A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 June 2016

ពលរដ្ឋ​ឃុំ​ស្រឡប់​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​ខ្លាច​បាត់បង់​ដី​កប់​សព​ដូនតា


ដោយ សូត សុខប្រាថ្នា
2016-06-08


ដី​កប់​សព​ឃុំ​ស្រឡប់ ត្បូងឃ្មុំ ២០១៦ ៨៥៥
ដី​តំបន់​កប់​សព​របស់​អ្នក​ភូមិ​ដែល​មាន​វិវាទ ឋិត​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo ADHOC
 Photo ADHOC


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ខ្លាច​បាត់បង់​តំបន់​កប់​សព​សាច់ញាតិ​របស់​ពួក​គេ។ ក្តី​បារម្ភ​នេះ ដោយសារ​ដី​តំបន់​នោះ​មាន​អ្នក​ឈូស​ឆាយ​កាល​ពី​ពេល​កន្លង​មក ហើយ​ឈ្មួញ​ដី​តែង​ប៉ុនប៉ង​ចង់​បាន​ទី​ទួល​កប់​សព​ដូនតា​អ្នក​ភូមិ​បន្ថែម​ទៀត។ ចំណែក​អាជ្ញាធរ​ឃុំ​អះអាង​ថា ប្រសិន​បើ​ពលរដ្ឋ​មិន​បាន​ព្រមព្រៀង​លក់​ឲ្យ​គេ​ទេ គឺ​គ្មាន​នរណា​ម្នាក់​អាច​រំលោភ​យក​បាន​ឡើយ។

ប្រជាពលរដ្ឋ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រឡប់ ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ព្រម​ទាំង​អាជ្ញាធរ​ខេត្ត ជួយ​ទប់ស្កាត់​ការ​ប៉ុនប៉ង​ណា​មួយ ដើម្បី​ចង់​បាន​ដី​តំបន់​កប់​សព​របស់​អ្នក​ភូមិ។ ពលរដ្ឋ​បញ្ជាក់​ថា នឹង​តវ៉ា​ចំពោះ​សកម្មភាព​ឈូស​ឆាយ ឬ​រំលោភ​យក​កន្លែង​ទី​សក្ការៈ​បូជា​របស់​ពួក​គាត់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​បំពាន​បាន​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​អង្គរជ័យ ឃុំ​ស្រឡប់ មួយ​រូប​មាន​វ័យ ៧០​ឆ្នាំ អ្នកស្រី ហង់ ឡេន មាន​ប្រសាសន៍​ថា ដី​តំបន់​ត្រពាំង​កែវ​តា​ខ្វាក់ គឺ​ជា​កន្លែង​កប់​សព​របស់​អ្នក​ស្រុក​កាល​ពី​ដើម​មក ហើយ​មាន​ផ្នូរ​ដូនតា​អ្នកស្រី​កប់​នៅ​ទីនោះ​ទៀត​ផង។ អ្នកស្រី​បន្ត​ថា កាល​ពី​ខែ​មីនា មាន​ករណី​ឈូស​ឆាយ​កន្លែង​កប់​សព​របស់​អ្នក​ភូមិ​ម្តង ក្រោយ​មក​ចេះ​តែ​មាន​សកម្មភាព​ឈ្មួញ​ដី​មក​ប៉ុនប៉ង​ចង់​បាន​ដី​កន្លែង​កប់​សព​ដូនតា​ពួក​គាត់​បន្ត​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​ខ្លាច​បាត់បង់​ដី​តំបន់​នោះ៖ «ដល់​ពេល​គេ​ចែក​ឲ្យ​វា ស្មាន​តែ​គេ​ចែក​ផ្នូរ​ហ្នឹង​វា​យក​អី? ដល់​អ៊ីចឹង​ដល់​ពេល​ដី​បាន​ថ្លៃ ចង់​បាន​ផ្នូរ​យក​ទៅ​លក់»។


វិវាទ​ដី​ផ្នូរ​កប់​សព​នេះ កើត​ឡើង​ក្រោយ​ពេល​ដី​នៅ​ក្បែរ​បរិវេណ​ទួល​កប់​សព​ចាប់​ផ្តើម​ឡើង​ថ្លៃ បន្ទាប់​ពី​អាជ្ញាធរ​ឈូស​ឆាយ​ផ្លូវ​ពី​សាលា​ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​សាងសង់​កាត់​តាម​តំបន់​នោះ។


សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រឡប់ មួយ​រូប លោក ភា ធាំង ឲ្យ​ដឹង​ថា វិវាទ​ដី​កប់​សព គឺ​កើត​ឡើង​ក្រោយ​ពេល​ដី​តំបន់​នោះ​ឡើង​ថ្លៃ ហើយ​ឈ្មួញ​ដី​ធ្លាប់​ឈូស​ឆាយ​ប៉ះពាល់​សព​មួយ​ចំនួន ពិសេស​សព​ដែល​មិន​មាន​សាច់ញាតិ។ ដោយឡែក សាច់ញាតិ​សព​ខ្លះ​ព្រម​ទទួល​យក​ថវិកា ជា​ថ្នូរ​នឹង​ការ​ឈូស​ឆាយ។ ចំណែក​សាច់ញាតិ​សព​ប្រមាណ ២០​នាក់​ទៀត គឺ​មិន​ព្រម​លក់​កន្លែង​កប់​សព​នោះ​ទេ៖ «បើ​សិន​យើង​មិន​ប្ដឹង គេ​លក់​ទួល​ហ្នឹង​ដើម្បី​បិទ​ផ្លូវ​យើង សព​ដែល​មិន​ព្រម​ចេញ​ហ្នឹង គេ​បិទ​ផ្លូវ​យើង​ម៉ង​ដំណើរ​ហ្នឹង»។

ប្រភព​ដដែល​បន្ត​ថា លោក និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត ដើម្បី​ជួយ​អន្តរាគមន៍ ដោយ​ស្នើសុំ​រក្សា​ទុក​កន្លែង​កប់​សព​ជា​សម្បត្តិ​សាធារណៈ​ដូច​ដើម​វិញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្រឡប់ លោក ស៊ាប សុជាតិ បញ្ជាក់​ថា ការ​ឈូស​ឆាយ​កាល​ពី​ពេល​មុន គឺ​ដោយសារ​សាច់ញាតិ​សព យល់ព្រម​ទទួល​សំណង​ពី​គេ ទើប​ឈ្មួញ​ដី​នៅ​ទីនោះ​គេ​ហ៊ាន​ឈូស​ឆាយ។ ចំណែក​ផ្នូរ​សព​ដែល​នៅ​សេសសល់ គឺ​គ្មាន​ជន​ណា​អាច​រំលោភ​យក​បាន​ឡើយ ប្រសិន​បើ​គ្មាន​ការ​យល់ព្រម​ពី​សាច់ញាតិ​សព​ទាំង​នោះ៖ «គ្មាន​នរណា​ទៅ​រំលោភ! បាទ! ព្រោះ​ថា​គ្រួសារ​មួយ​ក្រុម​គាត់​មាន ៨ ឬ ៩​គ្រួសារ។ គាត់​ថា​អត់​ព្រម​លក់​ទេ មិន​ព្រម​លក់​ឲ្យ​គាត់ ព័ទ្ធ​របង​ឃុំ​ទុក​ទៅ»។

ទោះ​បី​ជា​បែប​នេះ​ក្តី មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​មើល​ឃើញ​ថា មាន​សាច់ញាតិ​សព​ខ្លះ​ព្រម​ទទួល​យក​សំណង​មែន ប៉ុន្តែ​ពួក​គេ​ទទួល​យក​ដោយ​ការ​បង្ខំ​ចិត្ត​ប៉ុណ្ណោះ។ លោក​ថា ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ពលរដ្ឋ​មួយ​ចំនួន និង​អាជ្ញាធរ​មូលដ្ឋាន​ផង ក្នុង​ការ​ឃុបឃិត​លក់​ដី​តំបន់​កប់​សព​នោះ។ លោក​បញ្ជាក់​ថា ការ​រំលោភ​កន្លែង​ទី​សក្ការបូជា​បែប​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ពលរដ្ឋ​មិន​អាច​លក់​ដូរ​ដី​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​បែប​នេះ​ទេ៖ «នឹង​មាន​ការ​បោះ​បង្គោល​យក​ដី​ហ្នឹង ដើម្បី​ភ្ជាប់​ក្បាល​ដី​ដែល​នៅ​ខាង​ក្រោយ​ហ្នឹង​មក​ដល់​ផ្លូវ។ អ៊ីចឹង​ងាយ​បាត់បង់ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ»។

លោក​បារម្ភ​ថា ប្រសិន​បើ​គ្មាន​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ជុំវិញ​ករណី​នេះ​ទេ តំបន់​កប់​សព​របស់​អ្នក​ស្រុក នឹង​ត្រូវ​បាន​ឈ្មួញ​រំលោភ​យក​ក្រោម​រូបភាព​ផ្សេងៗ​ជាក់​ជា​មិន​ខាន៕

No comments: