A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 April 2016

សមាគម​អាដហុក​ប្រកាស​លែង​បន្ត​ផ្ដល់​​មេធាវី​ការពារ​កញ្ញា ស្រីមុំ


ដោយ ខែ សុណង
2016-04-22

ស្រី​មុំ ២០១៦ ៨៥៥
កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នា​ទីស្នាក់ការ​អង្គការ​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Phan Yasy
 RFA/Phan Yasy


សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​២២ ខែ​មេសា សម្រេច​ថា លែង​បន្ត​ផ្ដល់​មេធាវី​ការពារ​ឲ្យ​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ទៀត​ហើយ។

ការ​សម្រេច​មិន​ផ្ដល់​មេធាវី​បន្ត​ទៀត​នេះ បន្ទាប់​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ចូល​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ហើយ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មក សមាគម​អាដហុក យល់​ថា នាង​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គំរាមកំហែង​ធ្ងន់ធ្ងរ និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទៀត​ទេ។ សមាគម​នេះ​បញ្ជាក់​ថា មាន​ករណី​២ ដែល​សមាគម​បន្ត​លែង​ករណី​បណ្ដឹង​បរិហារកេរ្តិ៍ វា​គ្រាន់​តែ​ជា​រឿង​វិវាទ​ធម្មតា រវាង​បុគ្គល​សាមញ្ញ មិន​ចំ​សមត្ថកិច្ច​របស់​សមាគម ហើយ​ករណី​១​ទៀត គឺ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ សមាគម​យល់​ថា ជា​នីតិវិធី​បន្ត កញ្ញា​អាច​គ្រាន់​តែ​ជា​សាក្សី​តែ​ប៉ុណ្ណោះ។

សមាគម​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្ដល់​មេធាវី​ឲ្យ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ កន្លង​មក​គឺ​ដោយសារ​តែ​នាង​មាន​ការ​តក់ស្លុត និង​មាន​ការ​ភ័យ​ខ្លាច បន្ទាប់​ពី​មាន​លិខិត​អញ្ជើញ​ចំនួន ២​លើក​របស់​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហា​ផ្ទៃ។ គ្រា​នោះ​សមាគម​យល់​ថា នាង​ពិត​ជា​មាន​ការ​ភិតភ័យ និង​ព្រួយ​បារម្ភ​ខ្លាំង ព្រម​ទាំង​ទទួល​នូវ​ការ​គំរាមកំហែង​ដែល​មាន​រូបភាព​ជា​លក្ខណៈ​នយោបាយ។



កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ត្រូវ​បាន​គេ​ចោទ​ថា មាន​ស្នេហា​លួច​លាក់​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា យោង​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ដែល​ប្ដឹង​ឲ្យ​រក​ម្ចាស់​សំឡេង​សន្ទនា​ជាមួយ​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍។

ករណី​បញ្ចេញ​ខ្សែ​អាត់​សំឡេង និង​ការ​ចោទ​ប្រកាន់​កញ្ញា ស្រីម៉ុំ នេះ ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ជា​រឿង​រៀបចំ​ផ្នែក​នយោបាយ​ដែល​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​វាយ​បំបាក់​ប្រជាប្រិយភាព​គណបក្ស​ប្រឆាំង៕

1 comment:

Anonymous said...

អាដហុក មើលទៅដឹងរឿងពិត ថាជាល្ខោនរបស់ ស៊ីភីភី ដើម្បីបំបាក់ កែម សុខា បានជាដកខ្លួនចេញដូច្នេះ ធម្មតា អាដហុក មិនបោះបង់ចោលទេ បើពិតជាចូលក្នុងរឿងសិទ្ធិមនុស្សពិតៗច្បាស់ជាមិនបោះចោលដូច្នេះទេ ហើយនេះជារឿងនយោបាយពិតហើយបានជាដូច្នេះ ។