A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 July 2016

ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់ឆ្នាំង​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី


ដោយ ជិន ជេដ្ឋា
2016-07-24  rfa


ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥
ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ សម្ដែង​ការ​សោក​សង្រេង​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី នៅ​ពេល​ឃើញ​ក្បួន​ដង្ហែ​ឆ្លង​កាត់ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង សោក​សង្រេង​ចំពោះ​ការ​ស្លាប់​លោក កែម ឡី ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​វែក​មុខ​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​នេះ មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចប់​នូវ​វប្បធម៌​រួច​ទោស​នៅ​កម្ពុជា។ ការ​អំពាវនាវ គឺ​ស្រប​ពេល​ដែល​ពលរដ្ឋ​នៃ​ខេត្ត​ទាំង​ពីរ​ជិត ១​ពាន់​នាក់ នាំ​គ្នា​ទៅ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី។

ពលរដ្ឋ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​ពោធិ៍សាត់ ប្រមាណ ២០០​នាក់ និង​នៅ​ខេត្ត​កំពង់ឆ្នាំង ជិត ៧០០​នាក់ បាន​ចំណាយ​លុយ​កាក់​ជួល​ឡាន ឬ​ធនធាន​ផ្ទាល់​ខ្លួន ដើម្បី​ឡើង​ទៅ​រាជធានី​ភ្នំពេញ​កាល​ល្ងាច​ថ្ងៃ​ទី​២៣ និង​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ ការ​ឈ្មុសឈ្មុល​ឡើង​ទៅ​ភ្នំពេញ​នេះ គឺ​ក្នុង​គោល​បំណង​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ចេញ​ពី​ភ្នំពេញ​ទៅ​បញ្ចុះ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​លោក។

ពលរដ្ឋ​ម្នាក់​មក​ពី​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ លោកស្រី ស៊ុក ងឿម មាន​ប្រសាសន៍​ថា រូប​គាត់ និង​ពលរដ្ឋ​ក្នុង​ឃុំ​រំលេច សរុប ១៩​នាក់ បាន​ចូល​លុយ​គ្នា​ជួល​ឡាន​មួយ​គ្រឿង​ជិះ​ទៅ​ភ្នំពេញ​តាំង​ពី​ព្រឹក​ព្រលឹម ដោយ​ក្នុង​ចិត្ត​អន្ទះសា​ចង់​ឃើញ​មុខ​លោក​បណ្ឌិត កែម ឡី ជា​លើក​ចុង​ក្រោយ។ លោកស្រី​ថា ការ​បាញ់​សម្លាប់​អ្នក​ចេះ​ដឹង​ម្នាក់​នេះ មិន​អាច​បិទ​មាត់​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​មិន​ឲ្យ​និយាយ​រឿង​ពិត និង​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​នោះ​ទេ៖ «ខ្ញុំ​អត់​ខ្លាច​ទេ! ដល់​គាត់​ស្លាប់​អ៊ីចឹង​ទៅ រឹត​តែ​ឈឺ​ចាប់​ចង់​ក្រោក​ឈរ​ឡើង​កុំ​ឲ្យ​គេ​ធ្វើ​យ៉ាង​ម៉េច​ស្រេច​តែ​អំពើ​ចិត្ដ។ ចង់​បាន​ឲ្យ​ប្រជាពលរដ្ឋ​យើង​សុខ​សន្តិភាព កុំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​អ្នក​ចេះ​ដឹង​អ៊ីចឹង ព្រោះ​អី​កម្រ​ណាស់​ខ្ញុំ​តាំង​ស្ដាប់​ប៉ុស្តិ៍​វិទ្យុ ដូច​មិន​ដែល​មាន​មនុស្ស​ណា​ហ៊ាន​និយាយ​ដូច​គាត់​ទេ។ ខ្ញុំ​ដូច​ថា​ចាប់​អារម្មណ៍​ចំពោះ​គាត់​យ៉ាង​ខ្លាំង រក​អី​ប្រៀប​មិន​បាន​ទេ»។



ចំណែក​ស្ត្រី​វ័យ ៤០​ម្នាក់​មក​ពី​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង លោកស្រី អ៊ូ សារីម ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ក្នុង​សង្កាត់​របស់​លោកស្រី ចង់​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ប៉ុន្តែ​ពួក​គេ​មិន​សូវ​មាន​លុយ​កាក់​សម្រាប់​ធ្វើ​ដំណើរ និង​ចំណាយ​លើ​ការ​ហូប​ចុក ទើប​បាន​ត្រឹម​នាំ​គ្នា​រួម​ចំណែក​ជា​លុយ​កាក់​តិចតួច​តាម​រយៈ​លោកស្រី ដើម្បី​ទៅ​ចូល​ពិធី​នេះ។ លោកស្រី​អួល​ដើម​ក និង​កាន់​តែ​រន្ធត់​ចិត្ត​ខ្លាំង​ទៀត នៅ​ពេល​ឃើញ​មនុស្ស​រាប់​សែន​នាក់​ចូលរួម​ដង្ហែ​សាកសព​លោក កែម ឡី និង​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក កែម ឡី ដែល​ជា​អ្នក​ចេះ​ដឹង និង​ជួយ​ប្រទេស​ជាតិ បែរ​ជា​ត្រូវ​គេ​សម្លាប់​ទៅ​វិញ៖ «គាត់​បាន​សហការ និង​រៃ​លុយ​ឲ្យ​ខ្ញុំ​មក​ជា​តំណាង​អ៊ីចឹង​ទៅ​ណា! ពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​គាត់​សោកស្ដាយ​លោក​បណ្ឌិត កែម ឡី ក៏ដូចជា​រូប​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​កម្ពុជា មាន​បំណង​ចង់​លុប​បំបាត់​អំពើ​ហិង្សា អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​មូល។ ប្រទេស​យើង​សព្វថ្ងៃ គឺ​យើង​ខ្ញុំ​ទាំងអស់​គ្នា​អត់​ចង់​ឃើញ អត់​ចង់​ស្គាល់ អត់​ចង់​ទទួល​យក​អី​ដូចជា​បណ្ឌិត កែម ឡី ទៀត​ទេ។ ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​ពី​របប​ផ្ដាច់ការ​នេះ​ឲ្យ​ទៅ​ជា​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ដូចជា​ប្រទេស​ក្នុង​សកលលោក​ដែរ»។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចន្ដ្រា ឲ្យ​ដឹង​ថា តាម​បញ្ជី​វត្តមាន​ដែល​ក្រុម​ការងារ​លោក​ទទួល​បាន គឺ​មាន​ពលរដ្ឋ និង​សកម្មជន​មក​ពី​ក្រុង-ស្រុក​ទាំង​៨ នៃ​ខេត្ត​កំពង់ឆ្នាំង ចំនួន ៦៧៨​នាក់ ក្នុង​នោះ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គីមានជ័យ បាន​ចូលរួម​ច្រើន​ជាង​គេ។ ដោយឡែក​នៅ​ស្រុក​កំពង់លែង មាន​អ្នក​ចូលរួម​តិចតួច ដោយសារ​តែ​ស្រុក​នេះ​ឋិត​នៅ​ឆ្ងាយ​ឆ្លង​ទឹក​ទន្លេ ហើយ​កាណូត​ដ​ចេញ​ចោល៖ «ការ​ចូលរួម​នេះ​អត់​មាន​គណបក្ស​រៀបចំ​ទេ គឺ​ដោយ​ស្ម័គ្រ​ចិត្ត ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ដើម្បី​ចូលរួម ដោយ​គាត់​យល់​ឃើញ​ថា បណ្ឌិត កែម ឡី គឺ​វីរបុរស​មួយ​ដែល​ហ៊ាន​បញ្ចេញ​វាចា​ការ​ពិត​ក្នុង​សង្គម​ជាតិ ដើម្បី​ឲ្យ​ពលរដ្ឋ​យើង​គ្រប់​គ្នា ថា​តើ​សង្គម​ជាតិ​យើង​ដល់​ដំណាក់​កាល​ណា​ហើយ? ក្នុង​នាម​ខ្ញុំ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត គ្រាន់​តែ​សុំ​វត្តមាន​ទេ ចង់​ដឹង​ថា​តើ​ខេត្ត​កំពង់ឆ្នាំង មាន​អ្នក​ចូលរួម​ប៉ុន្មាន​នាក់»។

ចំពោះ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដែល​គេ​តម្កល់​រូបថត​នៅ​តាម​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​បិទ​បញ្ចប់។ រយៈពេល​ជាង ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ខេត្ត​ពោធិ៍សាត់ មាន​មនុស្ស​ចូល​គោរព​ប្រមាណ ៧០០​នាក់។ ចំណែក​នៅ​ខេត្ត​កំពង់ឆ្នាំង វិញ មាន​អ្នក​ចូល​អុជ​ធូប​គោរព​បូជា​វិញ្ញាណក្ខន្ធ​លោក កែម ឡី ជាង ២០០​នាក់៕

No comments: