A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 18 September 2013

The event leading to the shooting death of Mao Sochan at Kbal Spean Thnol ប្រវត្តិ​និង​ដំណើរ​រឿង​របស់​យុវជន​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នៅ​ស្ពាន​ក្បាល​ថ្នល់

យុវជន​អាយុ ២៩​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​បាញ់​បង្ក្រាប​ក្រុម​បាតុករ កាល​ពី​ព្រលប់​ថ្ងៃ​ទី១៥ ខែ​កញ្ញា នៅ​លើ​ស្ពាន​ព្រះមុនីវង្ស​ក្បាល​ថ្នល់។ សព​បុរស​រូប​នោះ​ត្រូវ​ក្រុម​គ្រួសារ​សម្រេច​បូជា​ភ្លាមៗ នៅ​វត្ត​ចាក់អង្រែក្រោម បន្ទាប់​ពី​តម្កល់​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី​បាន​មួយ​ព្រឹក។
សព បាតុករ​បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្រុម​គ្រួសារ​សព ម៉ៅ សុខចន្ទ ដង្ហែ​សព​ទៅ​បូជា​ក្នុង​វត្ត​ចាក់អង្រែក្រោម នៅ​រសៀល​ថ្ងៃ​ទី១៦ កញ្ញា ឆ្នាំ​២០១៣។
RFA/Sek Bandith
តើ​បុរស​រូប​នោះ​ជា​អ្នក​ណា? តើ​គាត់​មាន​ដំណើរ​ជីវិត​យ៉ាង​ណា? តើ​រូប​គេ​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ​កើត​ហេតុ?
ក្រោម​ភ្លៀង​រលឹម​ស្រិចៗ​នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា បុរស​វ័យ ២៩​ឆ្នាំ ម៉ៅ សុខចន្ទ បាន​ស្លាប់​ភ្លាមៗ​ដោយ​គ្រាប់​កាំភ្លើង​ត្រូវ​ចំ​ថ្ងាស​ធ្លុះ​ចូល​ក្នុង​ក្បាល។
អ្នក​នៅ​កន្លែង​កើត​ហេតុ​ម្នាក់​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ម៉ៅ សុខចន្ទ ត្រូវ​គ្រាប់​នៅ​ពេល​ដែល​គាត់​កំពុង​អង្គុយ​ក្បែរ​ម៉ូតូ​របស់​មិត្តភក្ដិ​គាត់ រង់ចាំ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត នៅ​ពេល​មាន​ចរាចរណ៍​កកស្ទះ​ខ្លាំង​នៅ​គ្រប់​ផ្លូវ នៅ​តំបន់​ជុំវិញ​ស្ពាន​អាកាស​ក្បាល​ថ្នល់។
លោក ម៉ៅ សុខចន្ទ បាន​ទៅ​ដល់​ទី​កន្លែង​កើត​ហេតុ​នៅ​ម៉ោង​ប្រមាណ ៧​យប់ ក្នុង​គោលដៅ​ទៅ​យាម​តូប​លក់​កាសែត​នៅ​ផ្សារ​អូរឫស្សី ជា​មួយ​មិត្ត​ខ្លួន គឺ​ចំ​ពេល​ដែល​សមត្ថកិច្ច ជា​ពិសេស​កង​រាជ​អាវុធហត្ថ​បាន​ប៉ះ​ទង្គិច​ជា​មួយ​បាតុករ​មួយ​ក្រុម។
អ្នក​ឃើញ​ហេតុការណ៍​ដដែល​នោះ បញ្ជាក់​ថា ពេល​នោះ​ចលាចល​ខ្លាំង សមត្ថកិច្ច​ចម្រុះ​បាន​បាញ់​គ្រាប់​ផ្សែង ដំបង​វាយ​បាតុករ និង​បាញ់​គ្រាប់​កាំភ្លើង​ពិត​ជា​ច្រើន​គ្រាប់ ដើម្បី​បំបែក​ក្រុម​បាតុករ។ ពេល​នោះ គ្រាប់​កាំភ្លើង​មួយ​គ្រាប់​បាន​ខ្ទាត​ទៅ​ត្រូវ​យុវជន ម៉ៅ សុខចន្ទ។
លោក ស្រី វិចិត្រ ដែល​ជា​មិត្ត​របស់ លោក ម៉ៅ សុខចន្ទ អោយ​ដឹង​ថា ពួក​គេ​បាន​ជិះ​ម៉ូតូ​ជា​មួយ​គ្នា​សំដៅ​ទៅ​កន្លែង​ធ្វើ​ការ ប៉ុន្តែ​បាន​ជាប់​ស្ទះ​ផ្លូវ ទើប​នាំ​គ្នា​ឈប់​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ហាង​ជួស​ជុល​ម៉ូតូ​មួយ នៅ​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ខាង​លិច​ស្ពាន​អាកាស​ក្បាល​ថ្នល់ រង់ចាំ​ពេល​វេលា​ដែល​អាច​រក​ផ្លូវ​ចេញ​បាន។
ជា​អកុសល លោក ម៉ៅ សុខចន្ទ ត្រូវ​ស្លាប់​ចោល​ប្រពន្ធ​កូន និង​ក្រុម​គ្រួសារ ដែល​លោក​ធ្លាប់​រ៉ាប់រង​ទទួល​បន្ទុក​ទំនុក​បម្រុង។

លោក សុខចន្ទ មាន​កូន​ស្រី ៤​នាក់។ កូន​ស្រី​ច្បង​មាន​អាយុ ១២​ឆ្នាំ ចំណែក​កូន​ស្រី ពៅ អាយុ​ជាង ២​ឆ្នាំ។ សុខចន្ទ ជា​កម្មករ​សំណង់ គេ​អាច​រក​ប្រាក់​បាន ១​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ពិត​មែន​ថា​បាន​រៀប​ការ​មាន​កូន ក៏ សុខចន្ទ ពុំ​បាន​បែក​ផ្ទះ​ពី​ឪពុក​ម្ដាយ​គេ​ឡើយ គេ​ថែម​ទាំង​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​សមាជិក​គ្រួសារ​ជា​ច្រើន​រូប​ទៀត ក្នុង​នោះ​រួម​ទាំង​ជីតា ជីដូន​ចាស់​ជរា ម្ដាយ​ឪពុក និង​ប្អូនៗ ៣​នាក់​ទៀត។
«ភ្លេង បុណ្យសព»
សព ម៉ៅ សុខចន្ទ ត្រូវ​បូជា​នៅ​ក្នុង​វត្ត​ចាក់អង្រែក្រោម នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បន្ទាប់​ពី​បាន​ទី​តម្កល់​ធ្វើ​បុណ្យ​ក្នុង​រយៈពេល​មួយ​ព្រឹក ដ្បិត​គ្រួសារ​លោក​ពុំ​សូវ​មាន​ប្រាក់​កាស​ធ្វើ​បុណ្យ។
«ភ្លេង បុណ្យសព»
ក្នុង​វ័យ ២៩​ឆ្នាំ អ្នកស្រី ជាវ សុខវី បាន​និយាយ​បណ្ដើរ​ចង្អុល​ទៅ​រូប​ថត​នៅ​ខាង​មុខ​មឈូស​ដាក់​សព​ប្ដី​ថា នោះ​ជា​រូប​ថត​ដ៏​កម្រ​មួយ​របស់​ប្ដី​អ្នកស្រី ហើយ​ត្រូវ​ថត​នៅ​មុន​ពេល​មាន​គ្រោះថ្នាក់​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ អ្នកស្រី​បន្ត​ថា លោក សុខចន្ទ ពុំ​មាន​បំណង​ចេញ​ពី​ផ្ទះ​ទេ​នៅ​ថ្ងៃ​កើត​ហេតុ។
ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា គ្រួសារ​របស់ សុខចន្ទ ក្រីក្រ​ខ្វះ​មុខ​ខ្វះ​ក្រោយ​បន្ត​តាំង​ពី​ឪពុក​ម្ដាយ​ដល់​កូន។ ពួក​គេ​ពុំ​មាន​ទ្រព្យ​សម្បត្តិ​អ្វី​ក្រៅ​ពី​ផ្ទះ​តូច​មួយ​ដែល សុខចន្ទ បាន​នាំ​បង​ប្អូន និង​មិត្តភក្ដិ​របស់​គេ​សាងសង់​ដោយ​ផ្ទាល់​ដៃ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ។ សុខចន្ទ ពុំ​មាន​ឱកាស​បាន​រៀន​សូត្រ​ចេះ​ដឹង​ទេ គឺ​រៀន​បាន​ថ្នាក់​ទី៣ បឋម​សិក្សា ស្រប​ពេល​ដែល​គ្រួសារ​ខ្លួន​ក្រីក្រ​ទៀត មិន​អាច​អោយ​គេ​រក​ការងារ​បាន​ល្អ​ឡើយ។
មិត្តភក្ដិ​ម្នាក់​ទៀត​របស់ សុខចន្ទ គឺ លោក ឈឿន សុវណ្ណរក្ស បាន​រំលឹក​ថា សុខចន្ទ ជា​អ្នក​ជិត​ខាង​ល្អ​ម្នាក់​ចេះ​ជួយ​យក​អសារ​ដឹង​ទុក្ខធុរៈ​គ្នា។ លោក​បន្ត​ថា សុខចន្ទ ធ្លាប់​ជា​អ្នក​នេសាទ គាត់​មាន​ទូក​មាន​សម្ភារៈ​នេសាទ​គ្រប់គ្រាន់ អាច​ចិញ្ចឹម​គ្រួសារ​ដែរ ប៉ុន្តែ​ដោយ​តម្រូវ​ការ​ច្រើន​ក្នុង​គ្រួសារ គេ​បាន​បាត់​បង់​មុខ​របរ​នោះ និង​បាន​សម្រេច​ទៅ​ធ្វើ​ការ​ជា​ជាង​សំណង់​នៅ​ប្រទេស​ថៃ។
សុខចន្ទ បាន​នាំ​ប្រពន្ធ​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​រយៈពេល ៦​ខែ ហើយ​បាន​ត្រឡប់​មក​វិញ ដោយ​ពុំ​មាន​សល់​ប្រាក់​កាស​អ្វី​ដូច​ការ​រំពឹង​ទុក​ឡើយ។ សុខចន្ទ ទើប​មក​ពី​ស្រុក​ថៃ វិញ​បាន​ជាង​មួយ​ខែ ហើយ​ចាប់​ផ្ដើម​ការងារ​ជា​ជាង​សំណង់ និង​យប់​ខ្លះ​ទៅ​ជួយ​យាម​តូប​ជាមួយ​មិត្ត​ខ្លួន ដែល​អាច​រក​ប្រាក់​បាន​មួយ​យប់​មួយ​ម៉ឺន​រៀល។
មិត្ត​ភក្តិ​ដដែល​នោះ​បាន​រំលឹក​ទៀត​ថា សុខចន្ទ ធ្លាប់​ចង់​បាន​ទូក​តូច​មួយ ដើម្បី​ចាប់​ផ្ដើម​មុខ​របរ​នេសាទ​ឡើង​វិញ ប៉ុន្តែ​រូប​គេ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ធ្វើ​ដើម​ទុន។
អ្នកស្រី ទិត សាង ជា​ម្ដាយ​របស់ ម៉ៅ សុខចន្ទ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ គ្រួសារ​អ្នកស្រី​មិន​ដឹង​ថា​មាន​ទី​ពឹង​អ្វី​ទៀត​ទេ ម្យ៉ាង​ពួក​គាត់​កំពុង​ជំពាក់​ប្រាក់​អ្នក​ចង​ការ​ប្រមាណ ៤០០​ដុល្លារ។
សម្រាប់​អ្នកស្រី ជាវ សុខវី ភរិយា​របស់ សុខចន្ទ គាត់​ចង់​ត្រឹម​សង​បំណុល​រួច និង​អាច​មាន​មុខ​របរ​ដែល​អាច​ចិញ្ចឹម​កូន​ស្រី​ទាំង​៤ អោយ​បាន​រៀន​សូត្រ និង​មាន​អនាគត​ល្អ​ជាង​ខ្លួន ដូច​នឹង​ការ​ចង់​បាន​របស់​ប្ដី​កាល​នៅ​រស់។
ទាក់ទិន​នឹង​ការ​ស្លាប់​របស់​ប្ដី​ខ្លួន អ្នកស្រី ជាវ សុខវី មាន​ចម្ងល់​ថា តើ​សមត្ថកិច្ច​បាន​គិតគូរ​ពី​សុវត្ថិភាព​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​នៅ​កកកុញ​តាម​ផ្លូវ ដោយសារ​ការ​បិទ​ផ្លូវ​របស់​អាជ្ញាធរ​ដែរ​ឬ​ទេ?
ពេល​នេះ ក្រុម​គ្រួសារ សុខចន្ទ បាន​ដាក់​ពាក្យ​បណ្ដឹង​រួច​រាល់​ហើយ ប្ដឹង​ទាមទារ​អោយ​រក​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​រូប​គាត់​ដែល​ជា​ជន​ស្លូត​ត្រង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

You were my hero,with my heart and my tears turned into a river just for you,I wished i could hold your hand and tell you,before your last breath,that we will never forget your heroism and justice must be served for you.

May your soul rest in peace.

True Khmer