A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 18 September 2013

Civil society: The CNRP should continue to seek the truth for voters សង្គម​ស៊ីវិល៖ បក្ស​សង្គ្រោះ​ជាតិ​គួរ​បន្ត​ស្វែង​រក​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត

សង្គម​ស៊ីវិល​ផ្តល់​អនុសាសន៍​ឲ្យ​គណបក្ស​ប្រឆាំង​ប្រកាន់​ជំហរ ស្វែង​រក​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចរចា​ស្ដីពី​ការ​កែ​ទម្រង់​ស្ថាប័ន​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល។
ដោយ វណ្ណ វិចារ
2013-09-18
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ការ​ផ្តល់​យោបល់​បែប​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​មិន​ឲ្យ​អ្នក​កាសែត​ចូល​នា​ព្រឹក​ថ្ងៃ​ទី១៨ ខែ​កញ្ញា នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ រវាង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ បន្ទាប់​ពី​ការ​ចរចា​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មិន​ទាន់​បាន​សម្រេច​លទ្ធផល​ជា​ផ្លែផ្កា​នៅ​ឡើយ​នោះ។
សង្គម​ស៊ីវិល​ផ្តល់​យោបល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​ចូល​រួម​ប្រជុំ​សភា​ជា​ដំបូង នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឡើយ ហើយ​បក្ស​ប្រឆាំង​គួរ​ណាស់​តែ​បន្ត​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ស្វែង​រក​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត។
សមាជិក​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត ដែល​បាន​ចូល​រួម​ផ្តល់​អនុសាសន៍​ឲ្យ​បក្ស​ប្រឆាំង លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ស្នើ​ជា​ដំបូង​ឲ្យ​បក្ស​ប្រឆាំង​ជំរុញ​បក្ស​កាន់​អំណាច ស្វែង​រក​ការ​ពិត​ស្ដីពី​ភាព​មិន​ប្រក្រតី ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត។
លោក​បន្ត​ថា បើ​សិន​ជា​រក​ការ​ពិត​ឃើញ បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ទទួល​បាន​ផល​ប្រយោជន៍​ដូច​គ្នា ដោយ​បក្ស​ប្រឆាំង​អាច​ជម្រះ​មន្ទិល​អ្នក​គាំទ្រ​ថា ខ្លួន​ជាប់​ឆ្នោត​មែន ឬ​អត់? ហើយ​បក្ស​កាន់​អំណាច​នឹង​មាន​កិត្តិយស​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ដោយ​យុត្តិធម៌។ លោក​បញ្ជាក់​ថា ដើម្បី​តម្កល់​ផល​ប្រយោជន៍​ជាតិ គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ស្រុះស្រួល​គ្នា​ធ្វើ​ការ​កែ​ទម្រង់​ឲ្យ​ស៊ី​ជម្រៅ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
ទាក់ទង​នឹង​បញ្ហា​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​បាន​ផ្តល់​អនុសាសន៍​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ លើ​បី​ចំណុច​សំខាន់ៗ​រួម​មាន ការ​ស្វែង​រក​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត ធ្វើ​ការ​កែ​ទម្រង់​លើ​ស្ថាប័ន​ជាតិ​អាទិភាព​មួយ​ចំនួន និង​មិន​ត្រូវ​ចូល​រួម​ប្រជុំ​សភា​ជា​លើក​ដំបូង​ទេ នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា។ លោក​បន្ត​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​យក​អនុសាសន៍​ទាំង​ស្រុង​ពី​សង្គម​ស៊ីវិល ហើយ​ក៏​នឹង​ប្រមូល​យោបល់​ពី​ម្ចាស់​ឆ្នោត​ទៀត​ដែរ តែ​លោក​ជឿ​ថា ម្ចាស់​ឆ្នោត​លក់​មាន់ លក់​ឆ្កែ មក​ធ្វើ​បាតុកម្ម គឺ​ដើម្បី​តែ​យុត្តិធម៌។
លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ឃើញ​មាន​សញ្ញា​ភ្លើង​ខៀវ​ដើម្បី​បើក​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន ជា​ថ្មី​ទេ ហើយ​គម្រោង​បាតុកម្ម​ជា​លើក​ទី៣ ក៏​នឹង​អាច​កើត​មាន​នា​ពេល​ខាង​មុខ​ដែរ។
ទន្ទឹម​នឹង​ការ​ជួប​ជាមួយ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី១៨ ខែ​កញ្ញា នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ក៏​បាន​ចូល​ជួប​តំណាង​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​យោបល់​ពី​ភាគី​អន្តរជាតិ​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​បាន​ប្រាប់​ថា នឹង​បន្ត​ជួប​បណ្ដា​ទូត​ប្រទេស​ដទៃ​ទៀត​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ស្នើសុំ​យោបល់​ជុំវិញ​បញ្ហា​ទាំង​នេះ ប៉ុន្តែ​មតិ​យោបល់​ក្នុង​ជំនួប​នោះ មិន​អាច​បង្ហាញ​ជា​សាធារណៈ​ទេ។ សង្គម​ស៊ីវិល​មួយ​ចំនួន​ផ្តល់​យោបល់​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ស្វែង​រក​តុល្យភាព​អំណាច តាម​រយៈ​ការ​ស្នើ​កាន់​កាប់​ស្ថាប័ន​នីតិប្បញ្ញត្តិ ឬ​រដ្ឋសភា​ដែរ ហើយ​កិច្ចការ​ស្វែង​រក​ដំណោះស្រាយ ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត។
ទន្ទឹម​នឹង​នេះ អ្នក​ជំនាញ​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​នឹង​អាច​មាន​ឱកាស​ត​ទល់​ដោយ​ស្មើ​មុខ​ជាមួយ​បក្ស​កាន់​អំណាច បើ​សិន​ជា​បាន​គ្រប់គ្រង​រដ្ឋសភា។ ប៉ុន្តែ បក្ស​ប្រឆាំង​ត្រូវ​មើល​គំរូ​របស់​សម្ដេច​ក្រុម​ព្រះ ដែល​រលាយ​បក្ស​ដោយ​ធ្វើ​ប្រធាន​សភា​នេះ​ដែរ។ លោក​បន្ត​ថា បើ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​លើ​ចំណុច​លម្អិត​តូចៗ​ជា​មុន​ទេ នោះ​ក៏​នឹង​មិន​មាន​ការ​កែ​ទម្រង់​ធំ​ដុំ​ដែរ។ លោក​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ត្រូវ​រៀប​ចំ​គ្រោង​ការ​ឲ្យ​បាន​រួច​រាល់ ពេល​ដែល​ចរចា​ជាមួយ​បក្ស​កាន់​អំណាច បើ​ចរចា​បាន​សម្រេច គឺ​ត្រូវ​ចុះ​ហត្ថលេខា​ទទួល​ខុស​ត្រូវ​ទាំង​សង​ខាង​តែ​ម្តង។
ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​បើក​កិច្ច​ចរចា​គ្នា​ចំនួន ២​ដង​រួច​មក​ហើយ តែ​លទ្ធផល​មិន​បាន​ធំ​ដុំ​ទេ។ ការ​ចរចា​លើក​ទី១ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា គណបក្ស​ប្រជាជន​យល់​ព្រម​បញ្ឈប់​អំពើ​ហិង្សា យល់​ព្រម​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​យល់​ព្រម​បន្ត​ចរចា​ជា​ថ្មី។ ការ​ចរចា​លើក​ទី២ គណបក្ស​ទាំង​ពីរ​អះអាង​ថា មាន​ជំហរ​ខិត​ជិត​គ្នា។ ប្រភព​ក្រៅ​ផ្លូវ​ការ​ខ្លះ​បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ចង់​បាន​រដ្ឋសភា​មក​គ្រប់គ្រង និង​ចង់​កាន់​កាប់​ក្រសួង​អាទិភាព​មួយ​ចំនួន ប៉ុន្តែ​ទាំង លោក សម រង្ស៉ី និង លោក កឹម សុខា បាន​បដិសេធ​ចំពោះ​បញ្ហា​នេះ ដោយ​បញ្ជាក់​ថា យុត្តិធម៌​របស់​ម្ចាស់​ឆ្នោត គឺ​សំខាន់​ជាង​អ្វីៗ​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: