A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 July 2016

សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី​បដិសេធ​ការ​សម្របសម្រួល​រឿង​កាប់​រាន​ព្រៃ​យក​ដី


ដោយ រដ្ឋា វិសាល
2016-07-08

ជម្លោះ​ដី​ព្រៃ ស្រុក​​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ៨៥៥
ប្រជាពលរដ្ឋ​ភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចូលរួម​ដោះស្រាយ​វិវាទ​ដី​ព្រៃ​ដែល​ឈ្មួញ​កាប់​រាន​នៅ​សាលា​ឃុំ​សែ្រអំពូម នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។
 ADHOC Photo


សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម ក្នុង​ស្រុក​ពេជ្រាដា បដិសេធ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ស្រុក ពាក់ព័ន្ធ​ការ​កាត់​ដី​ដែល​បាន​ពី​ការ​កាប់​រាន​ព្រៃឈើ​សហគមន៍​ប្រមាណ ៥០​ហិកតារ ប្រគល់​ឲ្យ​ឈ្មួញ​ដែល​ទិញ​ដី​ក្នុង​តំបន់​ព្រៃ​ការពារ​សហគមន៍។ អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ និង​ការ​ខូចខាត​ទាក់ទិន​កាប់​រាន​ព្រៃឈើ​នៅ​តំបន់​ការពារ​នេះ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ពូរ៉ាដែត ចាត់​ទុក​ការ​ស្វែង​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​របស់​អាជ្ញាធរ​ស្រុក​ថា ជា​ទង្វើ​ផ្ទុយ​ច្បាប់ ដែល​សហគមន៍​មិន​អាច​ទទួលយក​បាន​ឡើយ។

ការ​ដោះស្រាយ​នេះ​ធ្វើ​ឡើង​នៅ​សាលា​ឃុំ​ស្រែអំពូម នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ដោយ​មាន​តំណាង​សហគមន៍​ភាគី​ឈ្មួញ​អ្នក​ទិញ​ដី មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី។



​តំណាង​សហគមន៍ អ្នកស្រី ហេង ណុក បញ្ជាក់​ថា មន្ត្រី​ស្រុក​បាន​ព្យាយាម​សម្របសម្រួល​កាត់​​ដី​មួយ​ផ្នែក​ដែល​ឈ្មួញ​ទិញ​ដី​បាន​ឈូស​ឆាយ​លើស​ចំនួន​ដី​ដែល​មាន​ក្នុង​ប័ណ្ណ​កម្មសិទ្ធិ​ប្រគល់​ឲ្យ​សហគមន៍។ ចំណែក​ដី​ឋិត​ក្នុង​ប័ណ្ណ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ឈ្មួញ ក៏​ប៉ុន្តែ​សហគមន៍​បដិសេធ​ការ​សម្របសម្រួល​នេះ។

អ្នកស្រី​បញ្ជាក់​ថា ដី​ទាំង​អស់​ឋិត​ក្នុង​តំបន់​ព្រៃឈើ​ចុះ​បញ្ជី​ទទួលស្គាល់​ផ្លូវការ ដោយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ហេតុ​នេះ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ និង​ការ​កាប់​រាន​ព្រៃ​​ឈើ​ក្នុង​តំបន់​ដី​ចុះ​បញ្ជី​ការពារ​មិន​អាច​ធ្វើ​បាន​ឡើយ៖ «ខ្ញុំ​ម៉េច​ព្រម​ជាមួយ​គាត់​ថា ឲ្យ​ដី ១០​ហិកតារ​ទៅ​ឲ្យ​គាត់​វិញ អត់​ព្រម​ទេ​ជនជាតិ​យើង​មិន​ព្រម។ សុទ្ធតែ​ដើម​ឈើ​ម៉េច​ក៏​ខាង​សុរិយោដី​ចេញ​ប្លង់​ឲ្យ​ដី​សុទ្ធតែ​ដើម​ឈើ​ធំៗ»។

ប្រជាពលរដ្ឋ​ភូមិ​ពូរ៉ាដែត ជិត ១០០​នាក់ រួម​ជាមួយ​មន្ត្រី​ឃុំ មន្ត្រី​ព្រៃឈើ និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​​សមាគម​អាដហុក កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​រក​ឃើញ​ឈើ​រាប់ពាន់​ដើម​ក្នុង​តំបន់​ព្រៃស្រោង​​ប្រមាណ ៥០​ហិកតារ ដែល​អភិរក្ស​ដោយ​សហគមន៍​ត្រូវ​ឈ្មួញ​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​រំលំ​ចោល​បំណង​ដុត​រាន​យក​ដី​ដោយ​សំអាង​ថា ដី​នោះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​បី​គ្រួសារ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។

ប្រជាពលរដ្ឋ​ភូមិ​ពូរ៉ាដែត មួយ​រូប​ទៀត គឺ​លោក សុខ ថេត ថ្លែង​ដែរ​ថា ព្រៃ​ការពារ​សហគមន៍​មិន​អាច​ជា​កម្មវត្ថុ​នៃ​ការ​បែងចែក​ទៅ​ឲ្យ​បុគ្គល​ណា​យក​ជា​កម្មសិទ្ធិ​បាន​ទេ ហេតុនេះ​អាជ្ញាធរ​ត្រូវ​ស៊ើបអង្កេត​ពី​អត្តសញ្ញាណ​នៃ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ចេញ​ក្នុង​តំបន់​ព្រៃ​ការពារ។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​ក៏​ត្រូវ​ចុះ​ពិនិត្យ​វាយ​តម្លៃ​ជាក់លាក់​ពី​ទំហំ​ការ​ខូចខាត​ព្រៃឈើ​សហគមន៍​បណ្ដាល​មក​ពី​ឈ្មួញ​ឈូស​ឆាយ​ព្រៃ​ដើម្បី​យក​ដី៖ «អត់​ត្រូវ​ទេ ការ​សម្របសម្រួល​ហ្នឹង​គឺ​ខុស​សហគមន៍​យើង​ខ្ញុំ​មិន​ឯកភាព ដោយសារ​មិន​អនុញ្ញាត​ឲ្យ​ជន​ដែល​ឈូស​ឆាយ​មាន​ប្លង់​រឹង​នៅ​ក្នុង​ដី​សហគមន៍​ដែល​មាន​ព្រៃឈើ​ឈរ​នៅ​ឡើយ»។

ព្រៃ​ការពារ​សហគមន៍​ភូមិ​ពូរ៉ាដែត មាន​ទំហំ ១.៣៣២​ហិកតារ ត្រូវ​បាន​ចុះ​បញ្ជី​ទទួលស្គាល់​ដោយ​មន្ត្រី​អាជ្ញាធរ​​មូលដ្ឋាន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជា​ពិសេស​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​កសិកម្ម ក្រសួង​​អភិវឌ្ឍន៍​ជនបទ​ទុក​ជា​ព្រៃ​ការពារ​របស់​សហគមន៍​តាំង​ពី​ឆ្នាំ​២០០៩។

​ឆ្លើយ​តប​ចំពោះ​ការ​អះអាង​របស់​សហគមន៍​អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា បញ្ជាក់​ថា គោលបំណង​របស់​អាជ្ញាធរ​ស្រុក​គឺ​សម្របសម្រួល​ពលរដ្ឋ​តាម​គោលនយោបាយ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ដោយ​ផ្នែក​លើ​ដី​ទំនាស់​មាន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់៖ «បំណង​យើង​ចង់​សម្របសម្រួល​ដោះស្រាយ​ដោយ​សន្តិវិធី។ យើង​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល»។

ចំណែក​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន បញ្ជាក់​ដែរ​ថា ការ​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​ក្រៅ​ពី​ការ​សម្របសម្រួល អាជ្ញាធរ​ក៏​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​វាស់វែង​ទីតាំង​កើត​ហេតុ​ជាក់ស្ដែង​ដើម្បី​​ដោះស្រាយ​បញ្ហា ក៏ប៉ុន្តែ​សហគមន៍​បាន​បញ្ចប់​ការ​ប្រជុំ​មុន​ពេល​មន្ត្រី​ជំនាញ​វាស់​វែង​ជាក់ស្ដែង​ទីតាំង​កើតហេតុ។

លោក​ថា មន្ត្រី​មន្ទីរ​ដែនដី គឺ​ជា​អ្នក​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ហេតុ​នេះ​អាជ្ញាធរ​ស្រុក​មិន​អាច​បំពាន​ទៅ​លើ​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​បាន​ឡើយ៖ «ជា​គោលការណ៍​យើង​ដោះស្រាយ យើង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​រួច​ខ្លួន​ពី​សំណាញ់​​ច្បាប់​ដែល​រំលោភ​បំពាន​ច្បាប់​នោះ​ទេ។ មិន​ទាន់​បាន​ទៅ​ធ្វើ​អា​ហ្នឹង​ផង ស្រាប់តែ​បែក​គ្នា​អស់​ហើយ ឲ្យ​មន្ត្រី​ភូមិបាល​យក​ប្លង់​ទៅៗ មើល​លើ​ដី​ហ្នឹង​មាន​ប៉ុន្មាន ហើយ​ចុច​ដី​ហ្នឹង​ឲ្យ​អស់​យក​ទៅ​ចូល​ផែនទី​រួម ហើយ​យក​មក​វិញ​មក​យើង​ដឹង​ថា លើស​ប៉ុន្មាន ខុស​ច្បាប់​ប៉ុន្មាន យើង​ដឹង​ហើយ»។

​របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ប័ណ្ណ​កម្មសិទ្ធិ​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ឈូស​ឆាយ​ព្រៃឈើ​នោះ​មាន​ចំនួន​បី​ប័ណ្ណ និង​មាន​ទំហំ​ដី​សរុប​ជាង ១០​ហិកតារ។ ប័ណ្ណ​កម្មសិទ្ធិ​ទាំង​បី​ប្លង់​ចេញ​នៅ​ឆ្នាំ​២០១២ មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ យន់ លី មាស វ៉ៃ និង​ឈ្មោះ ហួត។

​ទាក់ទិន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ​សហគមន៍​នេះ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម ខេត្ត​មណ្ឌលគិរី លោក ឈឹម កាន មាន​ប្រសាសន៍​ថា មន្ត្រី​លោក​មិន​ទាន់​បាន​ត្រួត​ពិនិត្យ​ករណី​នេះ​នៅ​ឡើយ ហេតុ​នេះ​លោក​មិន​ទាន់​វាយ​តម្លៃ​យ៉ាង​ណា​ទាក់ទិន​រឿង​នេះ​ទេ៖ «ខ្ញុំ​មិន​ទាន់​ដឹង​រឿង​នេះ​ច្បាស់​ដែរ ចាំ​ខ្ញុំ​ឲ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ»។

​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​ឈូស​ឆាយ​ទៅ​លើ​ព្រៃឈើ​ការពារ​សហគមន៍​ថា ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ រី​ឯ​ប័ណ្ណ​កម្មសិទ្ធិ​ក៏​មិន​អាច​ទៅ​លើ​ដី​តំបន់​ព្រៃឈើ​ចុះ​បញ្ជី​សហគមន៍​បាន​ឡើយ បើ​គ្មាន​ការ​ឯកភាព​ពី​សហគមន៍ ​និង​ស្ថាប័ន​ពាក់ព័ន្ធ។

លោក​ថា ការអង្កេត​ជាក់ស្ដែង ឈ្មួញ​ទិញ​ដី​បាន​​ឈូស​ឆាយ​ព្រៃឈើ​លើស​ចំនួន​ដី​ដែល​មាន​ក្នុង​ប័ណ្ណ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចេញ​ប័ណ្ណ និង​ទំហំ​ព្រៃឈើ​ដែល​រង​ការ​ឈូស​ឆាយ​ដើម្បី​វាយតម្លៃ​ផល​​ប៉ះពាល់​ជាក់លាក់៖ «នេះ​គឺ​ជា​សកម្មភាព​នៃ​ឧក្រិដ្ឋ​ថ្នាក់​ទី​១ ដែល​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​ទី​៩៧ ចំណុច​ទី​៦ ស្តីពី​ការ​កាប់​រាន​ព្រៃឈើ ឈូស​ឆាយ​ដីព្រៃ និង​ការ​ហ៊ុមព័ទ្ធ​ដី​ព្រៃ»។

​ទោះបីជា​យ៉ាង​ក៏ដោយ សហគមន៍​ភូមិ​ពូរ៉ាដែត អះអាង​ថា សហគមន៍​នឹង​រៀបចំ​ឯកសារ​ប្ដឹង​ឈ្មួញ​អ្នក​ឈូស​ឆាយ​ព្រៃ​ទៅ​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​រឿង​នេះ៕

No comments: