A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 July 2016

ទស្សនៈ​អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ


ដោយ អ៊ុំ រង្សី
2016-07-24

ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥
អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។

Photo: RFA



អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​ចាប់​ផ្ដើម​ពី​វត្ត​ចាស់ រហូត​ដល់​ស្រុក​កំណើត​លោក កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា នៅ​តែ​បង្ហាញ​ការ​សោកស្ដាយ​អំពី​វីរភាព​របស់​លោក។ ទន្ទឹម​គ្នា​នេះ ពួក​គេ​បាន​ថ្កោលទោស​ដល់​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ព្រម​ទាំង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​នេះ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​រូប​លោក។

អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​មាន​ដូចជា កម្មករ កសិករ អាជីវករ និង​មន្ត្រី​រាជការ យល់​ថា ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​បាត់បង់​ធនធាន​ដ៏​កម្រ​របស់​ប្រទេស​កម្ពុជា។

ជា​អាជីវករ​នៅ​ផ្សារ​ទួល​សង្កែ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី លោកស្រី ខេង ចាន់ ឲ្យ​ដឹង​ថា អាជីវករ​ជាច្រើន​នៅ​ក្នុង​ផ្សារ​ទួល​សង្កែ បាន​នាំ​គ្នា​បិទ​តូប និង​នាំ​គ្នា​មក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី តាំង​ពី​ម៉ោង ៤​ព្រឹក។ លោកស្រី​ថា លោក កែម ឡី គឺ​ជា​មនុស្ស​ស្លូត​ត្រង់ មាន​ការ​វិភាគ​ត្រឹមត្រូវ ពិសេស​គាត់​ក្លាហាន​ហ៊ាន​រិះគន់​ភាព​អវិជ្ជមាន​ក្នុង​សង្គម ដើម្បី​បំភ្លឺ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​យល់​ច្បាស់​ពី​បញ្ហា​សង្គម៖ «គាត់​ហ៊ាន​ប្រឈម​មុខ ហ៊ាន​បញ្ចេញ​យោបល់​ពិត អ៊ីចឹង​គាត់​តែង​ហ៊ាន​ការ​ពិត​ម្នាក់​គត់ ដែល​ជួយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ហ៊ាន​តស៊ូ​ទៅ​មុខ និង​ក្រោក​ឡើង»។



ទន្ទឹម​គ្នា​នេះ ជា​កម្មករ​រោងចក្រ និង​ជា​អ្នក​រត់​ម៉ូតូ​កង់​បី លោក ខុន ស៊ីវន ស្មាន​មិន​ដល់​ថា​មាន​អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដ៏​ច្រើន​លើសលប់​បែប​នេះ​នោះ​ទេ។ លោក​ថា នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក កែម ឡី ជា​ខ្លាំង​អំពី​វីរភាព​របស់​លោក ព្រម​ទាំង​ស្ដាយ​អ្នក​មាន​សមត្ថភាព និង​មាន​ចិត្ត​ល្អ​ដូច​លោក​បណ្ឌិត កែម ឡី៖ «មិន​នឹក​ស្មាន​ដល់​ថា មាន​អ្នក​ចូលរួម​ហែ​សព​គាត់​ច្រើន​យ៉ាង​ហ្នឹង។ ចឹង​ថ្នាក់​ដឹក​នាំ​ប្រទេស​គួរ​តែ​យក​គំរូ​តាម​លោក កុំ​គិត​តែ​ពី​អំណាច​ពេក»។

ទន្ទឹម​នេះ កម្មការិនី​រោងចក្រ ខ្វាន​ទុង ក្នុង​សង្កាត់​ស្ទឹងមានជ័យ លោកស្រី គូន ស្រីមុំ ឲ្យ​ដឹង​ដែរ​ថា លោកស្រី និង​កម្មករ​ក្នុង​រោងចក្រ​លោកស្រី​ប្រមាណ​ជាង ២០០​នាក់​ទៀត ដែល​មក​ចូលរួម​ដង្ហែ​សព​លោក កែម ឡី គឺ​ចង់​បង្ហាញ​ការ​ដឹង​គុណ​ដល់​រូប​លោក ដែល​បាន​បញ្ចេញ​មតិ​ដើម្បី​ចង់​ឲ្យ​សង្គម​រីក​ចម្រើន និង​ការ​រួម​ចំណែក​ជួយ​ជំរុញ​ឲ្យ​ប្រាក់​ខែ​កម្មករ​កម្ពុជា ប្រសើរ​ឡើង​ដែរ។

មិន​ខុស​គ្នា​ពី​កម្មករ និង​កសិករ​ប៉ុន្មាន​ដែរ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ដែរ​នោះ លោក​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក កែម ឡី ព្រោះ​លោក កែម ឡី គឺ​ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញ​មតិ និង​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សង្គម។ សាស្ត្រាចារ្យ​រូប​នេះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​អន្តរជាតិ ចូលរួម​ស៊ើប​អង្កេត ព្រោះ​លោក​យល់​ថា តុលាការ​ស្រុក​ខ្មែរ​ធ្វើ​ការ​យឺតយ៉ាវ ដូចជា​ករណី​បាញ់​សម្លាប់​បញ្ញវន្ត​មួយ​ចំនួន​កន្លង​មក៖ «សូម​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​អន្តរជាតិ​ផង មក​ស៊ើប​អង្កេត​រឿង​គាត់ ព្រោះ​ក្នុង​ករណី​នេះ បាត់បង់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​ខាតបង់​ដ៏​ធំ ព្រោះ​ថា​ប្រទេស​ខ្មែរ​កំពុង​តែ​ក្រ​ផង មក​ត្រូវ​បាត់​អ្នក​ចេះ​ដឹង​ដូចជា​រូប​លោក​ទៅ​វិញ»។

ចំណែក​ឯ​អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី មួយ​រូប​ទៀត លោក ឃី សុខ បាន​អំពាវនាវ​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម និង​សុំ​ឲ្យ​អាជ្ញាធរ ឬ​តុលាការ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​ក្នុង​ម៉ាត​កាល់តិច ត្រូវ​តែ​បញ្ចេញ​ជា​សាធារណៈ ដើម្បី​ឲ្យ​សាធារណជន​បាន​ឃើញ​ពី​សកម្មភាព​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី និង​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​តម្លាភាព​ក្នុង​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច៖ «ដើម្បី​បញ្ជាក់​ថា មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង សមត្ថកិច្ច​គួរ​តែ​ហ៊ាន​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព ព្រោះ​ខ្ញុំ​គ្មាន​រំពឹង​លើ​តុលាការ​ស្រុក​ខ្មែរ​នោះ ខណៈ​នេះ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង គឺ​យើង​ចឹង​ដឹង​ថា ឃាតក​ដែល​ចាប់​បាន​ពិត ឬ​មិន​ពិត វា​ចេញ​ណា វា​យ៉ាង​ម៉េច ចឹង​គួរ​បង្ហាញ​ពី​សាធារណៈ​មក»។

លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្រុង​ភ្នំពេញ។ បន្ទាប់​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​រិះគន់​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​នោះ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​នាំ​គ្នា​ចូលរួម​មរណទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជា​បន្តបន្ទាប់។ អ្នក​ចូលរួម​ទាំង​នោះ មាន​តាំង​ពី​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​អ្នក​នយោបាយ និង​អង្គ​ទូត​បរទេស។

ប៉ុន្តែ​យ៉ាង​ណា អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​ចាប់​ផ្ដើម​ពី​វត្ត​ចាស់ រហូត​ដល់​ស្រុក​កំណើត​លោក កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ទាំង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត នៅ​តែ​ទទូច​ឲ្យ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ តម្លាភាព​លើ​ឃាតកម្ម​លោក កែម ឡី ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​រូប​លោក៕

No comments: