A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 June 2016

តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​បណ្ដឹង​សារទុក្ខ​លោក ហុង សុខហួរ នៅ​ថ្ងៃ​ទី​២២​មិថុនា


ដោយ ម៉ម មុនីរតន៍
2016-06-08

ហុង សុខហួរ តុលាការ ៨៥៥ ២០១៦
សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ពេល​នាំ​ខ្លួន​ចេញ​ពី​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Rann Samnang


ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​ក្នុង​សំណុំ​រឿង​លោក ហុង សុខហួរ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ខាង​មុខ។ សាល​ដីកា​ដែល​នឹង​ចេញ​ក្នុង​រយៈពេល ១៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ គឺ​ពាក់ព័ន្ធ​បណ្ដឹង​តវ៉ា​ការ​ឃុំ​ខ្លួន​លោក ហុង សុខហួរ ខុស​នីតិវិធី និង​បណ្ដឹង​ប្រឆាំង​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា លោក ហុង សុខហួរ គឺ​មិន​ងាយ​នឹង​មាន​ឱកាស​បាន​នៅ​ក្រៅ​ឃុំ​ណាស់ ប្រសិន​បើ​សំណុំ​រឿង​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ផ្នែក​នយោបាយ​ទេ​នោះ។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែល​ជាប់​ពិរុទ្ធ​ក្នុង​រឿង​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ថ្លែង​ក្រោយ​បញ្ចប់​ការ​ជំនុំ​ជម្រះ ដោយ​រំពឹង​ថា ប្រសិន​បើ​តុលាការ​ធ្វើ​ការ​ផ្អែក​លើ​អង្គ​ហេតុ និង​ធាតុ​ផ្សំ​នៃ​បទល្មើស ដោយ​មិន​យក​បញ្ហា​នយោបាយ​មក​ឡូកឡំ​ទេ​នោះ លោក​អាច​នឹង​មាន​វាសនា​រួច​ផុត​ពី​ការ​ចោទ​បាន។



ការ​អះអាង​ដូចនេះ​របស់​លោក ហុង សុខហួរ ក្នុង​ពេល​លោក​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ ក្រោយ​បិទ​បញ្ចប់​សវនាការ។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ​មាន​សុឆន្ទៈ​ថា ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល នឹង​សម្រេច​លើ​បណ្ដឹង​សារទុក្ខ​របស់​លោក​ដោយ​យុត្តិធម៌​ក្នុង​រយៈពេល​ប្រមាណ ២​សប្តាហ៍​ខាង​មុខ​ទៀត​នេះ។ លោក​បន្ត​ថា «យើង​សង្ឃឹម​ថា​តុលាការ​នឹង​ពិនិត្យ​ឡើង​វិញ​ដោយ​សុភវិនិច្ឆ័យ អំពី​ខ្លឹមសារ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ»។

នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា តុលាការ​កំពូល បាន​លើក​យក​សំណុំ​រឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​របស់​លោក ហុង សុខហួរ មក​ជំនុំ​ជម្រះ។ សំណុំ​រឿង​ទី​១ គឺ​មេធាវី​ការពារ​ក្ដី​របស់​លោក ហុង សុខហួរ បាន​ប្ដឹង​ទាស់​ដោយ​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​របស់​សមត្ថកិច្ច​ប្រឆាំង​លោក ហុង សុខហួរ គឺ​ធ្វើ​ឡើង​ខុស​នីតិវិធី។ រីឯ​សំណុំ​រឿង​ទី​២ ដែល​តុលាការ​លើក​យក​មក​ជំនុំ​ជម្រះ​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ​នោះ គឺ​ទាក់ទិន​បណ្ដឹង​សារទុក្ខ​របស់​លោក ហុង សុខហួរ ប្រឆាំង​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ។

ក្រោយ​បញ្ចប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល លោក សឹង បញ្ញាវុឌ្ឍ ប្រកាស​ថា បណ្ដឹង​សារទុក្ខ​ទាំង​ពីរ​នេះ នឹង​ត្រូវ​ប្រកាស​រួម​គ្នា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ខាង​មុខ​នេះ។

ជុំវិញ​ករណី​នេះ មេធាវី​ការពារ​ក្ដី​លោក ហុង សុខហួរ គឺ​លោក ជូង ជូងី ហាក់​មាន​ភាព​អល់អែក​អំពី​សាល​ដីកា​ដែល​នឹង​ត្រូវ​ចេញ​លទ្ធផល​ក្នុង​រយៈពេល ១៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ លោក​យល់​ឃើញ​ថា ប្រសិន​បើ​សំណុំ​រឿង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ពាក់ព័ន្ធ​ទឡ្ហីករណ៍​អ្វី​ផ្សេង​ទេ នោះ​ក្នុង​រឿង​ក្ដី​នេះ​អាច​សង្ឃឹម​ច្រើន ដូច​ក្នុង​បណ្ដឹង​ដែល​បាន​ជំទាស់​ហើយ​នេះ។ លោក​បន្ត​ថា «ខ្ញុំ​គួរ​តែ​តវ៉ា​យ៉ាង​នេះ ដើម្បី​ចូលរួម​ក្នុង​ការ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​កុំ​ឲ្យ​បំពាន​នីតិវិធី។ ប៉ុន្តែ​ចំពោះ​លទ្ធផល​ក្នុង​ករណី​នេះ ជាក់ស្ដែង​ខ្ញុំ​មិន​អាច​ព្យាករ​យ៉ាង​ណា​បាន​ទេ រង់ចាំ​តាម​ដាន​នៅ​ថ្ងៃ​ទី​២២ ទាំងអស់​គ្នា»។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា វា​ពិត​ជា​ពិបាក​ណាស់​ដែល​ហ៊ាន​សន្និដ្ឋាន​មុន​ថា លោក ហុង សុខហួរ អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នោះ។ លោក​បន្ត​ថា ឧបសគ្គ​នៅ​ត្រង់​ថា សំណុំ​រឿង​នេះ គឺ​ជា​ទំនាស់​ផ្នែក​នយោបាយ។ ហេតុ​នេះ ប្រសិន​មិន​បាន​បញ្ចប់​តាម​ផ្លូវ​នយោបាយ​ទេ វាសនា​បាន​នៅ​ក្រៅ​ឃុំ​នៅ​ឆ្ងាយ​ណាស់។ លោក​បន្ត​ថា «រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​សិន​ជា​ឥត​មាន​ការ​ចរចា​ផ្នែក​នយោបាយ​កើត​ឡើង​ទេ ទោះ​ជា​ការ​សង្កេត​របស់​យើង​កន្លង រឿង​ទាំង​នេះ​គឺ​មិន​ងាយ​អាច​រួច​ខ្លួន​ទេ»។

គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​មាន​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​របស់​ខ្លួន​ចំនួន ១៧​នាក់​ហើយ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ដោយឡែក​តំណាង​រាស្ត្រ​ចំនួន ៧​រូប​ផ្សេង​ទៀត កំពុង​ជាប់​បណ្ដឹង ហើយ​នៅ​ក្រៅ​ឃុំ៕

No comments: