី​បើក​ផ្លូវ​អោយ​លោក ស សុខា និង​តំណាងរាស្ត្រ​មួយ​រូប​ផ្សេង​ទៀត។
ចំណែក​លោក សាយ សំអាល កូន​ប្រុស​លោក សាយ ឈុំ ប្រធាន​ស្ដីទី​ព្រឹទ្ធ​សភា និង​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​១០ មណ្ឌល​កំពង់ចាម មិន​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នោះ​ទេ។ ប៉ុន្តែ​ខុស​ពី​លោក ហ៊ុន ម៉ានី និង​លោក ស សុខា លោក សាយ សំអាល មិន​បាន​ទទួល​អាសនៈ​សភា​នោះ​ឡើយ។

ការ​ប្រគល់​តំណែង​ឲ្យ​កូន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​រិះគន់​ថា ជា​ការ​ប៉ុនប៉ង​របស់​គណបក្ស​មួយ​នេះ ដើម្បី​ផ្ទេរ​ការ​ដឹកនាំ​អោយ​អ្នក​ជំនាន់​ក្រោយ​របស់​ពួក​គេ​បន្ត​ការ​ ក្ដោបក្ដាប់​អំណាច​នៅ​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា ការ​ផ្ដល់​ឱកាស​អោយ​កូន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្រឡូក​ចូល​ក្នុង​នយោបាយ​គឺ​ដើម្បី​អនុញ្ញាត​អោយ​ពួកគេ​ថែ​រក្សា​ស្នាដៃ​ របស់​អ្នក​ជំនាន់​មុន។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ធ្លាប់​បាន​អះអាង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ថា អ្នក​តំណាងរាស្ត្រ ១០​រូប នឹង​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​ដើម្បី​បើក​ផ្លូវ​អោយ​កូន​ប្រុស​មន្ត្រី​ ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​តំណាងរាស្ត្រ​វ័យ​ក្មេង​មួយ​ចំនួន​ផ្សេង​ទៀត បាន​ទទួល​អាសនៈ​ទាំង​នោះ។
លោក ជាម យៀប ផ្ដល់​ហេតុផល​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អាណត្តិ​ទី​៥នេះ ដើម្បី​ផ្ដល់​ឱកាស​អោយ​យុវជន​ដែល​មាន​សមត្ថភាព និង​លេច​ធ្លោ​ក្នុង​បក្ស​បាន​បញ្ចេញ​ស្នាដៃ​ជំនួស​អោយ​មន្ត្រី​មាន​វ័យ​ ចំណាស់។
ទាក់ទង​នឹង​បញ្ហា​នេះ ច្បាប់​បោះ​ឆ្នោត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ប្រសិន​បើ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​មាន​អ្នក​ជាប់​ឆ្នោត​ ទទួល​មរណភាព ឬ​លាលែង ឬ​ប្រាសចាក​ពី​បេក្ខភាព​តំណាងរាស្ត្រ​បេក្ខជន​ដែល​មាន​ឈ្មោះ​បន្ទាប់​នៅ​ ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នោះ ត្រូវ​បាន​ប្រកាស​ថា ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​របស់​សាមី​គណបក្ស​នយោបាយ។
លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និយាយ​ថា ការ​​​ដោះដូរ​បេក្ខភាព​តំណាងរាស្ត្រ​តាម​មណ្ឌល គឺ​ជា​រឿង​ធម្មតា​នៅ​ប្រទេស​កម្ពុជា និង​ជា​រឿង​ផ្ទៃ​​ក្នុង​​របស់​បក្ស​នយោបាយ៖ «អ៊ីចឹង​ជា​រឿង​ផ្ទៃ​ក្នុង​ បក្ស​របស់​គេ​ទេ ​បើ​សិន​ជា​គេ​សម្រប​សម្រួល​គ្នា​ឲ្យ​ឈប់ ឲ្យ​​ចេញ​ពី​តំណែង​អ៊ីចឹង គេ​តំណែង​​ណា​ផ្សេង​ក្នុង​រដ្ឋាភិបាល​​ទៅ​ គេ​ដំឡើង​អ្នក​បន្ទាប់ៗ​ឲ្យ​ទៅ​​ជា​សមាជិក​​ពេញ​សិទ្ធិ​អ៊ីចឹង​ទៅ។ ដូច​ជា​ករណី​ឯក​ឧត្ដម សម រង្ស៊ី អ៊ីចឹង​ដែរ ដូច​ជា​លោក​អត់​បាន​ឈរ​ឈ្មោះ តែ​បើ​សិន​ជា​នៅ​ក្នុង​ផ្ទៃ​​ក្នុង​បក្ស​លោក​អាច​ឲ្យ​អ្នក​ដែល​ដូច​ថា ឥឡូវ​គាត់​ជាប់​​នៅ​ខេត្ត​កណ្ដាល ៦​នាក់​ បើ​អ្នក​ទី​៦ លា​ឈប់​ទៅ ហើយ​អ្នក​បម្រុង​​ទៀត​ដែល​លា​ឈប់​ទៅ អ៊ីចឹង​គេ​អាច​ដាក់​លោក សម រង្ស៊ី ជំនួស​វិញ បាន​ហើយ»
ទាក់​ទង​រឿង​ដោះដូរ​​បេក្ខភាព​​អ្នក​តំណាងរាស្ត្រ​របស់​បក្ស​នយោបាយ​តាម​ កំណត់​​ច្បាប់​បោះឆ្នោត​​នេះ មាន​​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​​​ក៏​បាន​យល់​ស្រប​ដូច​គ្នា​នេះ​ដែរ។ ក៏​ប៉ុន្តែ​បាន​​ចោទ​ជា​សំណួរ​ថា តើ​​ការ​ដោះដូរ​នេះ​មាន​តម្លា​ភាព​ដែរ​ឬ​ទេ។
នាយក​ប្រតិបត្តិ​​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​​ត្រូវ​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​សម្ដែង​ចម្ងល់​នៃ​ការដោះដូរ​អាច​ធ្វើ​ឡើង​ដោយ​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ របស់​បេក្ខជន​តំណាងរាស្ត្រ​ដែល​​មិន​ស្ម័គ្រ​ចិត្ត​លាលែង និង​មិន​ឆ្លុះបញ្ចាំង​​ទៅ​នឹង​គតិ​ច្បាប់។
លោក គល់ បញ្ញា៖ «ទោះ​បី​ច្បាប់​ឲ្យ គ.ជ.ប ធ្វើ​អ៊ីចឹង​ក៏ដោយ ប៉ុន្តែ​គណបក្ស​ហ្នឹង​ក្ដី គ.ជ.ប ក្ដី បេក្ខជន​ខ្លួន​ឯង​ក្ដី ត្រូវ​មាន​តម្លា​ភាព។ បញ្ហា​ត្រង់​ថា​ ឥទ្ធិពល​នឹង​​វា​ខ្លាំង​ណាស់ ​មេ​បក្ស​វា​ធំ​ណាស់ គាត់​អាច រ៉ែកគ្លេ បេក្ខជន​ហ្នឹង។ អា​ហ្នឹង​សេណារីយូ​ទី​១ សេណារីយូ​ទី​២ គាត់​ចង់​រៀប​ចំ​បញ្ជី​ដំបូង​ហ្នឹង​ធានា​ធ្វើ​ម៉េច​គាត់​អាច​មើល​ទៅ​មាន​ ស្ថិរភាព​ក្នុង​បញ្ជី​​ឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត​ហ្នឹង ព្រោះ​វា​ត្រូវ​បង្កើត​សភា​បង្កើត​រដ្ឋាភិបាល ខ្លាច​មាន​សមាជិក​គាត់​មិន​សប្បាយ​ចិត្ត វា​មាន​បញ្ហា​ដែរ។ ព្រោះ​ឥឡូវ​វា​មាន​លក្ខណៈ​រសើប​ដែរ វា​ខ្វះ​តែ ៧ ឬ ៨​កៅអី អី​ទៅ វា​អាច​លំបាក​បង្កើត​សភា បង្កើត​រដ្ឋាភិបាល​អ៊ីចឹង​ទៅ។ អ៊ីចឹង​គាត់​ត្រូវ​រៀប​ចំ​​ធ្វើ​ម៉េច​សមាជិក​សភា​​របស់​គាត់​ជា​សមាជិក​ដែល​ ​គាត់​ទុក​ចិត្ត​បាន»
ជា​ទូទៅ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន ដែល​ពុំ​ទទួល​យក​អាសនៈ​ភាគ​ច្រើន​បាន​ទៅ​បំពេញ​តួនាទី​ក្នុង​គណៈរដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


No comments: