A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 July 2016

លោក កឹម សុខា ប្ដេជ្ញា​យក​អនុសាសន៍​បណ្ឌិត កែម ឡី ទៅ​អនុវត្ត​បើ​ខ្លួន​ដឹក​នាំ​ប្រទេស


ដោយ យ៉ង ចាន់តារា
2016-07-24

កឹម សុខា ២០១៦ ៨៥៥
ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទិវា​ខួប​បក្ស​លើក​ទី​៤ នា​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Leng Maly
 RFA/Leng Maly


នៅ​ខណៈ​ដែល​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​សន្ធឹកសន្ធាប់ បាន​នាំ​គ្នា​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ឆ្ពោះ​ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ឯ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បង្ហាញ​កាយវិការ​ផ្សេង​គ្នា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួក​គេ។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង ប្រកាស​យក​អនុសាសន៍​លោក​បណ្ឌិត កែម ឡី ទៅ​អនុវត្ត បើ​សិន​ខ្លួន​ដឹក​នាំ​ប្រទេស។ ផ្ទុយ​ទៅ​វិញ មេ​ដឹក​នាំ​បក្ស​កាន់​អំណាច ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ពិធី​ដង្ហែ​សព​នោះ​ឡើយ ប៉ុន្តែ​បង្ហាញ​ពី​រូបភាព​ក្រុម​គ្រួសារ​របស់​ខ្លួន​ទៅ​វិញ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​តាម​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា លោក​ចងចាំ​ជានិច្ច​នូវ​ពាក្យពេចន៍ និង​យោបល់​របស់​លោក​បណ្ឌិត កែម ឡី ដែល​ផ្តល់​ឲ្យ​លោក​កាល​ពី​ពេល​កន្លង​ទៅ ទាក់ទង​នឹង​ការ​រៀបចំ​សង្គម និង​ប្រទេស​ជាតិ ជាពិសេស​គឺ​កម្មវិធី​នយោបាយ​មូលដ្ឋាន ឬ​ហៅ​ថា​វិមជ្ឈការ​អំណាច។

លោក កឹម សុខា ដែល​កំពុង​ឃុំ​ខ្លួន​ឯង​នៅ​ទីស្នាក់ការ​បក្ស​នៅ​ខណ្ឌ​មានជ័យ បាន​បង្ហោះ​រូបភាព និង​វីដេអូ​ថ្មីៗ​ជាច្រើន​អំពី​ពិធី​ដង្ហែ​សព​របស់​លោក​បណ្ឌិត កែម ឡី ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ។



លោក​សន្យា​ថា នឹង​យក​គំនិត​យោបល់​ល្អៗ​របស់​លោក​បណ្ឌិត កែម ឡី ទៅ​រៀបចំ​សង្គម និង​ដឹក​នាំ​ប្រទេស ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ស្រប​តាម​បំណង​របស់​លោក​បណ្ឌិត កែម ឡី នៅ​ពេល​ដែល​លោក​មាន​ឱកាស​ដឹក​នាំ​ប្រទេស។

ដោយឡែក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន វិញ មិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​អ្វី​ឡើយ​ចំពោះ​ពិធី​នោះ បើ​ទុក​ណា​ជា​មាន​ប្រជាពលរដ្ឋ​កកកុញ​ដង្ហែ​សព​របស់​លោក​បណ្ឌិត កែម ឡី ក៏ដោយ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក មាន​បង្ហោះ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករ​កម្ពស់​ទឹក​ជំនន់​សម្រាប់​ថ្ងៃ​ទី​២៤ កក្កដា និង​វីដេអូ​ទាក់ទង​នឹង​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​អំពី​ចៅៗ​របស់​លោក និង​បញ្ជាក់​ថា លោក​នឹង​ទទួល​បាន​ចៅ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា ការ​មិន​បង្ហោះ​សារ​រំលែក​ទុក្ខ ឬ​រូបភាព​ទាក់ទង​នឹង​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី មិន​មែន​មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អើពើ​ចំពោះ​កម្មវិធី​នោះ​ទេ ប៉ុន្តែ​ដោយសារ​វា​ចំ​ពេល​ដែល​លោក ហ៊ុន សែន កំពុង​មមាញឹក​ចុះ​ជួប​ពលរដ្ឋ​នៅ​មូលដ្ឋាន។

លោក សុខ ឥសាន បន្ត​ថា បើ​ទោះ​ជា​មិន​មាន​វត្តមាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ចូលរួម​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ក្តី ប៉ុន្តែ​គណបក្ស​ចាត់​ក្រុម​ការងារ​ខេត្ត​តាកែវ ឲ្យ​ទៅ​ចូលរួម​ហើយ។ លោក​បន្ត​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​បញ្ញវន្ត​ឆ្នើម​មួយ​រូប ហើយ​ដែល​គណបក្ស​របស់​លោក​ធ្លាប់​ទទួល​យក​អនុសាសន៍​មួយ​ចំនួន​ទៅ​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ និង​សកម្មភាព​របស់​ខ្លួន៖ «យើង​នឹង​ខិតខំ​ដើម្បី​ជំរុញ​សមត្ថកិច្ច​ឲ្យ​ស្រាវជ្រាវ និង​វែក​មុខ​ជន​ប្រព្រឹត្តិ​បទល្មើស។ ទន្ទឹម​នឹង​នេះ យើង​ក៏​សូម​ជូន​ពរ​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​បណ្ឌិត​ឲ្យ​ទៅ​កាន់​សុគតិភព»។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​ចូលរួម​ក្នុង​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី វិញ កត់​សម្គាល់​ថា សកម្មភាព​របស់​ពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី តាំង​ពី​ពេល​តម្កល់ រហូត​ដល់​ថ្ងៃ​ដង្ហែ គឺ​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​មិន​មាន​ការ​ភ័យ​តក់ស្លុត​ចំពោះ​ទង្វើ​ឃោរឃៅ​បែប​នេះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ វា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ស្រាវជ្រាវ និង​វិភាគ​ដទៃ​ទៀត ឲ្យ​ហ៊ាន​និយាយ​ការ​ពិត​ដូច​លោក កែម ឡី ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

លោក អេង ឆៃអ៊ាង បន្ថែម​ទៀត​ថា លោក​មាន​ការ​សោកស្ដាយ និង​សោក​សង្រេង​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ហើយ​លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ការ​ពិត​ជុំវិញ​ករណី​ឃាតកម្ម​នេះ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តជាតិ៖ «យើង​សូម​ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ ជាពិសេស​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ដែល​មាន​ឯកទេស និង​ឯករាជ្យ ដើម្បី​លាត​ត្រដាង​ការ​ពិត​នេះ។ បើ​សិន​ជា​ការ​ស៊ើប​អង្កេត​មិន​មាន​តម្លាភាព មិន​ច្បាស់លាស់ ដូច្នេះ​អ្វី​ដែល​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​សន្និដ្ឋាន​នោះ អាច​ជា​ការ​ពិត»។

សព​របស់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ​ដង្ហែ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក ស្ថិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បន្ទាប់​ពី​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ អស់​រយៈពេល ២​សប្ដាហ៍។ ទាំង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ទាំង​គណៈកម្មការ​រៀបចំ​បុណ្យ​សព បាន​អះអាង​ថា ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ ២​លាន​នាក់ មក​ពី​ទីក្រុង និង​ទី​ជនបទ បាន​នាំ​គ្នា​ចូលរួម​ពិធី​ដង្ហែ​សព​របស់​លោក​ជាមួយ​នឹង​ទឹក​ចិត្ត​ខ្សឹកខ្សួល អួលអាក់ ស្ដាយ​បញ្ញវន្ត​ខ្មែរ​ដ៏​ឆ្នើម​រូប​នេះ ហើយ​ក្រៅ​ពី​នេះ ពួក​គេ​នឹង​បន្ត​តាម​ដាន​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ៕

No comments: