A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 September 2013

Kem Sokha: The CNRP will raise the issue about the formation of an independent election investigation committee with the king បទសម្ភាសន៍​​ ​លោក កឹម សុខា​៖ គណបក្ស នឹង​លើក​ពី​គណៈកម្មការ​ចម្រុះ​ទូល​ព្រះមហាក្សត្រ មិនមែន​ការបែងចែក​អំណាច​ទេ​​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ​(រូបភាពពី flickr.com)
​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម សុខា ដែល​នឹង​ត្រូវ​ច​រចា​​ជាមួយ​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ក្រោម​​ព្រះ​រាជ​ធិបតី​​ព្រះមហាក្សត្រ ឲ្យដឹងថា គណបក្ស​នឹង​បន្ត​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​។ លោក​អះអាងថា គណបក្ស​នឹង​មិន​លើក​ពី​ការ​បែងចែក​អំណាច​​ទេ ដរាប​ណា​​គណៈកម្មការ​នេះ​មិន​ត្រូវ​លើកយក​មក​ពិភាក្សា នៅ​ចំ​ពោះ​ព្រះ​​ភក្ត្រ​​ព្រះ​មហា​ក្សត្រ​។
​វី​អូ​ឌី​៖ តើ​គណបក្ស​យល់​យ៉ាងណា​ចំពោះ​ព្រះរាជសារ​ព្រះមហាក្សត្រ​អញ្ជើញ​​ថ្នាក់ដឹកនាំ ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​ក្រោម​ព្រះរាជធិបតីភាព​របស់​​ព្រះអង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​?
​លោក កឹម សុខា​៖  យើង​ពិសោធន៍​មើល​ក្នុង​អាណត្តិ​មុនៗ ពេលណា​ដែល​មាន​ភាពទាល់ច្រក​ខាង​នយោបាយ គឺ​កាលណា​គ្មាន​សុ​ឆន្ទៈ​របស់​គណ​បក្ស​​កាន់អំណាច ដើម្បី​ដោះស្រាយ​នយោបាយ​​ទេ ព្រះមហាក្សត្រ​លោក​តែងតែ​តាំង​ជា​អធិបតី ជា​អាជ្ញាកណ្តាល តាម​រដ្ឋធម្មនុញ្ញ​របស់​យើង ព្រោះ​ព្រះ​រាជតួនាទី​របស់​ព្រះមហាក្សត្រ​ជា​អាជ្ញាកណ្តាល នៅ​ក្នុង​ការឯកភាព​ជាតិ​។ ឥ​ទ្បូ​វ​នេះ គឺ​យើង​ឃើញថា គណបក្ស​ប្រជាជន​[​កម្ពុជា​ ] ដែល​ចាញ់​ឆ្នោត បែរ​តាំង​ខ្លូន​ថា​ ជា​អ្នកឈ្នះ ហើយ​ប្រជាពលរដ្ឋ​គេ​អត់​ព្រម​ទទួលយក​។ ឥ​ទ្បូ​វ​ហ្នឹង មាន​ទំនាស់​ធំ​ណាស់​ខាង​នយោបាយ​នៅ​ស្រុក​ខ្មែរ ដោយ​សារ​​គណបក្ស​ប្រជាជន​ក្រាញ​អំណាច ដោយសារ​ភាព​ប្រក្រតី​នៃ​ស្ថាប័នរដ្ឋ ដូចជា គ​.​ជ​.​ប [​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ] ជាដើម ធ្វើឲ្យ​ប្រជាពររដ្ឋ​មាន​ការ​មិន​សប្បាយចិត្ត​។ គម្រោង​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើ​មហា​បាតុកម្ម​ធំ ដូច្នេះ​ហើយ​ព្រះមហាក្សត្រ​លោក​នឹង​ចេញ​មក​ធ្វើ​ជា​ព្រះ​អាជ្ញាកណ្តាល​។ ក៏ប៉ុន្តែ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​យើង​នៅ​ខាង​ប្រជាពលរដ្ឋ​។ យើង​ការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ យើង​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​។ តើ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​អ្វី​បច្ចុប្បន្ននេះ​? ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់បាន​យុត្តិធម៌​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ ការបោះឆ្នោត​។ ប្រជា​ពលរដ្ឋ​ខ្មែរ​​ចង់​បាន​ការផ្លាស់ប្តូរ មិន​ចង់​នៅ​ដដែល​ទេ​។ ដូច្នេះហើយ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខាង​ប្រជាពលរដ្ឋ ទោះបី​មាន​ការជួបគា្ន​ថ្នាក់កំពូល​ក្រោម​អធិប​តីភាព​របស់​ព្រះមហាក្សត្រ​ក៏​ ដោយ ក៏​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ដដែល គឺ​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ហើយ​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​នៅក្នុង​សង្គម​កម្ពុជា​យើង​។ នេះ​ជា​ហើយ​ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យើង​នឹង​ចូល​ជជែក​គ្នា​ក្នុង​ក្របខណ្ឌ​ហ្នឹង​។ យើង​នឹង​មិន​ទៅ​ជជែក​ពី​រឿង​ចែក​អំណាច មុន​រំលង​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាដាច់ខាត​។ យើង​ត្រូវ​ការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​សិន​។ បើ​យើង​រក​ទៅ យើង​ទទួល​ស្គាល់​ទាំងអស់គ្នា ថា​ប្រជាពលរដ្ឋ​បានឈ្នះ​ហើយ គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​ហើយ ទើប​យើង​ឈានទៅរក​ជជែក​​គ្នា​ពី​រឿង​កែទម្រង់​ប្រទេសជាតិ​បាន​។​
​វី​អូ​ឌី​៖ តើ​គណបក្ស​គ្រោង​លើក​បញ្ហា​អ្វីខ្លះ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ព្រះរាជអន្តរាគមន៍​ដោះស្រាយ​?

​លោក កឹម សុខា​៖ ដូច​ខ្ញុំ​បាន​ជម្រាប​ដដែល [​យើង​ ]​ទាមទារ​យុត្តិធម៌ ទាមទារ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​មួយ ដើម្បី​ស្រាវជ្រាវ​ពី​ភាព​មិន​ប្រ​ក្រតី​នៃ​ការបោះឆ្នោត ដើម្បី​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ ការពារ​សំ​ទ្បេង​ឆ្នោត​ប្រជាពលរដ្ឋ​។ ហ្នឹងហើយ​ជា​អ្វី​ចម្បង​បំផុត​ដែល​យើង​ត្រូវ​លើកទ្បើង​។​
​វី​អូ​ឌី​៖ ក្នុង​ការចរចា​នេះ ប្រសិនបើ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​ មួយ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះ​ឆ្នោត មិន​ត្រូវបាន​លើកយក​មក​ពិភាក្សា តើ​គណបក្ស​សង្គ្រោះ​ជាតិ​យល់ព្រម​ទេ​?

​លោក កឹម សុខា​៖ ប្រសិន​ណា​បើ​មិន​មាន​គណៈកម្មការ​មួយ​ឯករាជ្យ ដើម្បី​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ទេ មា​ន័យ​ថា​ការ​បោះ​ឆ្នោត​​នេះ [​យើង​] រក​ការពិត​មិនឃើញ​។ មិនដឹង​ថា​ការពិត​នោះ​ខុស​ប៉ុណ្ណា ត្រូវ​ប៉ុណ្ណា [​យើង​ ] រក​មិនឃើញ​។ បើ​រក​ការពិត​មិន​ឃើញ​ទេ អ្នកណា​អ្នកឈ្នះ​? គឺ​ប្រជាពលរដ្ឋ​អ្នកឈ្នះ​។ ប្រជាពលរដ្ឋ​ណា​? ប្រជាពលរដ្ឋ​ដែល​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ​។ ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកឈ្នះ​។ អញ្ចឹង​ទាល់តែ​មាន​ការទទួលស្គាល់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ទើប​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន​។​
 
​វី​អូ​ឌី​៖ គណបក្ស​រំពឹងថា​ នឹង​ទទួល​លទ្ធផល​អ្វីខ្លះ​ពី​ការប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ ជាប់​ឆ្នោត​ទាំងពីរ ក្រោម​ព្រះរាជាធិបតីភាព​ព្រះ​មហា​ក្សត្រ​​?


​លោក កឹម សុខា​៖ ក្តី​ប្រាថ្នា​របស់​យើង​ក្នុង​ជំនួប​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ យ៉ាងហោចណាស់ ត្រូវ​ទទួលស្គាល់ថា ការបោះឆ្នោត​នេះ​មាន​ភាពមិនប្រក្រតី​យ៉ាងធ្ងន់ធ្ងរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ជា​អ្នកឈ្នះ​។ នេះ​ហើយ​ជា​ក្តីសង្ឃឹម​របស់​យើង​។​
 
​វី​អូ​ឌី​៖ គណបក្ស​នឹង​ទួល​ថ្វាយ​ព្រះមហាក្សត្រ​ដូច​ម្តេច​ចំពោះ​ព្រះរាជសារ​របស់​ ព្រះអង្គ ដែល​គ្រោង​កោះអញ្ជើញ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង​១២៣​រូប ចូល​ប្រជុំ​រដ្ឋសភា នីតិកាល​ទី​៥ លើកដំបូង នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ខណៈ​ភាព​តានតឹង​នយោបាយ​មិនទាន់​ត្រូវបាន​ដោះស្រាយ​?

​លោក កឹម សុខា​៖ គណបក្ស​បាន​ផ្ញើ​លិខិត​ទៅ​ទូលថ្វាយ​ព្រះករុណា តាំងពី​មុន​លោក​យាង​មក​ដល់​ភ្នំពេញ​ម្ល៉េះ​។ យើង​បាន​ទូលថ្វាយ​សុំឲ្យ​លោក​ព្រះរាជអន្តរាគមន៍ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ជុំវិញ​ការបោះឆ្នោត​នេះ​សិន​។ យើង​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ដែរ​ថា ដរាបណា មិន​បាន​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បានទេ គណបក្ស​សុំ​អធ្យាស្រ័យ គឺ​យើង​មិន​អាច​ចូលរួម​ប្រជុំ​សភា​ជាមួយនឹង​គណបក្ស​ប្រជាជន​បានទេ​។​
 វី​អូ​ឌី​៖ តើ​គណបក្ស​មាន​ជំហរ​បែប​ណា​ចំពោះ​មហា​បាតុកម្មអហិង្សា​លើក​ទី​២ ដែល​គ្រោង​ធ្វើ នៅ​ចុង​សប្តាហ៍​នេះ ខណៈ​ព្រះមហាក្សត្រ​កោះ​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​ទាំង​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​?
​លោក កឹម សុខា​៖ យើង​ត្រូវ​ដឹងថា មហា​បាតុកម្ម​ដែល​យើង​គ្រោង​ធ្វើ នៅ​ថ្ងៃ​ទី​១៥ ទី​១៦ និង​១៧ [​ខែ​កញ្ញា​] នេះ យើង​ធ្វើ​ក្នុង​[​គោលបំណង​]​អ្វី​? [​យើង​ធ្វើ​ ] ក្នុង​គោលបំណង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បង្កើត​គណៈកម្មការ​មួយ ស្រាវជ្រាវ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ បើ​សិនណា ការបង្កើត​គណៈកម្មកា​រ​នោះ​មិន​ទាន់​បាន ភាពយុត្តិធម៌​មិន​ទាន់​បាន បាតុកម្ម​យើង​ត្រូវតែ​ធ្វើ​ជា​ដាច់ខាត​។ ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ យើង​អត់​មាន​បាន​ទទួល​ដំណោះស្រាយ​បង្កើត​គណៈកម្មការ​ចម្រុះ ដូច្នេះ មានន័យ​ថា យើង​ត្រូវតែ​ធ្វើ​មហា​បាតុកម្ម ថ្ងៃ​១៥ ១៦ និង​១៧​ ជាដាច់​ខាត​​។​
​វី​អូ​ឌី​៖ ឯកឧត្តម មានន័យ​ថា ទោះបី​មាន​ព្រះរាជសារ​អញ្ជើញ​ប្រជុំ​របស់​ព្រះមហាក្សត្រ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រក្សា​ជំហរ​ធ្វើ​មហា​បាតុ​កម្មអ​ហិង្សា​​លើក​ទី​២ នៅ​ចុង​សប្តាហ៍​នេះ​ដដែល​?
​លោក កឹម សុខា​៖ បាទ មហា​បាតុកម្ម​នេះ យើង​ធ្វើ​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ យើង​ត្រូវតែ​ធ្វើ ទោះបី​មាន​ការជួបប្រជុំគ្នា [​រវាង​មេដឹក​នាំ​​កំពូល​​នៃ​គណបក្ស​ទាំង​ពីរ​] បាន​ដំណោះស្រាយ​ប៉ុណ្ណា ក៏​យើង​ត្រូវតែ​ធ្វើ ដើម្បី​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ដោះ [​ស្រាយ​បញ្ហា​] ចេញ ឫ​មិន​ចេញ​។ យើង​ដោះស្រាយ កម្រិតណា យើង​ត្រូវតែ​ធ្វើ [​មហា​បាតុកម្ម​ ] ។ យើង​អត់​មាន​ឈប់​ទេ បាតុកម្ម​ជា​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ជា​ម្ចាស់​នៃ​អំណាច ជា​ម្ចាស់​នៃ​នយោបាយ​ជាតិ​។ ដូច្នេះ យើង​ត្រូវតែ​ធ្វើបាតុកម្ម​ហ្នឹង​។​
​វី​អូ​ឌី​៖ ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​តែ​ មួយ​ថ្ងៃ​ទេ គឺ​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា និង​មិន​អនុញ្ញាត​ឲ្យ​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម ឬ​ដង្ហែ​ញត្តិ​តាម​ដងផ្លូវ​រាជធានី​ភ្នំពេញ​ទេ​។ តើ​គណបក្ស​យល់​យ៉ាងណា​?
​លោក កឹម សុខា​៖ យើង​ត្រូវ​គិតថា ស្អី​គេ​ដែល​ធំជាងគេ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​? ឥ​ទ្បូ​វ យើង​សួរ​ទៅ​ក្រសួង​មហាផ្ទៃ​វិញ តើ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​របប​អ្វី​? បើ​[​កម្ពុជា​] កាន់​របប​ប្រជាធិបតេយ្យ ធំជាងគេ គឺ​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច​ទាំងអស់​។ បើ​ស្រុក​ខ្មែរ​ជា​ស្រុក​កុ​ម្មុយ​នី​ស គឺ​វា​ស្រេច​លើ​ក្រសួងមហាផ្ទៃ ឬ​រដ្ឋាភិបាល​ថា​ម៉េច ប្រជារាស្ត្រ​ត្រូវ​ធ្វើតាម​។ ប៉ុន្តែ បើ​រដ្ឋាភិបាល​ទទួលស្គាល់​ថា រដ្ឋធម្មនុញ្ញ​ខ្មែរ ប្រជាធិបតេយ្យ ត្រូវ​លើក​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាធំ​។ បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើ [​បាតុកម្ម​] គឺ​យើង​ត្រូវគោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ ក្រសួងមហាផ្ទៃ រដ្ឋាភិបាល សមត្ថកិច្ច មាន​កាតព្វកិច្ច​ការពា​រ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។ ក្រសួង​មហាផ្ទៃ​ត្រូវ​ពិចារណា​ទ្បើង​វិញ បើ​លោក​ចង់​កំណត់​សិទ្ធិសេរីភាព​។ បើ​លោក​ចង់​កំណត់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ឲ្យធ្វើ​បាតុកម្ម​តែ​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ គឺ​វា​ទៅ​មិន​រួច​ទេ​៕

សរសេរមកកាន់​លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com

No comments: