A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 April 2016

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ស្នើ​ឱ្យ​អាជ្ញាធរ​​បញ្ឈប់​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ចម្ការ


ដោយ​ សូត សុខប្រាថ្នា
2016-04-22

1
ស្លាក​សញ្ញា​ស្គាល់​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ អភិវឌ្ឍន៍ កៅស៊ូ នៅ​តំបន់​ព្រៃឡង់។
Photo: RFA


ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ​ដី​ស្រែចម្ការ​របស់​ពួកគាត់​ពី​សំណាក់​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK)។ ការ​ស្នើ​នេះ ក្រោយ​ពេល​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ នៅ​តែ​បន្ត​ឈូស​ឆាយ​ដី​របស់​អ្នក​ភូមិ ដោយ​មិន​ទាន់​ដោះស្រាយ​ផល​ប៉ះពាល់​ជាមុន។ ចំណែក​អភិបាល​ស្រុក​សណ្ដាន់ បញ្ជាក់​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ណា​ដែល​កាន់​កាប់​ដី​តំបន់​នោះ ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជា​ច្រើន​ភូមិ នៅ​ឃុំ​សណ្ដាន់ ចង់​ឱ្យ​ខាង​ក្រុមហ៊ុន ព្រមទាំង​អាជ្ញាធរ​គិតគូរ​ដោះស្រាយ​ផល​ប៉ះពាល់​ដល់​ពួកគាត់​ជា​មុន ជា​ជាង​ចេះតែ​បន្ត​ការ​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួកគាត់។

ពលរដ្ឋ​នៅ​ភូមិ​ក្រសាំង​មួយ​រូប លោក សុច វៀត ឱ្យ​ដឹង​ថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ឈូស​ឆាយ​ប៉ះពាល់​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ២០​គ្រួសារ តាំង​ពី​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រហូត​មក។ លោក​បន្ត​ថា អ្នក​ភូមិ​បាន​កាន់កាប់​ដី​នៅ​តំបន់​បឹង​ត្នោត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ថ្មីៗ​នេះ ខាង​ភាគី​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ដី​ចម្ការ​ដំណាំ​ស្វាយចន្ទី និង​ដី​ចម្ការ​វិល​ជុំ​របស់​អ្នក​ភូមិ ដោយ​អះអាង​ថា ជា​ដី​របស់​ខ្លួន៖ «ប្រជាពលរដ្ឋ​យល់​ថា បើ​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ ក្រុមហ៊ុន​ធ្វើការ​ដោះដូរ​ជូន​ប្រជាពលរដ្ឋ​វិញ​មក»។



ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដាំ​ដើម​កៅស៊ូ​ពី​រាជរដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១០ លើ​ទំហំ​ផ្ទៃ​ដី​ជាង ៦​ពាន់​ហិកតារ (៦.០៤៤)។ ក្រុមហ៊ុន​នេះ មាន​ភាព​ចម្រូងចម្រាស​ជា​ខ្លាំង ដោយ​ផ្ទៃដី​មួយ​ចំនួន​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ព្រមទាំង​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​ពី​បណ្ដាញ​ការពារ​ព្រៃឡង់ ថា ក្រុមហ៊ុន​មួយ​នេះ​បាន​កាប់​ឈើ​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ខ្លួន​ជា​ច្រើន​ឆ្នាំ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន​ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា។

ដោយ​ឡែក អភិបាល​ស្រុក​សណ្ដាន់ លោក ឡង់ គីសឺង មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ពលរដ្ឋ ១៦​គ្រួសារ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ គឺ​មាន​តែ ៤​គ្រួសារ​ប៉ុណ្ណោះ ដែល​រក​ឃើញ​ថា បាន​កាន់កាប់​ដី​មុន​បទបញ្ជា​សូន្យ​មួយ​របស់​រាជរដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១២ ក្រៅ​ពី​នោះ គឺ​ទើបតែ​ចូល​ទៅ​កាន់កាប់​នៅ​ចុង​ឆ្នាំ​២០១៥។

លោក​បន្ត​ថា ពលរដ្ឋ​កាន់កាប់​ដីធ្លី​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ខាង​ក្រុមហ៊ុន​នឹង​ដោះស្រាយ​ផល​ប៉ះពាល់​ជូន ប៉ុន្តែ​ពលរដ្ឋ​ទើបនឹង​ចូល​ទៅ​កាន់កាប់​ខាង​ក្រុមហ៊ុន ព្រមទាំង​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន​ទេ៖ «សម្រាប់​គោលការណ៍​នេះ ក្រុមហ៊ុន​មាន​ជា​គោលនយោបាយ​មួយ គឺ​ប្រសិនបើ​ដី​ប៉ះពាល់​គាត់​ទាមទារ​ជា​ថវិកា ក្រុមហ៊ុន​នឹង​ផ្ដល់​សំណង​ជា​ថវិកា»។

ទោះជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​រង​ផល​ប៉ះពាល់​អះអាង​ថា នឹង​ដាក់​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ដោះស្រាយ​ស្រប​តាម​ការ​ទាមទារ​របស់​ពួកគាត់។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ឈួម រុណ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ គឺ​ផ្ទុយ​គ្នា​ស្រលះ ដែល​ធ្វើ​ឱ្យ​វិវាទ​ដីធ្លី​រវាង​ភាគី​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​ចប់។ លោក​គ្រោង​នឹង​ចុះ​អង្កេត​ផ្ទាល់​ជុំវិញ​ករណី​នេះ ហើយ​បើ​រក​ឃើញ​ថា ភាគី​ពលរដ្ឋ​បាន​ចូល​កាន់​កាប់​ស្រប​តាម​ច្បាប់ ឬ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ខាង​លោក​នឹង​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ទាំង​នោះ៕

No comments: