ដោយ៖ ពៅ មេត្តា | ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013 | VOD

ព្រះមហាក្សត្រសម្តេចនរោត្តមសីហមុនី បានចេញព្រះរាជសារនៅថ្ងៃទី១២ ខែកញ្ញា កោះអញ្ជើញលោក ហ៊ុន សែន និងលោក សម រង្ស៊ី អមដោយគណៈប្រតិភូម្ខាងៗពីររូប ដើម្បីប្រជុំនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញានេះ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ។
ការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ស្របពេលការដោះស្រាយបញ្ហានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហាក់ទាល់ច្រក គឺគណបក្សសង្គ្រោះជាតិ ព្រមានធ្វើមហាបាតុកម្មជាបន្តបន្ទាប់ រហូតមានដំណោះស្រាយ ចំណែកគណប្រជាជនកម្ពុជា ព្រមានបង្កើតរដ្ឋាភិបាលដោយឯកបក្ស។ ព្រះរាជសាររបស់ព្រះអង្គ បានធ្វើឲ្យមានការសាទរពីអ្នកតាមដានបញ្ហានយោបាយ អង្គការសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ការកោះអញ្ជើញនេះ មិនមែនជារឿងចម្លែកទេ ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា០៩ ចែងយ៉ាងច្បាស់ថា ព្រះមហាក្សត្រទ្រង់មានព្រះរាជតួនាទីខ្ពង់ខ្ពស់ជា អាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈឲ្យទៀតទាត់។ ចំណែកមាត្រា២៣ ក៏បានបញ្ជាក់ដែរថា ព្រះមហាក្សត្រ ទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។
ដូច្នេះខ្លឹមសាររដ្ឋធម្មនុញ្ញ បានផ្តល់អំណាចពេញលេញដល់ព្រះអង្គ ក្នុងការកោះអញ្ជើញអ្នកនយោបាយ ប្រជុំពិភាក្សារកដំណោះស្រាយដើម្បីរក្សាសន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ តាមការចង់បានរបស់កូនចៅព្រះអង្គ។
តែចំណុចមួយដែលនាំឲ្យប្រជាពលរដ្ឋ មានចម្ងល់នោះត្រង់ថា ហេតុអ្វីបានព្រះមហាក្សត្រ ចេញព្រះរាជសារកាលពីថ្ងៃទី០៩ ខែកញ្ញា ដោយកំណត់ថ្ងៃប្រជុំសភានៅថ្ងៃទី២៣មុន ហើយបានចេញព្រះរាជសារនៅថ្ងៃទី១២ ដើម្បីកោះប្រជុំមេដឹកនាំគណបក្សទាំងពីរ ដោះស្រាយទំនាស់នយោបាយនោះ?
ចំណុចនេះសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយ លោក សុខ ទូច យល់ឃើញថា ដោយសារអ្នកនយោយបាយមិនទាន់ឯកភាពគ្នា ដូច្នេះព្រះអង្គអាចកោះហៅដើម្បីដោះស្រាយរកការឯកភាព ផ្នែកនយោបាយសិន មុនបើកសម័យប្រជុំសភាលើកដំបូង ៖ "យើងឃើញហើយថា ព្រះអង្គជាអ្នកឯកភាពជាតិ ហេតុអីបានជាព្រះអង្គហៅប្រជុំ បើមិនទាន់មានឯកភាពជាតិ ប៉ុន្ដែបើព្រះអង្គហៅហើយរកមិនឃើញ រឿងហ្នឹងមិនមែនព្រះអង្គជាអ្នកខុសទេ មាត្រា៩ហ្នឹងយើងឃើញហើយថា ព្រះអង្គជាអាជ្ញាកណ្ដាល អញ្ចឹងព្រះអង្គដើរតួរួចហើយ សំខាន់ត្រង់អ្នកនយោបាយទេ អញ្ចឹងព្រះអង្គក៏ចង់បង្ហាញប្រជារាស្ដ្រ ដោយព្រះអង្គមិនមែនគ្រាន់តែបំពេញតែនេះទេ គឺបំពេញភារកិច្ចក្នុងនាមតួនាទីជា ព្រះមហាក្សត្រ" ។
ការសំដែងមតិរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស តាមលិខិតជាផ្លូវការ ក៏ដូចជា លក្ខណៈផ្ទាល់ខ្លួន ដែលពួកគេបង្ហាញតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកចំពោះព្រះរាជសារលិខិត ថ្ងៃទី០៩កញ្ញា របស់ព្រះអង្គក៏អាចជាចំណុចដែលឲ្យព្រះអង្គសម្រេចព្រះទ័យកោះប្រជុំ មេដឹកនាំគណបក្សទាំងពីរដែរ។
បន្ទាប់ពីសារលិខិតរបស់ព្រះមហាក្សត្រចេញកាលថ្ងៃទី០៩ ខែកញ្ញា មានប្រតិកម្មច្រើនពីសាធារណៈជន នៅតាមស្រុក តាមភូមិនិយាយពីមាត់មួយទៅមាត់មួយ ចំពោះប្រជាពលរដ្ឋ ដែលចេះប្រើប្រព័ន្ធអ៊ីនធឺណេត ពិសេសយុវជនបានលើកឡើងតាមហ្វេសប៊ុក ដោយខកចិត្ត ចំពោះការកំណត់ថ្ងៃប្រជុំ ដោយមិនទាន់បានដោះស្រាយបញ្ហា ភាពមិនប្រក្រតីនៃការបោះឆ្នោត ឲ្យច្បាស់លាស់ជាមុន។
ទន្ទឹមនឹងនោះ មានបទសម្ភាសន៍ និងកិច្ចពិភាក្សាជាបន្តបន្ទាប់ រវាងអ្នកវិភាគ និងថ្នាក់ដឹកនាំគណបក្សប្រឆាំង តាមវិទ្យុ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល អំពីបញ្ហានេះ។ គណបក្សប្រឆាំង ប្រកាន់ជំហរថា មិនចូលរួមប្រជុំទេ ប្រសិនបើមិនដោះស្រាយបញ្ហាភាពមិនប្រក្រតីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ ចំណែកអ្នកវិភាគរួមមាន លោកកែម ឡី លោក ឡៅ ម៉ុងហៃ លោកសុខ ទូច ជាដើម លើកឡើងដោយផ្អែកលើរដ្ឋធម្មនុញ្ញថា ការប្រជុំសភាលើកដំបូងមិនអាចដំណើរការបានទេ ប្រសិនបើមិនមានតំណាងរាស្ត្រ១២០រូប និងមិនមានឯកភាពនយោបាយនោះ។
ទោះយ៉ាងណា ការកោះប្រជុំមេដឹកនាំទាំងនៅព្រះបរមរាជវាំង នៅថ្ងៃទី១៤ ខែកញ្ញា មានការសាទរពីសាធារណជន ចំណែកមេដឹកនាំគណបក្សនយោបាយទាំងពីរ គោរពតាមសេចក្តីសម្រេចរបស់ព្រះអង្គដែរ។
សម្រាប់លោកស្រី ជា វណ្ណាត អ្នកវិភាគបញ្ហាសង្គមមួយរូបដែរ លើកឡើងថា ស្ថាប័នព្រះមហាក្សត្រ ជាស្ថាប័នកំពូលដូច្នេះ ព្រះអង្គដោះស្រាយបញ្ហានយោបាយ នៅសេសសល់ ដែលស្ថាប័នក្រោមៗមិនអាចដោះស្រាយបាន ៖ "តួនាទីរបស់លោក នៅជាទីតួនាទីចុងក្រោយ ដែលដំបូងឡើយនៅស្ថាប័នរដ្ឋផ្សេងៗដែលមានហ្នឹង ធ្វើការដោះស្រាយសិន ដោះស្រាយហ្នឹងអស់មធ្យោបាយនឹងដោះស្រាយទៅទៀតហើយបានដល់ភារកិច្ចរបស់ព្រះមហាក្សត្រ លោកជាស្ថាប័នមួយខ្ពស់បំផុតដែលមាននៅក្នុងប្រទេសកម្ពុជាយើង" ។
តាំងពីការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ ដល់អាណត្តិទី៣ ឆ្នាំ២០០៣មក ព្រះមហាក្សត្រដើរតួនាទីសំខាន់ ដើម្បីដោះស្រាយបញ្ហានយោបាយ ដើម្បីបញ្ចៀសសង្គ្រាមស៊ីវិល ឬ ហិង្សាក្នុងសង្គម គឺក្នុងអំឡុងពេលនោះសម្តេច នរោត្តមសីហនុ បានពន្លត់កំដៅ រវាងអ្នកនយោបាយសំខាន់ដូចជា លោក ហ៊ុន សែន សម្តេចក្រុមព្រះ និងលោក សម រង្ស៊ី៕
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
1 comment:
Rainsy was the first that elected by khmer's people,all khmer's leaders before were put in power by some foreigners,Shihanook France putting him in power,Lon Nol. American,Pol Pot yiekcong,Hun sen Hanoi-Yiekcong as well.
So,Rainsy was only one whom elected by khmer's people the real democracy in Cambodia today,please help him to succeed,kick ah kwaq Yiekcong's slave out before he sold Scamafia to his boss Hanoi,and we all became another Champa or kampuchea krom.Please ***Kom plech Te Ong! Atrocity that Bao Dai had done to Khmer krom.
Kmenhwatt
Post a Comment