ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ៍ ទី17 ខែកញ្ញា ឆ្នាំ2013, VOD

កិច្ចចរចារបស់គណបក្សនយោបាយធំៗពីរ នៅថ្ងៃទី១៧កញ្ញា (រូបថត ញឹម សុខន)
លោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅថ្ងៃអង្គារនេះ កំពុងតែពិចារណាក្នុងការឯកភាពគ្នា ដើម្បីធ្វើកំណែទម្រង់ស្ថាប័នជាតិមួយចំនួន ដោយឈរលើផលប្រយោជន៍ជាតិតែមួយ។
បន្ទាប់ពីការចរចារយៈពេល៣ម៉ោង នៅវិមានរដ្ឋសភា ភាគីទាំងពីរមិនបានបង្ហើបពីលទ្ធផល តែមិនទាន់បង្ហាញលម្អិតពីការពិភាក្សាទេ ដោយសន្យាថា នឹងជម្រាបជូនពលរដ្ឋ នៅពេលសមស្រប។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន ថ្លែងទៅកាន់អ្នកសារព័ត៌មានថា យើងមិនទាន់មានលទ្ធផលជា ដុំកំភួនទេ តែភាគីទាំងពីរ បានពិភាក្សាការកែទម្រង់ស្ថាប័នជាតិ ដោយនឹងជម្រាបជូនពលរដ្ឋនៅពេលក្រោយ។ លោកបញ្ជាក់ថា៖«យើងនៅលើផ្លូវដំណោះស្រាយដូចគ្នាយើងជម្រាបជូនៅពេលសមស្រប»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ភាគីទាំងពីរ បាននឹងកំពុងដោះស្រាយបញ្ហាជាតិសំខាន់ និងកំណែទម្រង់ស្ថាប័នជាតិមួយចំនួន។ លោកបញ្ជាក់ថា៖«យើងជជែកដោយការយោគយល់គ្នា គោរពគ្នា អ្វីដែលខុសគ្នាកាន់តែខិតជិត ក្នុងស្មារតីដើម្បីដំណោះស្រាយបញ្ហាជាតិដូចគ្នា»។
លោក យឹម សុវណ្ណ បន្ថែមថា ការបង្កើតគណៈកម្មការចម្រុះ មិនទាន់មានការឯកភាពគ្នាទេ តែគណបក្សសង្គ្រោះជាតិ នៅតែទាមទារ។
កាលពីថ្ងៃចន្ទ ម្សិលមិញ ជំនួបរយៈពេលជិត៥ម៉ោង ត្រូវបានភាគីទាំងពីរ លើកឡើងថា មានការឯកភាពគ្នា និងពេញចិត្តនឹងការពិភាក្សាផ្លាស់ប្តូរគ្នា ទើបធ្វើឲ្យមានភាគីទាំងពីរ ត្រូវចំណាយពេលយូរបែបនេះ។
ភាគីទាំងពីរ បានឯកភាពក្នុងការគោរពតាមព្រះរាជសារព្រះមហាក្សត្រ ចុះថ្ងៃទី១៦ ខែកញ្ញានេះ ដោយអំពាវនាវឲ្យមានការបញ្ឈប់ហិង្សារវាងបាតុករ និងសមត្ថកិច្ច បន្តការចរចាគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហា និងមានស្មារតីថ្មីមួយ ដើម្បីផលប្រយោជន៍ជាតិ។ មិនតែប៉ុណ្ណោះភាគីទាំងពីរ ក៏បានឯកភាពបង្កើតយន្តការមួយកែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ។
ក្នុងជំនួបកាលពីថ្ងៃចន្ទ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា៦រូប ក្រៅពីនាយករដ្ឋមន្ត្រី រួមមានអនុប្រធានទី១ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នាយករងខុទ្ទកាល័យ គណបក្សជាជនកម្ពុជា លោក សោម សឿន និងលោក ឈាង វុន។ ចំណែក ខាងគណបក្សសង្គ្រោះជាតិមាន លោក កឹម សុខា ជាអនុប្រធាន លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក សុន ឆ័យ និងលោក គួយ ប៊ុនរឿន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
The reformation of the nec is useless at the moment, cnrp should concentrate all their attention on establishing an independent investigationcommittee that consist of the United nations members and international community that do not include the Vietnamese, Chinese and Thai into the July 28th election irregularities.
Reformation of anything within the cpp control is impossible!
Post a Comment