A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 July 2016

"សេចក្ដី​ព្រាង​ច្បាប់​ដែល​សភា​អាមេរិក​ទើប​អនុម័ត​នឹង​ឈាន​ដល់​ការ​កាត់​ជំនួយ​ដល់​កម្ពុជា"


ដោយ តាំង សារ៉ាដា
2016-07-07

ប្រជុំ​សភា អាមេរិក ៦២០
កិច្ច​ប្រជុំ​សភា​​​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo courtesy of US Congress



អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង សាទរ​ចំពោះ​ការ​អនុម័ត​ជំហាន​ដំបូង​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក បាន​អនុម័ត​ជា​ឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមាជិក​សភា​ពី​ខាង​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​នេះ​ថា មិន​ប៉ះពាល់​អ្វី​ដល់​ដំណើរការ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ឡើយ។

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង ចាត់​ទុក​ថា ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​លេខ H.RES 728 ស្ដីពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​ជា​ការ​បញ្ជាក់​ជំហរ​មួយ​ថា សហរដ្ឋ​អាមេរិក មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​យកចិត្តទុកដាក់​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។

ប្រធា
ន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្រុម​របស់​លោក​បាន​ជំរុញ​ផ្ដល់​យោបល់ និង​តាក់តែង​ឡើង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង។  លោក​បន្ត​ថា សេចក្ដី​ព្រាង​ច្បាប់​មាន​សារសំខាន់​ណាស់​ដែល​សភា​អាមេរិកាំង ត្រូវ​ប្រើប្រាស់​យន្តការ​ជាច្រើន ដូច​ការ​បង្កើត​ក្រុម​ទំនាក់ទំនង​ដើម្បី​កម្ពុជា ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សម្រាប់​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ ហើយ​ជំរុញ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។


លោក ទូច វិបុល៖ «ជាពិសេស​គឺ​ការ​ធានា​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សុខ​សន្តិភាព​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​លទ្ធផល ហើយ​ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី​គាត់​នៅ​ក្រាញ​អំណាច​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច​គំរាមកំហែង ហើយ​ទៅ​បង្កើត​តំបន់​អបគមន៍​នានា​នោះ។ អ៊ីចឹង​ក្រុម​ទំនាក់ទំនង​កម្ពុជា នេះ​នឹង​មាន​លទ្ធភាព​ប្រើប្រាស់​កងកម្លាំង​សន្តិសុខ​អន្តរជាតិ​ទប់ស្កាត់​អំពើ​ភេរវកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី»។

​មន្ត្រី​រដ្ឋសភា​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ទៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​ក្នុង​សភា​ធំ​របស់​សហរដ្ឋអាមេរិក ដើម្បី​អនុម័ត មុន​បញ្ជូន​ទៅ​ដល់​ដៃ​ព្រឹទ្ធ​សភា នៅ​ពេល​ខាង​មុខ។

សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សមាជិក​សភា​តំណាងរាស្ត្រ​អាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  និង​លោក ស្ទីវ ឆាបុត (Stev Chhabot) សហប្រធាន​គណៈកម្មាធិការ​សភា​នៃ​ក្រុម​អ្នក​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា។

សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថ្កោលទោស​គ្រប់​ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ខាង​ផ្នែក​នយោបាយ ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស នយោបាយ គោរព​សេរីភាព​ខាង​សារព័ត៌មាន សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ ការ​ធ្វើ​បាតុកម្ម ការ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​គាំទ្រ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ដោយ​មាន​ការ​ចូល​រួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ។

ទោះជា​យ៉ាង​ណា​ក៏ដោយ សមាជិកសភា​ពី​ខាង​បក្ស​កាន់​អំណាច​នៅ​កម្ពុជា មិន​ស្វាគមន៍​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើយ ហើយ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​អាច​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា បាន​ឡើយ។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន អះអាង​ថា កម្ពុជា​កំពុង​មាន​ការ​គោរព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ដ៏​ល្អ​ផូរផង់ ហើយ​ថា សេចក្ដី​ព្រាង​ច្បាប់​របស់​សភា​សហរដ្ឋអាមេរិក នេះ​គ្មាន​អំណាច ឬ​ឥទ្ធិពល​អ្វី​លើ​កម្ពុជា នោះ​ឡើយ៖ «អ្វី​ដែល​សំខាន់​គឺ​ត្រូវ​គិត​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ហ្នឹង​ទី​១ ហើយ​ទី​២ ខ្ញុំ​មិន​យល់​ថា តើ​សភា​អាមេរិកាំង គាត់​អនុម័ត​ច្បាប់​ហ្នឹង អាច​យក​មក​អនុវត្ត​នៅ​កម្ពុជា ឬ​អត់? យើង​ដឹង​ហើយ​ថា កន្លង​មក អាមេរិកាំង​មិនមែន​តែ​អនុម័ត​ច្បាប់​ស្ដីពី​កម្ពុជា ទេ គឺ​មាន​ច្បាប់​ជា​ច្រើន​ក្នុង​លោក ពីព្រោះ​គាត់​យល់​ថា គាត់​នេះ​ជា​ប្រទេស​ដែល​អាច​ចង្អុល​ឲ្យ​គេ​ធ្វើ​នេះ ធ្វើ​នោះ​បាន។ ដូច្នេះ​គណៈកម្មការ​នេះ​គួរ​រៀន​សូត្រ​ពី​កម្ពុជា ឲ្យ​បាន​ច្រើន​ថែម​ទៀត»។

​បើ​ពិត​ដូច​ការ​អះអាង​របស់​លោក ឈាង វុន មែន​នោះ ប្រហែល​កម្ពុជា លែង​ត្រូវការ​ជំនួយ​ទាំង​ផ្នែក​សង្គម បរិស្ថាន សុខភាព អប់រំ និង​ការ​លើកលែង​ពន្ធ​ផ្នែក​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​សហរដ្ឋអាមេរិក នោះ​ហើយ​មើល​ទៅ។

សមាជិក​សភា​ពី​ខាង​គណបក្ស​សាធារណៈ​រដ្ឋនិយម លោក ដេណា រ៉ូរ៉ាបាកឃើរ (Dana Rohrabacher) បាន​ថ្លែង​នៅ​ក្នុង​ពេល​កំពុង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ​ថា លោក​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទាំង​ស្រុង ហើយ​សេចក្ដី​ព្រាង​ច្បាប់​នេះ​គួរ​ដាក់​ឈ្មោះ​ថា "ហ៊ុន សែន ដល់​ពេល​ចុះ​ចេញ​ពី​អំណាច​ហើយ"៖ «ខ្ញុំ​សង្ឃឹម​ថា សារ​នេះ​នឹង​បាន​ឮ​ដល់​លោក ហ៊ុន សែន ដែល​ខ្ញុំ​និយាយ​ថា ហ៊ុន សែន ដល់​ពេល​ដែល​ត្រូវ​ទៅ​ហើយ។ ដល់​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​សេរីភាព​ពិតប្រាកដ ហើយ​បញ្ចប់​រដ្ឋាភិបាល​ពុករលួយ​ដែល​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​នៃ​ក្រុម​គ្រួសារ និង​បក្សពួក​របស់​ខ្លួន។ ខ្ញុំ​សូម​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទាំង​ស្រុង»។

​លោក​បន្ត​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​ជា​ការ​រំលឹក​ភាព​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ដែល​សហរដ្ឋអាមេរិក មិន​ត្រូវ​ព្រងើយកន្តើយ​ចំពោះ​ទុក្ខ​លំបាក និង​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​នោះ​ទេ។

​សង្គម​ស៊ីវិល​ក្នុង​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ប្រសិនបើ​សេចក្ដី​ព្រាង​ច្បាប់​របស់​សហរដ្ឋអាមេរិក ចូល​ជា​ធរមាន​នោះ វា​នឹង​អាច​ឲ្យ​នាំ​មាន​ការ​កាត់​ផ្ដាច់​ជំនួយ​របស់​អាមេរិក ដល់​កម្ពុជា ហើយ​ពេល​នោះ​ជា​ពេល​ដែល​កម្ពុជា អាច​ជួប​វិបត្តិ​សង្គម ភាព​វឹកវរ និង​ចលាចល​សង្គម​ដោយសារ​មនុស្ស​អាច​បាត់បង់​ការងារ​ជា​ច្រើន ជាពិសេស​គឺ​កម្មករ កម្មការិនី​នៃ​រោងចក្រ​កាត់ដេរ​តែម្ដង។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក កាត់​ផ្ដាច់​ជំនួយ​ពី​កម្ពុជា មែន​នោះ អាមេរិក​ក៏​នឹង​ប្រាប់​ទៅ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដទៃ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ លោក​បារម្ភ​ថា ប្រជាពលរដ្ឋ​គឺ​ជា​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ពី​ការ​កាត់ផ្ដាច់​ជំនួយ​ទាំង​នេះ៖ «ហើយ​យើង​មិន​ដឹង​ថា តើ​ប្រសិនបើ​ជំនួយ​នៅ​កម្ពុជា ត្រូវ​បាន​កាត់​ផ្ដាច់​ពី​អាមេរិក និង​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត​វា​មិន​ដឹង​ថា នឹង​អាច​មាន​អ្វី​កើត​ឡើង​ហួស​ពី​ការ​ស្មាន»។

​ស្ថានភាព​របស់​កម្ពុជា ក្នុង​បរិបទ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក នៅ​ពេល​នេះ​ហាក់​ដូចជា​ស្ថិត​ក្នុង​ស្ថានភាព​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លា ខណៈ​ស្ថាប័ន​រដ្ឋសភា​កំពុង​ធ្វើ​ច្បាប់​គំរាម​គាបសង្កត់​អំណាច​របស់​មេដឹកនាំ​ខ្មែរ ចំណែក​ពី​ខាង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ឯណោះ​វិញ ក៏​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ទៀត​ដើម្បី​រឹតត្បិត​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ថវិកា​ជាតិ​របស់​អាមេរិក ចំនួន ៧០​លាន​ដុល្លារ​ជា​ជំនួយ​ទៅ​កម្ពុជា ផង​ដែរ។

​កាល​ពី​ដើម​ខែ​មិថុនា សភា​សហភាព​អឺរ៉ុប ក៏​បាន​គំរាម​បង្កក​ជំនួយ​កម្ពុជា ហើយ​ឈាន​ទៅ​រក​ការ​កាត់​ផ្ដាច់​ជំនួយ​ដល់​កម្ពុជា តែម្ដង ប្រសិនបើ​កម្ពុជា មិន​ព្រម​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ និង​ស្ថានការណ៍​គោរព​សិទ្ធិមនុស្ស​វិល​មក​រក​ភាព​ដើម​វិញ​នោះ។

សហភាព​អឺរ៉ុប ជា​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩២ មក។ ជំនួយ​សរុប​ពី​សហភាព​អឺរ៉ុប ស្មើ​នឹង​ប្រមាណ ២២% នៃ​ជំនួយ​អភិវឌ្ឍន៍​សរុប​របស់​បរទេស​ដល់​កម្ពុជា ក្នុង​នោះ​ជំនួយ​ឥត​សំណង​ក្នុង​មួយ​ឆ្នាំៗ​ដែល​កម្ពុជា ទទួល​បាន​ពី​សហភាព​អឺរ៉ុប មាន​ទឹក​ប្រាក់​ជា​មធ្យម​ពី ១៣០​លាន ទៅ ១៥០​លាន​ដុល្លារ​អាមេរិក ផ្ដោត​លើ​វិស័យ​នានា រួម​មាន​សុខាភិបាល​អប់រំ កសិកម្ម អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង លោក ទូច វិបុល ព្រមាន​ថា ក្រុម​របស់​លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ក្រុម​ពាណិជ្ជករ​ដែល​នៅ​ជុំវិញ​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ ការ​រំលោភ​សិទ្ធិមនុស្ស​តាម​រយៈ​ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំង​ឡាយ​របស់​ប្រទេស៕

1 comment:

Anonymous said...

Cut it to bone and make them scream for mercy. If cutting aid doesn't work, impose punitive trade sanctions until they gasp for air. The US can do it no problemo.